កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo និង Messi មិនមែនជាកីឡាករបាល់ទាត់មានទ្រព្យច្រើនបំផុតលើលោកទេ តែជា…
× យើងទាំងអស់គ្នាដឹងហើយថា កីឡាបាល់ទាត់ជាកីឡាដែលមានអ្នកចូលចិត្ត និងគាំទ្រច្រើនបំផុតពាសពេញពិភពលោក។ ឥទ្ធិពលនៃប្រជាប្រិយភាពរបស់វិស័យកីឡាបាល់ទាត់នេះ បានផ្តល់គុណសម្បត្តិជាច្រើនជាពិសេសអាចធ្វើឲ្យកីឡាករដែលមានទេព្យកោសលអាចក្លាយជាសេដ្ឋី ឬអ្នកមានបាន។ តាមរយៈសមត្ថភាព និងភាពល្បីល្បាញរបស់កីឡាករទាំងនោះហើយ ទើបអាចឲ្យពួកគេរកចំណូលបានច្រើន រហូតក្លាយជាកីឡាករបាល់ទាត់ដែលមានជាងគេបំផុតលើលោក។
ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកទាំងអស់គ្នាពិតជាចង់ដឹងថាតើនាពេលបច្ចុប្បន្ននេះកីឡាករបាល់ទាត់រូបណាដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើលោក?
បើគិតពីកីឡាករបាល់ទាត់ឆ្នើមបំផុតនៅសតវត្សរ៍ទី ២១ អ្នកប្រាកដជានឹកដល់ Cristiano Ronaldo និង Lionel Messi មិនខាន។ ប៉ុន្តែពួកគេទាំងពីរមិនមែនជាកីឡាករបាល់ទាត់ដែលមានទ្រព្យច្រើនជាងគេនោះទេ។ Ronaldo ស្ថិតនៅចំណាត់ថ្នាក់ទីពីរ ហើយ Messi ឈរនៅលេខរៀងទី៤ ប៉ុណ្ណោះ។ កីឡាករបាល់ទាត់ដែលមានជាងគេនោះគឺ Faiq Bolkiah របស់ក្រុមជម្រើសជាតិព្រុយណេ និងក្រុម Leicester City។
ខាងក្រោមនេះ ជាកីឡាករបាល់ទាត់ដែលមានជាងគេបំផុតទាំង ១០ ក្នុងលោកនាឆ្នាំ ២០២០នេះ៖
១. Faiq Bolkiah បុត្រារបស់ Jefri Bolkiah ព្រះអង្គម្ចាស់នៃប្រទេសព្រុយណេ និងជាក្មួយប្រុសរបស់ ស៊ុលតង់ព្រុយណេ Hassanal Bolkiah មានទ្រព្យរហូតដល់ ២០ពាន់លានដុល្លារអាមេរិក។ ប្រាក់ទាំងនេះមិនមែនព្រះអង្គម្ចាស់រកបានពីអាជីពកីឡាបាល់ទាត់នោះទេ ប៉ុន្តែជាទ្រព្យដែលមានស្រាប់ប៉ុណ្ណោះ។
២. Cristiano Ronaldo មានទ្រព្យសម្បត្តិជាង១ពាន់លានដុល្លារអាមេរិក។ Ronaldo សមាជិកក្រុមជម្រើសជាតិព័រទុយហ្គាល់ និង Juventus បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេក្នុងប្រវត្តិសាស្ត្រដែលអាចរកចំណូលបានលើសពីមួយពាន់លានដុល្លារផងដែរ។
៣. David Beckham មានទ្រព្យ ៤៥០លានដុល្លារអាមេរិក។ ប្រាក់ទាំងនេះភាគច្រើនរូបគេរកបានពីការធ្វើជំនួញ។
៤. Lionel Messi មានទ្រព្យ ៤០០ លានដុល្លារអាមេរិក។ ប្រាក់ទាំងនេះខ្សែបម្រើសញ្ជាតិអាហ្សង់ទីនរកបានពីការទទួលបានប្រាក់ឈ្នួលពី Barcelona និងការផ្សាយពាណិជ្ជកម្ម។
៥. Dave Whelan មានទ្រព្យ ២១០ លានដុល្លារអាមេរិក។ អតីតកីឡាអង់គ្លេសវ័យ៨៣ឆ្នាំរូបនេះ ក៏រកបានប្រាក់ច្រើនពីការធ្វើជំនួញផងដែរ។
៦. Zlatan Ibrahimovic មានទ្រព្យ ១៩០ លានដុល្លារអាមេរិក។ ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត វ័យ៣៨ឆ្នាំ ដែលបច្ចុប្បន្នត្រូវបាន AC Mila ខ្ចីពី LA Galaxy រកប្រាក់បានពីថ្លៃពលកម្ម និងផ្សាយពាណិជ្ជកម្ម។
៧. Neymar មានទ្រព្យ ១៨៥ លានដុល្លារអាមេរិក។ ខ្សែបម្រើសញ្ជាតិប្រេស៊ីល និង PSG រូបនេះ រកចំណូលបានច្រើនពីប្រាក់ឈ្នួល និងផ្សាយពាណិជ្ជកម្ម។
៨. Wayne Rooney មានទ្រព្យ ១៦០ លានដុល្លារអាមេរិក។ ខ្សែបម្រើ និងជាគ្រូបង្វឹកក្រុម Derby County រូបនេះ រកប្រាក់បានច្រើនពីអាជីពកីឡាបាល់ទាត់ ពិសេសប្រាក់ឈ្នួលកាលនៅ Manchester United។
៩. Gareth Bale មានទ្រព្យ ១២៥ លានដុល្លារអាមេរិក។ ខ្សែបម្រើសញ្ជាតិវែលិ៍ និង Real Madrid រូបនេះ រកចំណូលបានច្រើនពីថ្លៃពលកម្ម និងផ្សាយពាណិជ្ជកម្ម។
១០. Andres Iniesta មានទ្រព្យ ១២០ លានដុល្លារអាមេរិក។ អតីតខ្សែបម្រើឆ្នើមរបស់ជម្រើសជាតិអេស្ប៉ាញ និង Barcelona ដែលសព្វថ្ងៃកំពុងប្រកបជអាជីពជាមួយក្លិបជប៉ុន Vissel Kobe រកចំណូលបានច្រើនពីថ្លៃឈ្នួលប្រចាំសប្តាហ៍ និងផ្សាយពាណិជ្ជកម្ម៕
Tag:
Cristiano Ronaldo
Faiq Bolkiah
កីឡាករបាល់ទាត់មានទ្រព្យច្រើន
© រក្សាសិទ្ធិដោយ thmeythmey.com