COVID-19
រថយន្ត
អន្តរជាតិ
ទោះស្ថានភាពប្រសើរ តែទីផ្សារយានយន្តនៅអឺរ៉ុបបន្តធ្លាក់ចុះ ៥២.៣ភាគរយនៅខែឧសភា
× រងគ្រោះដោយសារ COVID-19 ទីផ្សារយានយន្តអឺរ៉ុប បន្តធ្លាក់ចុះ៥២.៣ភាគរយទៀតនៅខែឧសភា ឆ្នាំ២០២០ នេះ។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពមិនធ្ងន់ធ្ងរដូចកាលពីខែមេសានោះឡើយ ដោយសារតែមានការបើកដំណើរការឡើងវិញនូវចង្វាក់ផលិតកម្មយានយន្តនៅបណ្តាប្រទេសមួយចំនួន។ នេះបើតាមការផ្សាយរបស់ AFP។
ការចុះបញ្ជីរថយន្តថ្មី បានធ្លាក់ចុះ ៥៥.១ភាគរយនៅខែមីនា ក្នុងសហភាពអឺរ៉ុប ហើយបន្តធ្លាក់ដល់ទៅ៧៦.៣ភាគរយនៅខែមេសា ព្រោះតែការអនុវត្តវិធានចត្តាឡីស័ក ដោយហាមប្រាមការធ្វើដំណើរដើម្បីទប់ស្កាត់ការរាលដាល COVID-19។
នៅបារាំង បើតាមរបាយការណ៍របស់សមាគមសហគ្រាសយានយន្តអឺរ៉ុប (ACEA) ក្រុមហ៊ុន Renault រួមជាមួយ Dacia, Lada និង Alpine នោះ មានការលក់ចេញធ្លាក់ចុះ ៥២.៥ភាគរយ ក្រុមហ៊ុន PSA (Peugeot, Citroen, Opel/Vauxhall, DS) ធ្លាក់៥៦.៤ភាគរយ។
របាយការណ៍ជារួមបង្ហាញថា រថយន្តថ្មីតែជាង៥៨ម៉ឺនគ្រឿងប៉ុណ្ណោះ បានចរាចរណ៍នៅលើផ្លូវថ្នល់ក្នុងតំបន់អឺរ៉ុប ខណៈនៅខែឧសភា ដដែលកាលពីឆ្នាំ២០១៩ មានដល់ទៅជាង១.២លានគ្រឿង។ ទីផ្សារធំៗ ដែលបានធ្លាក់ចុះរួមមាន អេស្ប៉ាញ (-៧២.៧ភាគរយ), បារាំង (-៥០.៣ភាគរយ) និងអាល្លឺម៉ង់ (-៤៩.៥ភាគរយ)។
តាម AFP ក្រុមហ៊ុន Jaguar Land Rover បានប្រកាសពីការកាត់បន្ថយបុគ្គលិកបណ្តោះអាសន្ន ចំនួនជាង១ពាន់នាក់នៅអង់គ្លេស រីឯ Renault លុបចោលការងារ១៥០០០កន្លែងនៅលើពិភពលោក ក្នុងនោះមាន៤៦០០នៅបារាំង។
ទោះបីជាទីផ្សារនៅអឺរ៉ុបទាំងមូលមានការធ្លាក់ចុះ៥២.៣ភាគរយនៅខែឧសភា ក៏ដោយ ប៉ុន្តែក្រុមហ៊ុនផលិតយានយន្តរំពឹងថា ស្ថានភាពនឹងវិលទៅរកវិជ្ជមានជាបន្តបន្ទាប់ ជាពិសេសក្រោយការបន្ធូរបន្ថយវិធានការរឹតត្បិតការធ្វើដំណើរ៕
© រក្សាសិទ្ធិដោយ thmeythmey.com