ជាតិ
សេដ្ឋកិច្ច
ADB ព្យាករ​ថា ២០២០ កំណើនសេដ្ឋកិច្ច​កម្ពុជា អាច​ធ្លាក់ចុះ​ដល់​ទៅ​ -៥,៥​ភាគរយ តែ​២០២១ កើន​៥,៩​ភាគរយ​វិញ
23, Jun 2020 , 8:29 pm        
រូបភាព
តួលេខពី ADB៖ ២០១៨ កំណើនសេដ្ឋកិច្ចកម្ពុជា កើន៧,៥ភាគរយ ២០១៩ កើន៧,១ភាគរយ ២០២០ នឹងធ្លាក់ចុះ -៥,៥ភាគរយ ២០២១ នឹងកើន៥,៩ភាគរយ
តួលេខពី ADB៖ ២០១៨ កំណើនសេដ្ឋកិច្ចកម្ពុជា កើន៧,៥ភាគរយ ២០១៩ កើន៧,១ភាគរយ ២០២០ នឹងធ្លាក់ចុះ -៥,៥ភាគរយ ២០២១ នឹងកើន៥,៩ភាគរយ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញសេចក្តីព្យាករថា ជំងឺកូវីដ-១៩ អាចនឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា (GDP) ធ្លាក់ចុះដល់ទៅ -៥,៥ភាគរយឯណោះ ក្នុងឆ្នាំ២០២០។ តែជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហ៊ានសន្និដ្ឋានថា នៅឆ្នាំ២០២១ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងស្ទុះឡើង៥,៩ភាគរយវិញ។



តារាងប្រៀបធៀបអំពីកំណើនសេដ្ឋកិច្ចនៃប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបង្ហោះលើគេហទំព័របស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បង្ហាញថា ក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចថៃ នឹងធ្លាក់ចុះខ្លាំងជាងគេ គឺ -៦,៥ភាគរយ បន្ទាប់មកគឺសិង្ហបុរី ដែលនឹងធ្លាក់ចុះ -៦ភាគរយ ហើយទី៣ គឺកម្ពុជា ដែលនឹងធ្លាក់ចុះ -៥,៥ភាគរយ។

ចំណែក កំណើនសេដ្ឋកិច្ចនៃប្រទេស៨ទៀត ក្នុងឆ្នាំ២០២០ គឺម៉ាឡេស៊ី នឹងធ្លាក់ចុះ -៤ភាគរយ ហ្វីលីពីន នឹងធ្លាក់ចុះ -៣,៨ភាគរយ ទីម័រឡេស នឹងធ្លាក់ចុះ -៣,៧ភាគរយ ឥណ្ឌូណេស៊ី នឹងធ្លាក់ចុះ -១ភាគរយ ឡាវ នឹងធ្លាក់ចុះ -០,៥ភាគរយ  ព្រុយណេ ធ្លាក់មកនៅត្រឹម១,៤ភាគរយ មីយ៉ាន់ម៉ា ធ្លាក់មកនៅត្រឹម១,៨ភាគរយ វៀតណាម ធ្លាក់មកនៅត្រឹម៤,១ភាគរយ។ នេះបើមើលតាមតារាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដដែល។

ការព្យាកររវាងធនាគារអភិឌ្ឍន៍អាស៊ី និងរដ្ឋាភិបាលកម្ពុជា គឺខុសគ្នាឆ្ងាយ។ បើតាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋាភិបាលកម្ពុជា ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចធ្លាក់ចុះតែក្នុងរង្វង់១,៩ភាគរយទេ។

ក្នុងឱកាសចុះទៅពិនិត្យមើលការដ្ឋាន សាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅឃុំស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ប្រមុខរដ្ឋាភិបាល បានហៅការធ្លាក់ចុះ១,៩ភាគរយនៃកំណើនសេដ្ឋកិច្ចកម្ពុជា ថាមិនធ្លាប់កើតមានក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។

ទោះសេដ្ឋកិច្ចកម្ពុជា ត្រូវប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ហើយចំណូលរដ្ឋ ធ្លាក់ចុះក្តី តែសម្តេចនាយករដ្ឋមន្ត្រី អះអាងថា រដ្ឋាភិបាល នៅតែមានលទ្ធភាពបើកបៀវត្សជូនមន្ត្រីរាជការដដែល។ មេដឹកនាំរូបនេះ ប្រកាសប្រាប់អ្នកប្រឆាំងដូច្នេះថា៖«កូវីដ-១៩ មិនអាចសម្លាប់រដ្ឋាភិបាល ហ៊ុន សែន បានទេ»។

មុនជំងឺកូវីដ-១៩ផ្ទុះឡើង កំណើនសេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងរង្វង់៧,៥ភាគរយ ក្នុងឆ្នាំ២០១៩ និង ៧,១ភាគរយ ក្នុងឆ្នាំ២០១៩ (របាយការណ៍ពីធនាគារអភិវឌ្ឍន៍អាស៊ី)។

គេ សង្កេតឃើញរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការជាច្រើន ជាមួយនឹងការត្រៀមថវិកាពី៨០០លានដុល្លារ ទៅដល់ជាង៣ពាន់លានដុល្លារ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច និងបញ្ហានានា ដូចជា ផ្តល់ឧបត្ថម្ភថវិកាដល់កម្មករ ដែលត្រូវព្យួរការងារ និងឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ជាដើម៕

Tag:
 COVID-19
  ADP
  កម្ពុជា​
  GDP
© រក្សាសិទ្ធិដោយ thmeythmey.com