ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ទម្លាប់​អ្វីខ្លះ​ធ្វើឱ្យ​អ្នក​ងាយ​កើត​ជំងឺ​ទឹកនោមផ្អែម​?
24, Jun 2020 , 6:59 am        
រូបភាព
​ទម្លាប់​មួយចំនួន​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​។  ថា​តើ​ទម្លាប់​ទាំងនោះ​មាន​អ្វីខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម ៖

 
១. ការទទួល​ទាន​មិន​ទៀងទាត់​
 
 
​អ្នក​ដែល​រំលង​ម៉ោង​អាហារ​ញឹកញាប់ ឬ​ទទួលទាន​មិន​ទៀងទាត់​សោះ គឺ​ងាយ​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​ណាស់​។ ការ​ទទួលទាន​ទៀងទាត់​នឹង​រក្សា​កម្រិត​នៃ​អាំង​ស៊ុយ​លីន​ឱ្យមាន​តុល្យភាព​។ ដូច្នេះ​នៅពេល​រំលង​អាហារ​មួយពេល ឬ​ទទួលទាន​មិន​ទៀងទាត់​ចន្លោះ​ម៉ោង​អាហារ​ធំៗ​អាច​រាំងស្ទះ​ដល់​ការផលិត​អាំង​ស៊ុយ​លីន​។ ហើយ​នៅពេល​អ្នក​ត្រឡប់មក​ទទួលទាន​តា​ម​ទម្លាប់​ធម្មតា​វិញ​រាងកាយ​នឹងមិន​អាច​បំបែក​ជាតិ​ស្ករ​បាន​ត្រឹមត្រូវ​ឡើយ​ដែលជា​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​។​
 
២. ទទួលទាន​ប្រូតេអ៊ីន​ច្រើនពេក​
 
​ប្រូតេអ៊ីន គឺជា​ក្រុម​នៃ​អាហារ​ដ៏​សំខាន់បំផុត​មួយ​ដែល​រាងកាយ​ត្រូវការ​ដើម្បី​រក្សាបាន​នូវ​សុខ​ភាពល្អ​រឹងមាំ​។ ទោះជា​យ៉ាងណា​មិនមែន​មានន័យថា​អ្នក​អាច​ទទួលទាន​បាន​តាមចិត្ត​ចង់​ឡើយ ពិសេស​ចំពោះ​អ្នក​ចូលចិត្ត​ទទួលទាន​សាច់​ក្រហម​! នេះ​ក៏​ព្រោះតែ​ការទទួល​ទាន​ច្រើនពេក​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​និង​មហារីក​។ គួរ​កម្រិត​ការទទួល​ទាន​មិន​លើសពី ២ ដង​ក្នុង​មួយ​សប្តាហ៍​ដោយ​ជំនួស​មកវិញ​នូវ​ត្រី សាច់មាន់ និង​បន្លែ​ច្រើន​ដើម្បី​ទទួលបាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​។​
 
៣. រំលង​អាហារ​ពេលព្រឹក​
 
​អ្នក​ដែល​ចូលចិត្ត​រំលង​មិន​ទទួលទាន​អាហារ​ពេលព្រឹក​ក៏​ងាយ​នឹង​កើត​ជំងឺ​ទឹកនោមផ្អែម​គួរឱ្យកត់សម្គាល់​។ នេះ​ក៏​ព្រោះតែ​សមត្ថភាព​របស់​រាងកាយ​ក្នុង​ការរក្សា​គ្រប់គ្រង​ជាតិ​ស្ករ​ប្រែជា​មិន​ប្រក្រតី​។ ការទទួល​ទាន​អាហារ​ពេលព្រឹក​ជួយ​ជម្រុញ​ការចាប់ផ្ដើម​ការរំលាយ​អាហារ​និង​មុខងារ​រាងកាយ​ដែល​នេះ​អនុញ្ញាតឱ្យ​រាងកាយ​បំបែក​ជាតិ​ស្ករ​តាំងពីព្រឹក​ដើម្បី​ផ្ដល់​ថាមពល​និង​បំ​លែង​ស្ករ​។ ការ​រំលង​អាហារ​ពេលព្រឹក​រងចាំ​រហូតដល់​ថ្ងៃ​អាច​ពន្យឺត​ការផលិត​អាំង​ស៊ុយ​លីន​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​។​
 
៤. គេង​មិន​គ្រប់​
 
​អតុល្យភាព​នៃ​អ័រម៉ូន​ដោយសារ​ការ​គេង​មិន​គ្រប់​ក៏​អាច​ជះឥទ្ធិពល​លើ​ការផលិត​អាំង​ស៊ុយ​លីន​ផងដែរ​។ បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​ជាមួយ​អាំង​ស៊ុយ​លី​អាច​បណ្ដាលអោយ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​នៅតែ​ខ្ពស់​គ្រប់ពេល ហើយ​អ្នក​ប្រាកដជា​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​មិន​ខាន​។​
 
៥. កង្វះ​សកម្មភាព​រាងកាយ​
 
​ភាពធាត់​ជ្រុល​ជា​មូលហេតុ​ចម្បង​បំផុត​មួយ​នៃ​ជំងឺ​ទឹកនោមផ្អែម​និង​ជំងឺ​បេះដូង​។ ហើយ​ភាពធាត់​ជ្រុល​នេះ​ងាយ​នឹង​កើតឡើង​ដោយសារតែ​កង្វះ​នៃ​សកម្មភាព​រាងកាយ​។ អ្នក​មិនចាំបាច់​តែ​ធ្វើ​សកម្មភាព​រាងកាយ ឬ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​ឡើយ ត្រឹមតែ​ការដើរ រត់ ឬ​ជិះ​កង់ គឺអាច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ទឹកនោមផ្អែម​បាន​ហើយ​។ សកម្មភាព​រាងកាយ​ជួយ​ឱ្យ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាមមាន​តុល្យភាព​ដែល​នេះ​ជា​មូល​ហេតុដែល​អ្នក​គួរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ដើម្បី​ចៀសផុត ឬ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​។​
 
៦. ស្ត្រេ​ស​
 
​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​កើនឡើង​ប្រសិនបើ​រាងកាយ​ស្ថិតក្នុង​ស្ថានភាព​ស្ត្រេ​ស​ជាប្រចាំ​ដែល​នេះ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​បាន​យ៉ាង​ងាយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​គ្រប់គ្រង​កម្រិត​នៃ​ភាព​ស្ត្រេ​សរ​បស់​អ្នក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com