COVID-19
ជាតិ
លោក អ៊ុំ រាត្រី សុំ​ពិភាក្សា​ជាមួយ​ភាគី​ថៃ ពី​ការបើក​ច្រក​ប៉ោយប៉ែត​ឡើងវិញ​
22, Jun 2020 , 5:59 pm        
រូបភាព
ច្រកប៉ោយប៉ែត កាលពីមិនទាន់បិទ
ច្រកប៉ោយប៉ែត កាលពីមិនទាន់បិទ
​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បានដាក់​លិខិត​ទៅកាន់​លោក Woraphan Suwannus អភិបាលខេត្ត​ស្រះកែវ ប្រទេស​ថៃ ដើម្បី​ពិភាក្សាគ្នា​ពី​ការបើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក ឲ្យ​ប្រជាពលរដ្ឋ​ចេញចូល​ឡើងវិញ​។



យោងតាម​លិខិត​នោះ លោក អ៊ុំ រាត្រី សុំ​ជួបពិភាក្សា​ជាមួយ​អភិបាលខេត្ត​ស្រះកែវ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០​។ លោក ប្រាប់ អភិបាលខេត្ត​ស្រះកែវ ថា ការសុំ​ជួបពិភាក្សា​នាពេលនេះ គឺ​ដោយសារតែ​ស្ថានភាព​នៃ​ការ​ឆ្លងដែន និង​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ស្ថិតក្នុង​ភាព​ព្រួយបារម្ភ​ខ្លាំង​។ 

លោក អ៊ុំ រាត្រី មិនអាច​ផ្តល់ព័ត៌មាន​បន្ថែម​ឡើយ នៅ​ថ្ងៃទី​២២ ខែមិថុនា​នេះ ដោយ​លោក អះអាងថា កំពុង​ជាប់​ប្រជុំ​។  លោក កុយ គួ​ង

អ្នកនាំពាក្យ​ការបរទេស ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ថា ភាគីថៃ ឆ្លើយតប​យ៉ាង​ចំពោះ​ការសុំ​បើក​ព្រំដែន គឺជា​សិទ្ធិ​អធិបតេយ្យ​របស់​គេ។ លោក បញ្ជាក់ថា​៖«​រឿង​ព្រំដែន កាលណា​បិទ ភាគី​ម្ខាង សម្រេច​បិទ គឺ​ជិត​ហើយ តែ​ដល់ពេល​បើក​វិញ ទាល់តែ​ភាគី​ទាំងពីរ​បើក ទើប​អាច​បើក​បាន​»​។  

ក្រោយ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ហាក់​ធូរស្រាល ថៃ បាន​លុប​បម្រាម​គោចរ ដោយ​អនុញ្ញាត​ឲ្យ​ប្រជាជន ធ្វើដំណើរ​ជាធម្មតា​ឡើងវិញ ក្នុង​ផ្ទៃ​ប្រទេស​។ តែ​ថៃ នៅ​មិនទាន់​បើក​ប្រទេស ឲ្យ​មាន​ការចេញ​-​ចូល​ឡើយ​។ ​គិត​ត្រឹម​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ ថៃ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ៣១៥១នាក់ ជាសះស្បើយ​៣០២២​នាក់ និង ស្លាប់​៥៨​នាក់​។ 

​ចំណែក​ជាមួយ​វៀតណាម កម្ពុជា បាន​យល់ព្រម​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ​ចេញចូល​វិញ​ហើយ​។ មកដល់​ថ្ងៃទី​២២ ខែមិថុនា វៀតណាម មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ៣៤៩​នាក់ ជាសះស្បើយ​៣២៨​នាក់ ដោយ​មិនមាន​អ្នកស្លាប់​។ 
 
​រីឯ​កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ១២៩​នាក់ ជាសះស្បើយ​១២៨​នាក់ ដោយ​គ្មាន​អ្នកស្លាប់ (​គិត​ត្រឹម​ថ្ងៃទី​២២ ខែមិថុនា​)៕  
 
 

Tag:
 COVID-19
  កម្ពុជា​-​ថៃ​
  បើក​ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com