សង្គមអន្តរជាតិ​
អន្តរជាតិ
កូរ៉េខាងត្បូង រិះគន់​លោក ប៊ូល​តុ​ន ដែល​បញ្ចេញ​ព័ត៌មាន​ការទូត​ក្នុង​សៀវភៅ​របស់ខ្លួន​
22, Jun 2020 , 11:39 pm        
រូបភាព
ទីប្រឹក្សាសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូង Chung Eui-yong ។ រូបភាព​ AFP
ទីប្រឹក្សាសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូង Chung Eui-yong ។ រូបភាព​ AFP
​កូរ៉េខាងត្បូង បាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​សៀវភៅ​របស់​អតីត​ទីប្រឹក្សា​សន្តិសុខ​អាមេរិក ច​ន ប៊ូល​តុ​ន ដែល​បាន​រៀបរាប់​ពី​រឿង​ខាងក្នុង​ផ្លូវ​ការទូត​រវាង​អាមេរិក និង​កូរ៉េ​ទាំងពីរ​។ ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​២២ ខែមិថុនា​របស់​ទីប្រឹក្សា​សន្តិសុខ​កូរ៉េខាងត្បូង ការបញ្ចេញ​ព័ត៌មាន​ពី​ការទាក់ទង​គ្នា​អាមេរិក​-​កូរ៉េខាងត្បូង​ក្នុង​សៀវភៅ​នោះ បាន​បំពាន​គោលការណ៍​ការទូត និង​ផ្នែក​ខ្លះ​ខុសពី​រឿង​ដើម​។ ទង្វើ​បែបនេះ អាច​ប៉ះពាល់​ទំនុកចិត្ត​សម្ព័ន្ធមិត្ត​ផងដែរ​។​

 
​លោក Chung Eui-yong ទីប្រឹក្សា​សន្តិសុខ​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ចេញមុខ​រិះគន់​អតីត​សម​ភាគី​របស់លោក គឺ​លោក ច​ន ប៊ូល​តុ​ន អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ដែល​បាន​រ៉ាយរ៉ាប់​ពី​បញ្ហា​ផ្ទៃក្នុង​អំឡុងពេល​ល្អប្រសើរ​នៃ​ទំនាក់ទំនង​អាមេរិក កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​។ ក្នុង​សៀវភៅ The Room Where It Happened ដែល​ចេញលក់​នៅ​ថ្ងៃទី​២៣ ខែមិថុនា លោក ប៊ូល​តុ​ន និយាយ​យ៉ាងច្រើន​ពី​ដំណើរការ​ការទូត​ផ្ដើម​នៅ​ឆ្នាំ​២០១៨ ។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap  លោក Chung និយាយថា លោក ប៊ូល​តុ​ន បាន​បំភ្លៃ​អ្វីដែល​កើតឡើង​ក្នុង​ការចរចា ហើយ​អ្វីដែល​បាន​សរសេរ​ក្នុង​សៀវភៅ គឺជា​ការយល់ឃើញ​តាម​គំនិត​ផ្ទាល់ខ្លួន មិនមែន​ពឹង​ផ្អែកលើ​ការពិត​ឡើយ​។ លោក Chung ក៏បាន​ចោទ​លោក ប៊ូល​តុ​ន ថា បាន​ទម្លាយ​ជា​ឯកតោភាគី​នូវ​ការពិភាក្សារ​ការទូត​ដែល​ផ្អែកលើ​ការទុកចិត្ត​រវាង​ស្ថាប័នរដ្ឋ​អាមេរិក និង​កូរ៉េខាងត្បូង​។​
 
​មន្ត្រី​កូរ៉េខាងត្បូង​ដដែល បាន​ព្រមាន​ដែរ​ថា ទង្វើ​មិន​សមរម្យ​បែបនេះ នឹង​ប៉ះពាល់​ដល់​ការប្រឹងប្រែង​របស់​សម្ព័ន្ធ​មិត្ត​ក្នុងការ​ដាក់ចេញ​យុទ្ធសាស្ត្រ​រួម និង​ការជំរុញ​ផលប្រយោជន៍​សន្តិសុខ​ផងដែរ​។ លោក​ក៏​សង្ឃឹម​ដែរ​ថា រដ្ឋាភិបាល​អាមេរិក នឹងមាន​វិធានការ​ទប់ស្កាត់​មិន​រឿង​បែបនេះ​កើតឡើង​ម្ដង​ទៀតឡើយ​។ ជំហរ​នេះ ក៏​ត្រូវបាន​ជូនដំណឹង​ទៅកាន់​អាមេរិក​រួចហើយ​។ 
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ដោយឡែក​មួយទៀត ទីប្រឹក្សា​ផ្នែក​ទំនាក់ទំនង​សាធារណៈ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Do-han លើកឡើងថា វា​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ​ដែល​ត្រូវ​បំភ្លៃ​ការពិត​លើ​កិច្ចសន្ទនា​ស្មោះត្រង់​រវាង​មេដឹកនាំ​សម្ព័ន្ធមិត្ត​ស្ដីពី​សន្តិភាព​ឧបទ្វីប​កូរ៉េ និង​ការលើកកម្ពស់​ទំនាក់ទំនង​អន្តរ​កូរ៉េ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។​
 
​នេះ​ជា​ប្រតិកម្ម​ផ្លូវការ​លើកឡើង​របស់​កូរ៉េខាងត្បូង​ទៅនឹង​សៀវភៅ​របស់លោក ប៊ូល​តុ​ន ដែល​បាន​ទម្លាយ​បញ្ហា​ផ្ទៃក្នុង​យ៉ាងច្រើន​របស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ប៉ុន្តែ​កូរ៉េខាងត្បូង​មិនបាន​និយាយ​ឲ្យ​ចំ​ពី​ចំណុច​ដែល​ខ្លួន​អះអាងថា មានការ​បំភ្លៃ​អ្វី​ឡើយ​។ មន្ត្រី​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​ម្នាក់​ប្រាប់ Yonhap ថា វា​មិនមែនជា​ទំនៀមទម្លាប់​ដែល​ត្រូវ​បញ្ចេញ​កិច្ចសន្ទនា​របស់​មេដឹកនាំ និង​ដំណើរ​ការចរចា​ក្នុង​ទំនាក់ទំនង​ការទូត​ឡើយ​៕
 

Tag:
 ​កូរ៉េខាងត្បូង​
  អាមេរិក​
  ច​ន ប៊ូល​តុ​ន
© រក្សាសិទ្ធិដោយ thmeythmey.com