ជាតិ
ពីនេះ ពីនោះ
បើអ្នកពិសាត្រីមានពង ឬពងត្រី ស្មើនឹងអ្នកកំពុងចូលរួមបំផ្លាញធនធានមច្ឆជាតិដោយមិនដឹងខ្លួន ពងត្រីទម្ងន់ប្រហែល ៥គីឡូក្រាម ត្រូវបានដាក់លក់ដាច់ដោយឡែក នៅផ្សារមួយនាភាគខាងជើងប្រទេសកម្ពុជា។ រូបភាព៖ ឈុត ឈាណា
× នាដើមរដូវវស្សា ចាប់ពីខែឧសភា រហូតដល់ខែមិថុនា ត្រីមេពូជជាច្រើនប្រភេទ ចាប់ផ្តើមពង-កូន។ ជាពិសេស ត្រីមេពូជនៅទន្លេមេគង្គលើ នាភាគខាងជើងនៃប្រទេសកម្ពុជា ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ដែលសម្បូរទៅដោយអន្លង់ទឹកជ្រៅៗ។
ស្របពេលជាមួយគ្នានោះដែរ នៅលើទីផ្សារក្នុងតំបន់ទាំងនោះ គេសង្កេតឃើញមានត្រីមេពូជ ដែលមានពងពេញៗ ពោះ រាប់រយគីឡូក្រាម ត្រូវបានអ្នកនេសាទចាប់យកមកលក់ដោយខ្លួនឯងផ្ទាល់ ឬក៏លើកឲ្យអ្នកផ្សេងយកទៅលក់បន្ត។
ត្រីព្រួល ដែលមានពងពេញពោះ (ខាងលើទម្ងន់ ២គីឡូក្រាម ខាងក្រោមទម្ងន់ ៣គីឡូក្រាម) ត្រូវបានដាក់លក់នៅផ្សារមួយ នាភាគខាងជើងប្រទេសកម្ពុជា។ រូបភាព៖ ឈុត ឈាណា
ជាទួទៅ អ្នកលក់ត្រីមានមោទកភាពណាស់ បើត្រីរបស់ខ្លួនមានពងពេញពោះនោះ។ ពួកគាត់ស្រែកអួតក្តែងៗ ប្រាប់ទៅអតិថិជនថា៖ «ត្រីខ្ញុំពងពេញពោះៗ!»។ ចំណែកអ្នកទិញ ពេលបានឮអ្នកលក់ប្រាប់ថាត្រីពងពេញពោះ មិនបង្អង់យូរ ឬតថ្លៃអ្វីច្រើនឡើយ ក៏សម្រេចចិត្តទិញយកភ្លាមៗ ព្រោះខ្លាចអ្នកផ្សេងគេទិញយកទៅបាត់ខានឆី។
ទំនោរឆ្ងាញ់ពិសាពងត្រីពីសំណាក់អ្នកបរិភោគ ហាក់កំពុងលើកទឹកចិត្តឲ្យអ្នកនេសាទទាំងឡាយព្យាយាមធ្វើយ៉ាងណា ចាប់ត្រីដែលមានពងទាំងនោះយកមកលក់ឲ្យខាងតែបាន ដើម្បីបំពេញតម្រូវការទីផ្សារបន្តទៀត។ អ្នកនេសាទខ្លះ បានប្រើប្រាស់ឧបករណ៍នេសាទផ្សេងៗ ដែលត្រូវបានហាមឃាត់ដោយច្បាប់ជលផល ជាពិសេសរំសេវផ្ទុះ ឧបករណ៍ឆក់ដែលមានកម្លាំងចរន្តអគ្គិសនីរហូតដល់រាប់ពាន់វ៉ុល ដែលគេនិយមហៅថា៖ «ឆក់ក្តៅ និងឆក់ត្រជាក់» ជាដើម ដែលជាឧបករណ៍ដ៏គ្រោះថ្នាក់មួយប្រភេទ សម្រាប់មច្ឆជាតិ។ សូមសាកល្បងគិតទៅមើល ថាចរន្តអគ្គិសនីដែលយើងប្រើតាមផ្ទះសព្វថ្ងៃនេះត្រឹមតែ ២២០ - ២៣០វ៉ុល ប៉ុណ្ណោះ វាអាចឆក់យកជីវិតបានយ៉ាងងាយ។ ចុះទម្រាំរហួតដល់រាប់ពាន់វ៉ុល តើទំហំនៃការឆក់យកជីវិតត្រី មានវិសាភាពប៉ុណ្ណា ទាំងតូច ទាំងធំ ទាំងកូន ទាំងចៅ ចៅទួត ចៅលួតត្រី បូករួមទាំងជីវៈចម្រុះផ្សេងៗ ផងនោះ?
ត្រីប្រាមួយក្បាលដែលមានពងពេញពោះ ត្រូវបានគេដាក់លក់នៅផ្សារមួយ នាភាគខាងជើងប្រទេសកម្ពុជា។ ក្នុងរូបភាពនេះ បានបង្ហាញថា ត្រីប្រានេះរាកពងចេញមកក្រៅ ពេលគេយកម្រាមដៃចុចសង្កត់ពោះវា។ រូបភាព៖ ឈុត ឈាណា
ដោយសារកត្តាទាំងនេះ បូករួមទាំងកត្តាផ្សេងៗទៀតផងដែរ ដូចជា ការនេសាទហួសកម្រិត ការបាត់បង់ព្រៃលិចទឹកដែលជាទីជម្រក និងការរាំងស្ទះផ្លូវធ្វើចរាចរពីសំណាក់ទំនប់វារិអគ្គិសនីផងដែរនោះ បានធ្វើឲ្យកំណើតត្រីក្នុងធម្មជាតិ ជាពិសេសេក្នុងទន្លេមេគង្គ និងបឹងទន្លេសាបធ្លាក់ចុះយ៉ាងខ្លាំង។ ត្រីចំនួនដូចជា ត្រីគល់រាំង (Catlocarpio siamensis ); ត្រីរាជ (Pangasianodon gigas ); ត្រីពោព្រុយ (Pangasius sanitwongsei); ត្រីត្រសក់ (Probarbus jullieni); ត្រីស្ទក់ (Wallago micropogon); ត្រីបបែលយក្ស (Urogymnus polylepis) ត្រីប៉ាសាណាក (Aaptosyax grypus) ជាដើម។ល។ នាពេលបច្ចុប្បន្ននេះ ស្ទើរផុតពូជអស់ទៅហើយ។
ដូច្នេះ បើអ្នកចង់ចូលរួមថែរក្សាធនធានមច្ឆជាតិ សូមកុំពិសាត្រីមានពង ឬពងត្រី។ បើអ្នកពិសាត្រីមានពង ឬពងត្រី ស្មើនឹងអ្នកកំពុងចូលរួមបំផ្លាញធនធានមច្ឆជាតិដោយមិនដឹងខ្លួន។ ចូរនិយាយថាទេ ចំពោះត្រីមានពង ឬពងត្រី៕
© រក្សាសិទ្ធិដោយ thmeythmey.com