COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
AFF ទាត់ចោល​សំណើ​របស់​វៀតណាម​ដែល​ចង់​ធ្វើ​ម្ចាស់ផ្ទះ Suzuki Cup 2020 តែឯង​
23, Jun 2020 , 10:58 am        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) បានសម្រេច​មិន​ផ្លាស់ប្តូរ​ទម្រង់​លេង​នៅក្នុង​ដី និង​ក្រៅ​ដី​សម្រាប់​ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ ២០២០ ឡើយ បើ​ទោះ​មានការ​ស្នើ​ពី​ម្ចាស់​ការពារ​ជើងឯក​វៀតណាម ដ្បិត​ពួកគេ​បារម្ភ​ពី​ការឆ្លង​ជំងឺ COVID-19​។​


​នៅក្នុង​សន្និសីទ AFF តាមរយៈ​វីដេអូ​អន​ឡាញ​នៅ​ថ្ងៃទី​១១ ខែមិថុនា សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម (VFF) បានស្នើ​ព្រឹត្តិការណ៍​នេះ​គួរតែ​ត្រូវ​លេង​នៅក្នុង​ប្រទេស​តែមួយ ឬ​ពីរ ប្រសិនបើ​ជំងឺ​រាតត្បាត​សកល​មិនទាន់​អាច​គ្រប់គ្រង​បាន​នៅ​ទូទាំង​តំបន់​នៅ​ចុងឆ្នាំ ២០២០ នេះ​។ ពានរង្វាន់ AFF Suzuki Cup តម្រូវ​ឲ្យ​ក្រុម​តាម​ពូ​ល​ប្រកួត​គ្នា​ដោយ​ផ្លាស់ប្តូរ​ទឹកដី​ទៅវិញទៅមក រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។​
 
​នៅ​ប្រទេស​វៀតណាម ជំងឺ COVID-19 អាច​គ្រប់គ្រង​បាន​ហើយដោយ​មិនមាន​ការឆ្លង​សហគមន៍​ទៀតឡើយ​ក្នុង​រយៈពេល​ជាង​ពីរ​ខែ​ចុងក្រោយ​នេះ ខណៈ​ប្រទេស​សមាជិក​មួយចំនួនទៀត​នៅ​មិនទាន់​គ្រប់គ្រង​បាន​នៅឡើយ​។ ដោយសារ​ហេតុផល​នេះហើយ ទើប​វៀតណាម​ចង់យក​ទឹកដី​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ ឬ​ជា​ម្ចាស់ផ្ទះ​រួមគ្នា​ជាមួយ​ប្រទេស​ផ្សេង​មួយទៀត​ដែល​មិនមាន​ករណី​ឆ្លង សម្រាប់​ការប្រកួត​ពានរង្វាន់​កីឡាបាល់ទាត់​ប្រចាំ​តំបន់​អាស៊ាន​ឆ្នាំ​២០២០ ប្រសិនបើ​សំណើ​របស់​ពួកគេ​ទៅកាន់ AFF ត្រូវបាន​ទទួលយក​។ 
 
​យ៉ាងណាក៏ដោយ AFF បន្ទាប់ពី​ពិចារណា​លើ​សំណើ​របស់​ក្រុម​ម្ចាស់​ជើងឯក​ចាស់​រួចមក បានសម្រេច​ចិត្ត​មិន​ផ្លាស់ប្តូរ​ទម្រង់​ដើមឡើយ ហើយ​ក្រុម​នឹងត្រូវ​ប្រកួត​គ្នា​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ដូច​កាល​ឆ្នាំ ២០១៨ ដែរ​។​
 
​បើតាម VnExpress ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២២ ខែមិថុនា AFF បន្ថែមទៀតថា សម្រាប់​ការប្រកួត​ជម្រុះ World Cup ឆ្នាំ ២០២២ វិញ ក៏​នឹង​ប្រព្រឹត្តទៅ​នៅ​ចុងឆ្នាំ​នេះដែរ​ជាមួយនឹង​ទម្រង់​លេង​ដដែល​ដោយ​គ្មាន​ការផ្លាស់ប្តូរ​អ្វី​ឡើយ បើ​ទោះ COVID-19 នៅតែមាន​ករណី​ឆ្លង​។​
 
​ដោយឡែក អ្វីដែល​ជាការ​ផ្លាស់ប្តូរ​នោះ គឺ​ចំនួន​សមាជិក​កីឡាករ ដែល​នឹងត្រូវ​បន្ថែម​លើ​ចំនួន​ធម្មតា​២៣​នាក់ ទៅ​៣០​នាក់ ហើយ​ក្រុម​អាចមាន​កីឡាករ ២៣ នាក់​សម្រាប់​ការប្រកួត ខណៈ​ពីមុន​បាន​អនុ​ញ្ជា​ត​ឲ្យ​មាន​ត្រឹម ២០​នាក់​ប៉ុណ្ណោះ​។ នេះ​ជាការ​ផ្លាស់ប្តូរ ដើម្បី​ជាការ​សម្រួល​ដល់​ការរៀបចំ​របស់​ក្រុម បន្ទាប់ពី​សម្រាក​អស់​រយៈពេល​យូរ​ដោយសារ​វិបត្តិ COVID-19​។​
 
​បើតាម​ការគ្រោងទុក ព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ​២០២០ នឹង​ដំណើរការ​ការប្រកួត​ចាប់ពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣១ ខែធ្នូ​។ យ៉ាងណា ការចាប់​ឆ្នោត​រើស​ពូ​ល​ត្រូវបាន​ពន្យារពេល​កាលពី​ខែមិថុនា ហើយ​ត្រូវ​លើក​ដល់​ខែសីហា​វិញ​៕

Tag:
 AFF
  VFF
  AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com