កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាកាស Undertaker រហស្សនាម «​អ្នក​កប់ខ្មោច​» ចង់​ចូលនិវត្តន៍​ក្នុង​អាយុ​៥៥​ឆ្នាំ​
23, Jun 2020 , 7:29 pm        
រូបភាព
The Undertaker អ្នកកីឡា​កាស​ដ៏​ល្បីឈ្មោះ​របស់​ស្ថាប័ន WWE បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម​បន្ទាប់ពី​លោក​និយាយថា​លោក​គ្មាន​បំណង​ឡើង​សង្វៀន​វិញទៀត​ឡើយ​។ នេះ​អាចជា​ការបង្ហាញ​ពី​គម្រោង​ចូលនិវត្តន៍​របស់ Undertaker ក្នុង​អាជីព​កីឡាកាស​នេះហើយ​។​



​នៅ​អាយុ ៥៥ ឆ្នាំ Undertaker ដែលមាន​ឈ្មោះ​ពិត Mark Calaway បាន​និយាយ​នៅក្នុង​កម្មវិធី​មួយ​កាលពីពេល​ថ្មីៗ​នេះ​ថា « គ្មាន​អ្វីដែល​នៅសល់​សម្រាប់​លោក​ដើម្បី​យកឈ្នះ​ការ​ប្រជែង​ទៀតឡើយ​»​។ សម្តី​របស់ Calaway ដូច្នេះ បានបង្ហាញ​ពី​ផែនការ​ចូលនិវត្តន៍​ប​ន្ទា​ប់ ក្រោយ​ប្រកប​អាជីព​មួយ​នេះ​អស់​រយៈពេល​៣​ទសវត្ស​មក​។​


 
​ប៉ុន្តែ​យ៉ាងណាក៏ដោយ មកទល់ពេលនេះ​ទាំង Calaway និង WWE នៅ​មិនទាន់​បានប្រកាស​ជា​ផ្លូវការ​ពី​ការចូលនិវត្តន៍​ពី​វិស័យ​កីឡាកាស​នេះ​នៅឡើយ​នោះទេ​។​
 
​បុរស​ដែល​គេ​ឲ្យ​រហស្សនាម​ថា «​អ្នក​កប់ខ្មោច​» នៅក្នុង​កម្មវិធី​កីឡា​បែប​កម្សាន្ត​ដ៏​មាន​ប្រជាប្រិយ​របស់​អាមេរិក WWE បាន​រៀបរាប់​ក្នុងអំឡុង​កម្មវិធី​និយាយ​ពី​ជីវប្រវត្តិ The Last Ride ដែល​រៀបចំ​ដោយ​ស្ថាប័ន WWE ថា​៖ «​វា​ជា​ពេលវេលា​ដ៏​ល្អឥតខ្ចោះ​។ អ្នក​មិនចាំបាច់​ទទួលបាន​អ្វី​គ្រប់យ៉ាង​នោះទេ ប្រសិនបើ​ការបញ្ចប់​អាជីព​ដ៏​ល្អឥតខ្ចោះ​បានកើត​ឡើង​ពិតមែន​»​។ វា​ដល់ពេល​ហើយ​ដែល​ខ្ញុំ​ត្រូវ​ចាក​ចេញទៅ​ឆ្ងាយ​។ ខ្ញុំ​អាចធ្វើ​បានល្អ​នៅ​ខាងក្រៅ​សង្វៀន​ច្រើនជាង​អ្វីដែល​ខ្ញុំ​អាចធ្វើ​បាន​នៅ​ខាងក្នុង ហើយ​ទីបំផុត​ខ្ញុំ​អាច​នៅ​កន្លែង​ដែល​ខ្ញុំ​ទទួលយកបាន​ហើយ​»​។​
 
Undertaker បន្ថែមថា​រូបគេ​នឹង​ពិចារណា​ត្រឡប់​ចូល​សង្វៀន WWE វិញ សម្រាប់​ការប្រកួត​ចុងក្រោយ​ក្នុង​អាជីព​នេះ ប៉ុន្តែ​មិនទាន់​ប្រកាស​ពី​ពេលវេលា​ពិតប្រាកដ​នោះទេ​។​
 
Calaway ឬ The Undertaker បានចាប់ផ្តើម​អាជីព​ជា​អ្នកកីឡា​ចំបាប់​លំដាប់​ពិភពលោក​ក្នុង​ឆ្នាំ ១៩៨៧ ហើយ​បាន​ផ្លាស់​ទៅ​ស្ថាប័ន WWE ក្នុង​ទសវត្ស​ឆ្នាំ ១៩៩០ ដែលជា​សមាជិក​ចុងក្រោយ​នៃ​ក្រុម​មាន​ប្រាក់​រាប់លាន​ដុល្លារ​របស់ Ted DiBiase​។ Calaway ក៏ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នកត្រួសត្រាយ​ផ្លូវ​ឲ្យ WWE ល្បីល្បាញ​ដល់​សព្វថ្ងៃ​ផងដែរ ចាប់ពី​ឆ្នាំ ១៩៩២ មក​៕

Tag:
 WWE
  The Undertaker
  Mark Calaway
© រក្សាសិទ្ធិដោយ thmeythmey.com