COVID-19
ជាតិ
សម្ដេច ហ៊ុន សែន និងមេដឹកនាំអាស៊ាន នឹងប្រជុំពាក់ព័ន្ធបញ្ហាកូវីដ-១៩ តាមប្រព័ន្ធវីដេអូ
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំអាស៊ាន នឹងបើកប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ«ភាពស្អិតរមួត និងការឆ្លើយតប» តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ មិថុនា។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម។
បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្នាក់ដឹកនាំអាស៊ានផ្ដោតលើការយកចិត្តទុកដាក់ដោះស្រាយជំងឺកូវីដ-១៩ ដែលរាតត្បាតជាសាកល និងការស្ដារសេដ្ឋកិច្ច-សង្គមក្រោយបញ្ចប់ជំងឺនេះ រួមទាំងមធ្យោបាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងទំនាក់ទំនងអាស៊ានជាមួយដៃគូខាងក្រៅ និងសហគមន៍ពិភពលោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមប្រជុំ៤ប្រធានបទ រួមមាន៖ សម័យប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ស្តីពីការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល , កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងសភាអន្តរអាស៊ាន, កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយយុវជនអាស៊ាន និងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងក្រុមប្រឹក្សាយោបល់ធុរកិច្ចអាស៊ាន។
ដោយឡែកលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក៏នឹងមានកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ានលើកទី២១ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៦ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ មិថុនាដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com