ពីនេះ ពីនោះ
សុខភាព
ដឹង​ទេ​? គ្រាន់តែ​ឈប់​ទទួលទាន​ភេសជ្ជៈ​ផ្អែម​មាន​ហ្គាស ផល​ល្អៗ​ទាំងនេះ​នឹង​កើតឡើង​ចំពោះ​សុខភាព​
23, Jun 2020 , 8:59 pm        
រូបភាព
​តើ​អ្នក​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា​ប្រសិនបើ​ឈប់​ទទួលទាន​ភេសជ្ជៈ​ផ្អែម​មាន​ជាតិ​ហ្គាស​រាងកាយ​នឹង​ទទួលបាន​អត្ថប្រយោជន៍​អ្វីខ្លះ​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​នៃ​ការឈប់​ទទួលទាន​ភេសជ្ជៈ​កំប៉ុង ឬ​ភេសជ្ជៈ​ផ្អែម​មាន​ជាតិ​ហ្គាស ៖

 
១. បេះដូង​
 
 
​មួយ​ក្នុងចំណោម​សរីរាង្គ​ដែល​ទទួលបាន​អត្ថប្រយោជន៍​បំផុត​ពី​ការឈប់​ទទួលទាន​ភេសជ្ជៈ​សូ​ដា គឺ​បេះដូង​។ នេះ​ក៏​ព្រោះតែ​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​អោយដឹងថា​ការ​ទទួលទាន​ភេសជ្ជៈ​ផ្អែម ឬ​ភេសជ្ជៈ​សូ​ដា​ហួសប្រមាណ ឬ​ជាប្រចាំ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង​គួរឱ្យកត់សម្គាល់​។ ដូច្នេះ​ការបញ្ឈប់ ឬ​កម្រិត​ការ​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរឱ្យកត់សម្គាល់​។​
 
២. ខួរក្បាល​
 
​សូ​ដា ឬ​ភេសជ្ជៈ​កំប៉ុង​អាច​ជះ​ផលប៉ះពាល់​ដល់​សុខភាព​ខួរក្បាល​ច្រើនជាង​អ្វីដែល​យើង​អាច​គិតដល់​។ ជាតិ​កាហ្វេ​អ៊ី​ន​និង​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ភេសជ្ជៈ​កំប៉ុង​អាច​បង្ក​គ្រោះថ្នាក់​គួរឱ្យ​បារម្ភ​ចំពោះ​សុខភាព​ខួរក្បាល​។ ហើយ​សារ​ធាតុគីមី​ផ្សេងទៀត​រួមបញ្ចូល​ជាមួយ​ស្ករ​និង​កាហ្វេ​អ៊ី​ន​ក្នុង​ភេសជ្ជៈ​កំប៉ុង​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ចំពោះ​ការគិត​និង​មុខងារ​ខួរក្បាល​។​
 
៣. ឆ្អឹង​
 
​ហានិភ័យ​នៃ​បញ្ហា​ពុក​ឆ្អឹង​នឹង​ត្រូវបាន​កាត់បន្ថយ​គួរឱ្យកត់សម្គាល់​ប្រសិនបើ​អ្នក​ឈប់​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​។ ជាធម្មតា​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ជាតិ​ស្ករ​ខ្ពស់​ហើយ​នោះ ភេសជ្ជៈ​ប្រភេទ​នេះ​ក៏មាន​ផ្ទុក អាស៊ីត​ផូ​ស្វ​រិ​ក​និង​គ្រឿងផ្សំ​បន្ថែម​រសជាតិ​ផ្សេងទៀត​ដែល​មិនល្អ​ចំពោះ​សុខភាព​ឆ្អឹង​ផងដែរ​។ អាស៊ីត​ផូ​ស្វ​រិ​ក​អាច​រារាំង​សមត្ថភាព​នៃ​ការ​ស្រូប​យកជាតិ​កាល់ស្យូម​គួរឱ្យ​បារម្ភ​។ ម្យ៉ាងវិញទៀត​សូ​ដា ឬ​ភេសជ្ជៈ​កំប៉ុង​មួយចំនួនទៀត​សុទ្ធ​តែមាន​ផ្ទុក​នូវ​ជាតិ​កាហ្វេ​អ៊ី​ន ដូច្នេះហើយ​ទើប​ការ​ទទួលទាន​ភេសជ្ជៈ​ប្រភេទ​នេះ​ច្រើន ក៏​រួមចំណែក​លើកកម្ពស់​ការ​បាត់បង់​ម៉ាស​នៃ​ឆ្អឹង​ធ្វើឱ្យ​ឆ្អឹង​ចុះខ្សោយ​និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​នាពេល​អនាគត​ផងដែរ​។​
 
៤. ផ្លោក​នោម​
 
​អ្នក​ដែល​ទម្លាប់​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​ច្រើនតែ​នោម​ញឹក​។ នេះ​ក៏​ព្រោះតែ​ភេសជ្ជៈ​ប្រភេទ​នេះ​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​បញ្ចុះ​ទឹកនោម​។ ជា​លទ្ធផល​វា​អាច​បង្ក​ផលប៉ះពាល់​ដល់​ផ្លោក​នោម​គួរឱ្យកត់សម្គាល់​។ ដូច្នេះ​ប្រសិនបើ​អ្នក​ឈប់​ទទួលទាន​ភេសជ្ជៈ​កំប៉ុង នោះ​ផ្លោក​នោម​ក៏​អាច​ចៀសផុត​ហានិភ័យ​នៃ​ការឆ្លង​មេរោគ ឬ​រលាក ហើយ​ដំណើរការ​មុខងារ​កាន់តែ​ប្រសើរឡើង​។​
 
៥. ធ្មេញ​
 
​ភេសជ្ជៈ​សូ​ដា ឬ​ភេសជ្ជៈ​កំប៉ុង​ច្រើន​តែមាន​ផ្ទុក​ជាតិ​អាស៊ីត​ខ្ពស់​ដែល​អាច​បង្ក​ការខូចខាត​ដល់​ធ្មេញ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ឈប់​ទទួលទាន​ភេសជ្ជៈ​កំប៉ុង​នោះ​ហានិភ័យ​នៃ​ជំងឺ​ពុក​ធ្មេញ ឬ​បញ្ហា​ធ្មេញ​ដង្កូវ​ស៊ី​ក៏​ត្រូវបាន​កាត់បន្ថយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com