ចិន​ថា ខ្លួន​ធ្វើតាម​ច្បាប់​ក្នុងការ​កាត់ទោស​ជនជាតិ​កាណាដា​ពីរ​នាក់​ពាក់ព័ន្ធ​ករណី​សន្តិសុខ​ជាតិ​
អន្តរជាតិ
ចិន​ថា ខ្លួន​ធ្វើតាម​ច្បាប់​ក្នុងការ​កាត់ទោស​ជនជាតិ​កាណាដា​ពីរ​នាក់​ពាក់ព័ន្ធ​ករណី​សន្តិសុខ​ជាតិ​
23, Jun 2020 , 2:04 pm        
រូបភាព
​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​២២ ខែមិថុនា បាន​និយាយ​ការពារ​ចំណាត់​របស់ខ្លួន​ទាក់ទង​ការចាប់ផ្ដើម​នីតិវិធី​កាត់ទោស​ជនជាតិ​កាណាដា​ពីរ​នាក់​លើ​សំណុំរឿង​សន្តិសុខ​ជាតិ​។ នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ បាន​ហៅ​ការចាប់ខ្លួន​នេះ ជា​រឿង​នយោបាយ​គួរ​ឲ្យ​ខ្មាស់អៀន​សម្រាប់​ចិន ដែល​ធ្វើឡើង​ដើម្បី​ដាក់​សម្ពាធ​លើ​កាណាដា​ក្រោយ​កាណាដា​ចាប់ខ្លួន​មន្ត្រី​ក្រុមហ៊ុន Huawei ។ ប៉ុន្តែ​ក្រសួងការបរទេស​ចិន​អះអាងថា ចិន​អនុវត្ត​ច្បាប់​របស់ខ្លួន​ប៉ុណ្ណោះ​លើ​ករណីនេះ​។​

 
​កាណាដា និង​ចិន បាន​ដំឡើង​សម្ដី​ដាក់គ្នា​ជាថ្មី​ពាក់ព័ន្ធ​ការចាប់ខ្លួន​ជនជាតិ​កាណាដា​ពីរ​នាក់​ដោយ​អាជ្ញាធរ​ចិន​លើ​សំណុំរឿង​សន្តិសុខ​ជាតិ​។ ការចាប់ខ្លួន​អតីតមន្ត្រី​ការទូត លោក  Michael Kovrig និង​អ្នកជំនួញ Michael Spavor កើតឡើង​ក្រោយ​ការចាប់ខ្លួន​លោកស្រី ម៉ឹង វ៉ាន់​ចូ​វ នាយក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ដោយ​អាជ្ញាធរ​កាណាដា​តាម​ការស្នើ​របស់​អាមេរិក​ពីបទ​កេង​បន្លំ និង​កុហក​ក្នុង​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់​។​
 
​ខណៈ​សំណុំរឿង​លោកស្រី ម៉ឹង ស្ថិតក្នុង​ដំណាក់កាល​ត​វ៉ា​លើ​ការធ្វើ​បត្យាប័ន​ទៅ​អាមេរិក នៅ​សប្ដាហ៍​មុន រដ្ឋអាជ្ញា​ចិន​បានចាប់ផ្ដើម​នីតិអាជ្ញារ​បស់​ខ្លួន​លើ​លោក Kovrig និង​លោក Spavor ដែល​សង្ស័យថា លួច​ធ្វើ​ចារកម្ម និង​ចែកចាយ​ព័ត៌មាន​សម្ងាត់​រដ្ឋ​។ នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ នៅតែ​មិន​អស់​ចិត្តនឹង​ការចាប់ខ្លួន​ជនជាតិ​កាណាដា​ទាំងពីរ ដោយ​ចាត់ទុកជា​ការចាប់ខ្លួន​ដោយ​បង្ខំ​ដើម្បី​ប្រយោជន៍​នយោបាយ​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២២ ខែមិថុនា លោក ទ្រូ​ដូ បញ្ជាក់ថា រដ្ឋាភិបាល​របស់លោក​បាន​រិះគន់​ពី​ដើមទី​លើ​ការសម្រេចចិត្ត​នយោបាយ​របស់​ចិន​ក្នុង​ការដាក់​សម្ពាធ​លើ​កាណាដា​។ លោក​ចង់​សំដៅ​ដល់​ការផ្អាក​ការ​នាំចូល​ទំនិញ​កាណាដា​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ពី​សំណាក់​ចិន​ក្រោយ​ការកើតឡើង​រឿងរ៉ាវ​ទាំងនេះ​។ មេដឹកនាំ​កាណាដា​រូបនេះ ថែមទាំង​រិះគន់​ចិន​ថា បន្ត​កាត់ទោស​ជនជាតិ​កាណាដា ដើម្បី​សង​សឹង​ការសម្រេចចិត្ត​របស់​ប្រព័ន្ធតុលាការ​ឯករាជ្យ​នៅ​កាណាដា​។​
 
​យ៉ាងណាមិញ ចិន​បាន​ទាត់ចោល​សម្ដី​ប្រមុខ​រដ្ឋាភិបាល​កាណាដា​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២២ ខែមិថុនា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Zhao Lijian និយាយថា កាណាដា​កំពុង​អនុវត្ត​ស្តង់ដា​ពីរ​ជាន់​លើ​រឿង​តុលាការ​ឯករាជ្យ​។ លោក Zhao បាន​ការពារ​ការកាត់ទោស​ជនជាតិ​កាណាដា​ទាំងពីរ ដោយ​ថា ជាការ​អនុវត្ត​ច្បាប់​លើ​ករណី​សង្ស័យ​ពាក់ព័ន្ធ​សន្តិសុខ​ជាតិ និង​មិនមែនជា​ការចាប់ខ្លួន​ដោយ​បង្ខំ​អ្វី​ទាំងអស់​។​
 
​មន្ត្រី​នាំពាក្យ​ក្រសួងការបរទេស​ចិន​រូបនេះ ក៏​បន្ត​វាយប្រហារ​កាណាដា​លើ​ករណី​មន្ត្រី​ក្រុមហ៊ុន Huawei ដោយ​លោក​ហៅ​សំណុំ​រឿងនេះ​ជា​រឿង​នយោបាយ ព្រោះ​អាមេរិក​ចង់​ធ្វើទុក្ខ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​មួយ​នេះ និង​ក្រុមហ៊ុន​ឯទៀត ហើយ​កាណាដា​ជា​អ្នក​ចូល​ដៃ​ចូល​ជើង​។ លោក Zhao ក៏បាន​ទទូច​ឲ្យ​កាណាដា​កែប្រែ​កំហុស​របស់ខ្លួន ដោះលែង​លោកស្រី ម៉ឹង ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​ឲ្យ​បាន​ឆាប់រហ័ស​៕  
 
 

Tag:
 ​ចិន​
  កាណាដា​
  ចា​ស្ទី​ន ទ្រូ​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com