ជាតិ
អភិបាលក្រុង​ព្រះសីហនុ​អនុញ្ញាត​ឲ្យ​លក់ដូរ​នៅ​ទីសាធារណៈ​វិញ​ហើយ តែមាន​លក្ខខណ្ឌ​...
22, Jun 2020 , 7:49 pm        
រូបភាព
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ បានអនុញ្ញាត​ឲ្យ​អាជីវ​កម្មករ​លក់ដូរ​នៅ​ទីសាធារណ​វិញ​ហើយ ក្រោយ​មានការ​តវ៉ា​ពី​ក្រុមអាជីវករ​ប្រមាណ​ជាង​១០០​នាក់ កាល​រសៀល​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០២០​​នេះ​។



អត្ថបទទាក់ទង


​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា លោក អ៊ី សុខ​ឡេង បាន​អះអាង​ពី​ការព្រមព្រៀង​គ្នា​រវាង​អាជ្ញាធរ និង​អាជីវករ​ជាពិសេស​ផ្ដោតលើ​អ្នកលក់​តាម​កង់ ម៉ូតូ និង​រថយន្ត​ចល័ត ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​លក់​លើ​ឆ្នេរ ការដ្ឋាន និង​ទី​សារ​ធារ​ណៈ ប៉ុន្តែ​សម្រាប់​អ្នកលក់ដូរ​ដែល​គ្មាន​ទីលំនៅ​ច្បាស់លាស់ តម្រូវ​ឲ្យ​មានផ្ទះ ឬ​ផ្ទះជួល ពោលគឺ​មិន​អនុ​ញ្ញ​ត​ឲ្យ​យក​កន្លែង​សាធារណៈ​ធ្វើជា​កន្លែង​ស្នាក់នៅ​អចិន្ត្រៃយ៍​ឡើយ​។

​លោក​អភិបាលក្រុង​ព្រះសីហនុ បាន​ថ្លែងថា​៖ «​សម្រាប់​អ្នកលក់​តាម​ការដ្ឋាន​សំណង់ មិនត្រូវ​លក់​នៅលើ​ផ្លូវ និង​ចិញ្ចើមផ្លូវ ឬ​លើផ្លូវ​ដែលមាន​ចរាចរណ៍​ច្រើន​ឡើយ​។ ចំណែក​អ្នកលក់​តាម​ឆ្នេរ ត្រូវ​រក្សា​សណ្ដាប់ធ្នាប់ មិនត្រូវ​រៀបចំ​កន្លែង​អង្គុយ​សម្រាប់​ភ្ញៀវ​ឡើយ និង​ត្រូវ​ឲ្យ​មាន​ធុងសំរាម​ត្រឹមត្រូវ​។ សម្រាប់​អ្នកលក់ដូរ​តាម​ផ្ទះ​គឺ​មិន​ចោទ​ជា​បញ្ហា​ឡើយ ព្រោះ​បាន​ដោះស្រាយ​តាំងពី​ការសាងសង់​ផ្លូវ​ទាំង​៣៤​ខ្សែ​មក​»​។

​អាជីវ​ករលក់​ប្រហិត​នៅ​ឆ្នេរ​អូរ​ឈើទាល លោក កែវ វណ្ណៈ បាន​សាទរ​ចំណាត់ការ​របស់​អភិបាលក្រុង​ដែល​អនុញ្ញាត​ឲ្យ​ក្រុម​របស់ខ្លួន​អាច​បន្ត​របរ​ជាង​១០​ឆ្នាំកន្លងមក​។ លោក​បាន​បញ្ជាក់ប្រាប់ ThmeyThmey ថា​៖ «​ខ្ញុំ​យល់ស្រប​តាម​អាជ្ញាធរ  និង​គោរព​តាម​គោលការណ៍​អនាម័យ​។ គាត់​មិន​ឲ្យ​កន្លែង​ភ្ញៀវ​អង្គុយ​ក៏​មិន​អី​ដែរ តែ​សុំ​ត្រឹម​មាន​កន្លែង​លក់ អាច​ប្រក​បរបរ​ចិញ្ចឹមជីវិត​បាន​»​។



អាជីវករ​ម្នាក់ទៀត​ដែល​ស្ថិត​ក្នុងចំណោម​អ្នក​តវ៉ា​ជាង​១០០​នាក់ គឺ​លោក ឈិ​ត សុខលី ក៏​រីករាយ​ផងដែរ​ចំពោះ​ការសម្រេច​របស់លោក​អភិបាលក្រុង​។ លោក​បាន​បញ្ជាក់ថា លោក​លែង​លក់ដូរ​ទាំង​ភ័យខ្លាច​ទៀតហើយ​។ កន្លងមក ដោយសារ​ការលក់​រត់ៗ មិនមាន​ទីតាំង​ច្បាស់លាស់​នេះ ធ្វើ​ឲ្យ​លោក​ធ្លាក់​ចំណូល​ជាង​ពាក់កណ្ដាល​។​

«​កាលពី​ជាង​មួយខែ​មុន ខ្ញុំ​លក់​បុកល្ហុង និង​ត្រូវបាន​អាជ្ញាធរ​ចាប់​ម្ដង​ហើយ បន្ទាប់មក​ខ្ញុំ​ចេះតែ​ភ័យ លក់​រត់ៗ ឲ្យ​តែ​ឃើញ​អាជ្ញាធរ​។ បើ​និយាយ​ពី​ចំណូល ខ្ញុំ​បាន​បាត់​ជាង​ពាក់កណ្ដាល ដោយសារ​គ្មាន​ទីតាំង​ច្បាស់លាស់ រួមទាំង​ស្ថានភាព​កូ​វីដ​-១៩ ផង​»​។  នេះ​បើតាម​ការលើកឡើង​រប​ស់លោក សុខលី ដោយ​បន្ថែមទៀតថា អាជ្ញាធរ​នៅពេល​ធ្វើ​អ្វីមួយ គួរ​មាន​ដំណោះស្រាយ​តាំងពីដើម មិនគួរ​ឲ្យ​ពលរដ្ឋ​ទាល់ច្រក​ឡើយ​៕







Tag:
 ព្រះសីហនុ​
  អ្នកលក់ដូរ​
  សាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com