ជាតិ
ពីនេះ ពីនោះ
បើ​អ្នក​ពិសា​ត្រី​មាន​ពង ឬ​ពងត្រី ស្មើនឹង​អ្នក​កំពុង​ចូលរួម​បំផ្លាញ​ធនធាន​មច្ឆជាតិ​ដោយ​មិនដឹង​ខ្លួន​
22, Jun 2020 , 9:19 pm        
រូបភាព
​ពងត្រី​ទម្ងន់​ប្រហែល ៥​គីឡូក្រាម ត្រូវ​បានដាក់​លក់ដាច់​ដោយឡែក នៅ​ផ្សារ​មួយនា​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ រូបភាព​៖ ឈុត ឈា​ណា​
​ពងត្រី​ទម្ងន់​ប្រហែល ៥​គីឡូក្រាម ត្រូវ​បានដាក់​លក់ដាច់​ដោយឡែក នៅ​ផ្សារ​មួយនា​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ រូបភាព​៖ ឈុត ឈា​ណា​
ដោយ:
 ​នា​ដើមរដូវ​វស្សា ចាប់ពី​ខែឧសភា រហូតដល់​ខែមិថុនា ត្រី​មេ​ពូជ​ជាច្រើន​ប្រភេទ ចាប់ផ្តើម​ពង​-​កូន​។ ជាពិសេស ត្រី​មេ​ពូជ​នៅ​ទន្លេមេគង្គ​លើ នា​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង ដែល​សម្បូរ​ទៅដោយ​អន្លង់​ទឹក​ជ្រៅៗ​។



​ស្របពេល​ជាមួយគ្នា​នោះដែរ នៅលើ​ទីផ្សារ​ក្នុង​តំបន់​ទាំងនោះ គេ​សង្កេតឃើញ​មាន​ត្រី​មេ​ពូជ ដែលមាន​ពង​ពេញៗ ពោះ រាប់រយ​គីឡូក្រាម ត្រូវបាន​អ្នកនេសាទ​ចាប់​យកមក​លក់​ដោយ​ខ្លួនឯង​ផ្ទាល់ ឬក៏​លើក​ឲ្យ​អ្នកផ្សេង​យកទៅលក់​បន្ត​។ 
 

​ត្រី​ព្រួល ដែលមាន​ពង​ពេញ​ពោះ (​ខាងលើ​ទម្ងន់ ២​គីឡូក្រាម ខាងក្រោម​ទម្ងន់ ៣​គីឡូក្រាម​) ត្រូវបាន​ដាក់លក់​នៅ​ផ្សារ​មួយ នា​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ រូបភាព​៖ ឈុត ឈា​ណា​
 
​ជា​ទួទៅ អ្នកលក់​ត្រី​មាន​មោទកភាព​ណាស់ បើ​ត្រី​របស់ខ្លួន​មាន​ពង​ពេញ​ពោះ​នោះ​។ ពួកគាត់​ស្រែ​កអួត​ក្តែ​ងៗ ប្រាប់​ទៅ​អតិថិជន​ថា​៖ «​ត្រី​ខ្ញុំ​ពង​ពេញ​ពោះៗ​!»​។ ចំណែក​អ្នកទិញ ពេល​បានឮ​អ្នកលក់​ប្រាប់ថា​ត្រី​ពង​ពេញ​ពោះ មិន​បង្អង់​យូរ ឬ​តថ្លៃ​អ្វី​ច្រើន​ឡើយ ក៏​សម្រេចចិត្ត​ទិញយក​ភ្លាមៗ ព្រោះ​ខ្លាច​អ្នកផ្សេង​គេ​ទិញ​យកទៅ​បាត់​ខាន​ឆី​។ 
 
​ទំនោរ​ឆ្ងាញ់​ពិសា​ពងត្រី​ពី​សំណាក់​អ្នក​បរិភោគ ហាក់​កំពុង​លើកទឹកចិត្ត​ឲ្យ​អ្នកនេសាទ​ទាំងឡាយ​ព្យាយាម​ធ្វើយ៉ាងណា ចាប់​ត្រី​ដែលមាន​ពង​ទាំងនោះ​យកមក​លក់​ឲ្យ​ខាងតែបាន ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​បន្តទៀត​។ អ្នកនេសាទ​ខ្លះ បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​ផ្សេងៗ ដែល​ត្រូវបាន​ហាមឃាត់​ដោយ​ច្បាប់​ជលផល ជាពិសេស​រំសេវ​ផ្ទុះ ឧបករណ៍​ឆក់​ដែលមាន​កម្លាំង​ចរន្តអគ្គិសនី​រហូតដល់​រាប់ពាន់​វ៉ុល ដែល​គេ​និយម​ហៅថា​៖ «​ឆក់​ក្តៅ និង​ឆក់​ត្រជាក់​» ជាដើម ដែលជា​ឧបករណ៍​ដ៏​គ្រោះថ្នាក់​មួយ​ប្រភេទ សម្រាប់​មច្ឆជាតិ​។ សូម​សាកល្បង​គិត​ទៅ​មើល ថា​ចរន្តអគ្គិសនី​ដែល​យើង​ប្រើ​តាម​ផ្ទះ​សព្វថ្ងៃនេះ​ត្រឹមតែ ២២០ - ២៣០​វ៉ុល ប៉ុណ្ណោះ វា​អាច​ឆក់យក​ជីវិត​បាន​យ៉ាង​ងាយ​។ ចុះ​ទម្រាំរ​ហួត​ដល់​រាប់ពាន់​វ៉ុល តើ​ទំហំ​នៃ​ការ​ឆក់យក​ជីវិត​ត្រី មាន​វិ​សា​ភាព​ប៉ុណ្ណា ទាំង​តូច ទាំង​ធំ ទាំង​កូន ទាំង​ចៅ ចៅទួត ចៅលួត​ត្រី បូក​រួមទាំង​ជីវៈចម្រុះ​ផ្សេងៗ ផង​នោះ​? 
 


 ​ត្រី​ប្រា​មួយ​ក្បាល​ដែលមាន​ពង​ពេញ​ពោះ ត្រូវបាន​គេ​ដាក់លក់​នៅ​ផ្សារ​មួយ នា​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ ក្នុង​រូបភាព​នេះ បាន​បង្ហាញថា ត្រី​ប្រា​នេះ​រាក​ពង​ចេញមកក្រៅ ពេល​គេ​យក​ម្រាមដៃ​ចុច​សង្កត់​ពោះ​វា​។ រូបភាព​៖ ឈុត ឈា​ណា​
 
​ដោយសារ​កត្តា​ទាំងនេះ បូករួម​ទាំង​កត្តា​ផ្សេងៗ​ទៀតផង​ដែរ ដូចជា ការនេសាទ​ហួស​កម្រិត ការបាត់បង់​ព្រៃ​លិច​ទឹក​ដែលជា​ទីជម្រក និង​ការរាំងស្ទះ​ផ្លូវ​ធ្វើចរាចរ​ពី​សំណាក់​ទំនប់​វារិ​អគ្គិសនី​ផងដែរ​នោះ បានធ្វើ​ឲ្យ​កំណើត​ត្រី​ក្នុង​ធម្មជាតិ ជា​ពិ​សេ​សេ​ក្នុង​ទន្លេមេគង្គ និង​បឹង​ទន្លេសាប​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ ត្រី​ចំនួន​ដូចជា ត្រី​គល់រាំង (Catlocarpio siamensis ); ត្រី​រាជ (Pangasianodon gigas ); ត្រី​ពោ​ព្រុយ (Pangasius sanitwongsei); ត្រី​ត្រសក់ (Probarbus jullieni); ត្រី​ស្ទក់ (Wallago micropogon); ត្រី​បបែល​យក្ស (Urogymnus polylepis) ត្រី​ប៉ា​សា​ណាក (Aaptosyax grypus) ជាដើម​។​ល​។ នាពេល​បច្ចុប្បន្ននេះ ស្ទើរ​ផុត​ពូជ​អស់​ទៅហើយ​។​
 
​ដូច្នេះ បើ​អ្នក​ចង់​ចូលរួម​ថែរក្សា​ធនធាន​មច្ឆជាតិ សូមកុំ​ពិសា​ត្រី​មាន​ពង ឬ​ពងត្រី​។ បើ​អ្នក​ពិសា​ត្រី​មាន​ពង ឬ​ពងត្រី ស្មើនឹង​អ្នក​កំពុង​ចូលរួម​បំផ្លាញ​ធនធាន​មច្ឆជាតិ​ដោយ​មិនដឹង​ខ្លួន​។ ចូរ​និយាយថា​ទេ ចំពោះ​ត្រី​មាន​ពង ឬ​ពងត្រី​៕

© រក្សាសិទ្ធិដោយ thmeythmey.com