ជាតិ
សេដ្ឋកិច្ច
ព្រលានយន្តហោះ​ថ្មី ដែល​ចំណាយ​ទឹកប្រាក់​១,៥០០​លាន​ដុល្លារ នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២៣
22, Jun 2020 , 10:39 pm        
រូបភាព
ប្រភពរូប៖ ទីភ្នាក់ងារសាព័ត៌មានកម្ពុជា(AKP)
ប្រភពរូប៖ ទីភ្នាក់ងារសាព័ត៌មានកម្ពុជា(AKP)
ភ្នំពេញ​៖ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ដែលមាន​ទីតាំងនៅ​ខេត្តកណ្តាល នឹង​ដាក់ឱ្យ​ដំណើរការ​នៅ ក្នុង​ឆ្នាំ​២០២៣ ដែលមាន​លទ្ធភាព​យ៉ាងហោចណាស់​ទទួល​អ្នកដំណើ​រ​បាន​ចំនួន​១៣​លាន​នាក់​ក្នុង​មួយឆ្នាំៗ ។  បច្ចុប្បន្ន អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ដែលមាន​តម្លៃ​វិនិយោគ​១,៥០០​លាន​ដុល្លារ នេះ សម្រេចបាន​៣០​ភាគរយ​។  នេះ​បើតាម​លោក  ពុង ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស (OCIC) ។​

 
​ថ្លែង​ក្នុង​ពិធី​អមដំណើរ​សម្តេច ហ៊ុន សែន ចុះ​ត្រួត​ពិនិត្យមើល​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី  នៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​២២​មិថុនា លោក ពុង ឃាវ​សែ បាន​បញ្ជាក់ថា អាកាសយាន​ដា្ឋ​ន​អន្តរជាតិ​ភ្នំពេញ​ថ្មី នឹង​ទទួលបាន​អ្នកដំណើរ​១៣​លាន​នាក់ ក្នុង​មួយឆ្នាំ​នោះ គឺ​ស្ថិតនៅក្នុង​ដំណាក់​កាលពី​ទីមួយ​។ 
 
​ដោយឡែក ដំណាក់​ទី​ពីរ​នៃ​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ នឹងដាក់​ដំណើរ​នៅ​ឆ្នាំ​២០៣០ ដែលមាន​លទ្ធភាព​ទទួល​អ្នកដំណើរ​បាន​៣០​លាន​នាក់​ក្នុង​មួយឆ្នាំ និង​ទទួលបាន​អ្នកដំណើរ​រហូតដល់​៥០​លាន​នាក់ ក្នុង​មួយឆ្នាំៗ នៅពេលដែល​ក្រុមហ៊ុន​ដំណើរការ​ក្នុងដំណាក់កាល​ទី​៣​នៅ​ឆ្នាំ​២០៥០​។ នេះ​បើតាម​លោក ពុង ឃាវ​សែ​។​
 
​សូម​រម្លឹកថា  អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ កំពុង​សាងសង់​ឡើងលើ​ផ្ទៃដី​ទំហំ​ជាង​២,៦០០​ហិច​តា ដែល​ស្ថិតនៅ​ក្នុងស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល និង​ខេត្តតាកែវ ក្នុង​ទឹកប្រាក់​ជាង​១៥០០​លាន​ដុល្លារ​។ ក្នុងនោះ មាន​ភាគហ៊ុន​១០​ភាគរយ របស់​រដ្ឋាភិបាល​កម្ពុ​ជា ចំណែកឯ​ភាគហ៊ុន​៩០​ទៀត គឺ​របស់​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស (OCIC) ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​។ ដើម្បី​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នេះ​ឡើង រដ្ឋាភិបាល​និង​ក្រុមហ៊ុន​OCIC ត្រូវបង្កើត​ក្រុមហ៊ុន​ថ្មី​មួយ ដែលមាន​ឈ្មោះថា «​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ែរ​ផត អ៊ី​ន​វេស​មិន ឬ Cambodia Airport Investment» ហើយ គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ ត្រូវបាន​ប្រកាសឡើង នៅក្នុង​ដំណើរ​ទេស្សន​កិច្ច​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​ចិន លី ខឺ​ឈាង មកកាន់​ប្រទេស​កម្ពុជា កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៨៕ 
 
 

Tag:
 អាកាសយានដ្ឋាន​ថ្មី​
  កណ្តាល​
© រក្សាសិទ្ធិដោយ thmeythmey.com