អន្តរជាតិ
សេចក្តីសម្រេច​លើ​ថាមពល​ពន្លឺព្រះអាទិត្យ​ធ្វើ​ឲ្យ​មានការ​សម្រេច​មិន​ច្បាស់លាស់​លើ​ថាមពល​ធ្យូង​របស់​វៀតណាម​
23, Jun 2020 , 7:59 pm        
រូបភាព
ព្រះ​អាទិត្យ​កំពុង​លិច​ក្នុង​ទីក្រុង​ហូជីមិញ។
ព្រះ​អាទិត្យ​កំពុង​លិច​ក្នុង​ទីក្រុង​ហូជីមិញ។
ដោយ: VOA
​នៅក្បែរ​ឆ្នេរ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម ដែល​ពោរពេញ​ដោយ​អ្នកជិះ​ក្តារ​លើទឹក​សមុទ្រ​និង​អ្នក​មុជ​ត្រាំ​ក្នុង​ភក់ មាន​រោងចក្រ​វា​រី​អគ្គិសនី​មួយ​ឈ្មោះថា Da Mi​។ ប៉ុន្តែ វា​មិនបាន​ផលិត​ថាមពល​ពី​ទំនប់​និង​កម្លាំង​ទឹកធ្លាក់​ទៀត​នោះទេ​។ ក្រុមការងារ​បាន​បន្ថែ​ម​បន្ទះ​សូ​ឡា​នៅ​អាង​ស្តុក​ទឹក​កាលពី​ឆ្នាំមុន ដែល​បាន​បង្កើតជា​អ្វីដែល​ធនាគា​អភិវឌ្ឍន៍អាស៊ី​ហៅថា គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​អណ្តែត​ទឹកធំ​ដំបូង​គេ​បំផុត នៅក្នុង​តំបន់​អាស៊ី​អា​គ្ន​យ៍​។​

 
​តាមរយៈ​គម្រោង​នេះ និង​គម្រោង​ផ្សេងទៀត​ដែល​ស្រដៀង​គ្នា​នេះ ប្រទេស​វៀតណាម ដែល​ពេញ​ដោយ​ពន្លឺ​ថ្ងៃ មាន​សមត្ថភាព​ទាញយក​កម្លាំង​ថាមពលព្រះអាទិត្យ​បាន​ច្រើនជាងគេ​ក្នុង​តំបន់​នេះ​។ ប៉ុន្តែ មហិច្ឆតា​របស់​វៀតណាម ដែល​ឆ្ពោះទៅរក​ថាមពល​ពន្លឺព្រះអាទិត្យ ហើយ​ឈប់​ប្រើ​ធ្យូង ត្រូវបាន​រារាំង​ដោយសារ​បញ្ហា​មួយ​អស់​ពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ បន្ទាប់ពី​ក្រុមហ៊ុន​ជាច្រើន​បាន​តំឡើង​បន្ទះ​ស្រូប​ថាមពល​ពន្លឺព្រះអាទិត្យ ពួកគេ​លក់​ថាមពល​នោះ​ឲ្យ​ស្ថាប័នរដ្ឋ ដោយ​មិនមាន​ដំណោះស្រាយ ដើម្បី​បញ្ចេញ​វា​ទៅកាន់​អតិថិជន​ដោយផ្ទាល់ ដូច​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ទេ​។ ប៉ុន្តែ ស្ថានការណ៍​នេះ​នឹង​ផ្លាស់ប្តូរ​។​
 
​ទីក្រុង​ហាណូយ បានអនុម័ត​ច្បាប់​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការលក់​ដោយផ្ទាល់​ដោយ​លុបចោល​ភាពផ្តាច់មុខ​របស់​រដ្ឋ គឺ​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម ដែលជា​ឈ្មួញកណ្តាល​នោះ​។ អ្នកគាំទ្រ​សង្ឃឹមថា ច្បាប់​នោះ​នឹង​ពង្រីក​ទីផ្សារ​សម្រាប់​ថាមពល​កកើត​ឡើងវិញ ជាពិសេស​ដោយសារ​វៀត​ណា​ម​ចាត់ទុក​ខ្លួនឯង​ថា ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​៥ ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដោយសារ​បម្រែបម្រួល​អាកាសធាតុ​។​
 
​តែ​ទោះបីជា​យ៉ាងនេះ​ក្តី វៀតណាម នៅមាន​ការមិន​សម្រេច​ច្បាស់លាស់​អំពី​ការប្រើ​ធ្យូង​ដែលមាន​តម្លៃថោក ប៉ុន្តែ​ជា​បញ្ហា​ធំ ដែល​បង្ក​ឲ្យ​មាន​ឧស្ម័ន​ផ្ទះ​កញ្ចក់​ហើយ​ធ្វើ​ឲ្យ​គុណភាព​ខ្យល់​មិនល្អ​។​
 
​ក្រុមហ៊ុន DFDL​ដែលជា​ក្រុមហ៊ុន​ច្បាប់​មួយ បាន​និយាយ​នៅក្នុង​កំណត់ត្រា​ទៅកាន់​អតិថិជន​ដោយ​ពន្យល់​ពី​សារៈសំខាន់​នៃ​ច្បាប់​ថ្មី ឬ សេចក្តីសម្រេច​របស់​នា​យក​រដ្ឋមន្ត្រី​លេខ​ទី​១៣ ថា «​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម ឬ (EVN) និង​ក្រុមហ៊ុន​ដែលជា​សមាជិក​នោះ មិនមែនជា​អ្នកទិញ​ថាមពល​អគ្គិសនី​តែមួយគត់ ពី​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​ក្នុងប្រទេស​វៀតណាម​ទៀត​នោះទេ ដោយសារតែ​និយមន័យ «​អ្នកទិញ​ថាមពល​អគ្គិសនី​» មាន​រួមបញ្ចូល​ទាំង​ស្ថាប័នឯកជន​និង​បុគ្គល​នានា​»​។​

​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​ធំ​បំផុត​
 
​វៀតណាម​និយាយថា ខ្លួន​មាន​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​ធំ​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ទោះបីជា​ប្រទេសជិតខាង​កំពុង​ដេញតាម​យ៉ាងណាក៏ដោយ​។ ប្រទេស​ឥណ្ឌូណេស៊ី បានរួម​បញ្ចូល​ការលើកទឹកចិត្ត​នៅពេល​មានការ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​នៅក្នុង​ផែនការ​ងើប​ពី​ជំងឺ​កូ​វីដ​១៩​របស់ខ្លួន គ្រា​ដែល​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ បានស្នើ​ឲ្យ​មានការ​ដេញថ្លៃ​ដើម្បី​បង្កើត​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​។​ពីមុនមក​ម៉ាឡេស៊ី និង​ថៃ មាន​សមត្ថភាព​ទាញយក​ថាមពល​ពន្លឺព្រះអាទិត្យ​បាន​ច្រើន​បំផុត​ក្នុង​តំបន់​តែ​មកដល់​ឆ្នាំ​២០១៩ ត្រូវបាន​វៀតណាម​វ៉ា​ដាច់​មុខ នេះ​បើ​យោងតាម​ក្រុមហ៊ុន​ប្រឹក្សា Wood Mackenzie​។​
 
​ប្រទេស​ចិន​ដែល​នៅ​ជិតខាង​ដែរនោះ បាន​បង្កើន​ផលិតកម្ម​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​ធ្វើ​ឲ្យ​វា​មានតម្លៃ​សមរម្យ​សម្រាប់​ពិភពលោក​។ ទោះជា​យ៉ាងនេះ​ក្តី​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ ជាមួយនឹង​ចិន​ដែល​ដាក់​ពន្ធ​លើ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​ទាំងនោះ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នានា ទិញ​វាពី​វៀតណាម​វិញ​។ បច្ចុប្បន្ន​ធនាគារពិភពលោក​បាន​ថ្លែង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា «​វៀតណាម​ក៏បាន​ក្លាយជា​អ្នក​នាំមុខ​ក្នុង​ពិភពលោក​ក្នុង​ការផលិត​ម៉ូឌុល​ស្រូប​ពន្លឺព្រះអាទិត្យ​ដែរ​»​។​
 
​ទោះជា​យ៉ាងនេះ​ក្តី បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​ជាច្រើន​មិនត្រូវ​បាន​ប្រើ​នៅក្នុង​ប្រទេស​វៀតណាម​ទេ ខណៈដែល​ប្រទេស​នេះ កំពុង​ថ្លឹង​ថ្លែងថា​តើ​ខ្លួន​គួរ​កាត់ផ្តាច់​ពី​ការប្រើប្រាស់​ថាមពល​ធ្យូង​ដែលមាន​តម្លៃថោក​នោះ ឬ យ៉ាងណា ហើយ​តើ​ការ​កាត់ផ្តាច់​នោះ​នឹង​អស់​តម្លៃ​ប៉ុន្មាន​។ រដ្ឋាភិបាល​វៀតណាម កំពុង​ព្យាយាម​ធ្វើ​ឲ្យ​មាន​តុល្យភាព​។ ម្យ៉ាង វៀតណាម​មានបំណងរ​ក្សា​តម្លៃ​អគ្គិសនី​ឲ្យ​ស្ថេ​រ និង​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​របស់ខ្លួន​។ ឧទាហរណ៍ ក្នុងអំឡុងពេល​បិទ​ដំណើរការ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូ​វីដ​១៩ អាជ្ញាធរ​បាន​ទម្លាក់​តម្លៃ​អគ្គិសនី ដើម្បី​សម្រួល​បន្ទុក​អ្នកប្រើប្រាស់​ដែល​ធ្វើការ​តិចជាង​មុន​។ ម្យ៉ាងវិញទៀត វៀតណាម​បារម្ភ​ពី​ការប្រែប្រួល​អាកាសធាតុ ដែល​គំរាមកំហែង​ដល់​ឆ្នេរសមុទ្រ កសិដ្ឋាន ជីវិត និង​ជីវភាព​របស់​ប្រជាជន​ខ្លួន​។​
 
​អនុប្រធានរដ្ឋសភា​វៀតណាម​លោក Phung Quoc Hien (​ហ្វុ​ង គួ​ក ហៀន​) បាន​និយាយ​កាលពី​ខែ​មុន​ក្នុង​សម្តី​ដើម​ថា​៖
 
«​ការប្រែប្រួល​អាកាសធាតុ កំពុង​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​ខ្លាំង​ដល់​ពួកយើង​។ យើង​បាន​ឆ្លងកាត់​វិបត្តិ​ដ៏​អាក្រក់​បំផុត ដោយ​ការហូរចូល​ទឹកប្រៃ និង​គ្រោះរាំងស្ងួត​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com