COVID-19
អន្តរជាតិ
លោក ត្រាំ ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន នៅតែ​អនុវត្ត​ដដែល​
23, Jun 2020 , 9:29 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ អះអាងថា កិច្ចព្រមព្រៀង​ពាណិជ្ជក​ម្ជ​ដំណាក់កាល​ទីមួយ​ជាមួយ​ចិន នៅតែ​បន្ត​អនុវត្ត​ដដែល​។ លោក ត្រាំ អះអាង​បែបនេះ​បន្ទាប់ពី​ទីប្រឹក្សា​ពាណិជ្ជកម្ម​របស់​សេត​វិមាន Peter Navarro ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ស្រង់​សម្ដី​ថា កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ បាន​ចប់​ហើយ គឺ​ចាប់តាំងពី​ចិន​បញ្ជូន​អ្នកជំងឺ COVID-19 មក​អាមេរិក​។ ប៉ុន្តែ​ទីប្រឹក្សា​រូបនេះ​បកស្រាយ​ថា សារព័ត៌មាន​អាមេរិក​ស្រង់​សម្ដី​លោក​ខុស​។

 
​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចិន និង​អាមេរិក​ដំណាក់កាល​១ ត្រូវបាន​ចុះហត្ថលេខា តាំងពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ មក​ម្លេះ​។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ឧបនាយករដ្ឋមន្ត្រី​ចិន និង​ជា​អ្នកតំណាង​ចរចា​ពាណិជ្ជកម្ម​ចិន​-​អាមេរិក លោក Liu He​។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ ចិន យល់ព្រម​ទិញ​ទំនិញ និង​សេវាកម្ម​អាមេរិក ក្នុង​ទំហំ​ទឹកប្រាក់ ២០០​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ២​ឆ្នាំ​។ 
 
​តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ Fox News លោក Peter Navarro ទីប្រឹក្សា​ពាណិជ្ជកម្ម​សេត​វិមាន​អាមេរិក បាន​លើកឡើងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ បាន​ចប់​។ បើតាម​ការពន្យល់​រប​ស់​មន្ត្រី​ពាណិជ្ជកម្ម​រូបនេះ ស្ថានភាព​បាន​ផ្លាស់ប្តូរ នៅពេល​អាមេរិក បាន​ដឹងឮ​ពី​ការ​រាតត្បាត​នៃ COVID-19 នៅ​អាមេរិក ដែល​កើតឡើង​បន្ទាប់ពី​អ្នកតំណាង​ចិន បាន​ចាក​ចេញពី​អាមេរិក នៅពេល​ចប់​ពិធី​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់​មួយ​កាលពី​ខែមករា​។ 
 
​ក្នុង​កិច្ច​សម្ភាស​ដដែល​នេះ លោក Navarro បាន​បន្តថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម បាន​ចប់​តាំងពី​ចិន បាន​បញ្ជូន​អ្នកជំងឺ COVID-19 ជាច្រើន​ពាន់​នាក់មក​អាមេរិក ដើម្បី​រាតត្បាត COVID-19 មក​ម្លេះ ពោលគឺ​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​បន្ទាប់ពី​អាមេរិក​មាន COVID-19 ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ 
 
​ផ្ទុយ​ពី​ការលើកឡើង​របស់​ទីប្រឹក្សា​សេត​វិមាន លោក ត្រាំ បាន​អះអាងថា កិច្ចព្រមព្រៀង​នៅតែមាន​ជីវិត​នៅឡើយ​។ លោក ត្រាំ បាន​សរសេរ​នៅ​បណ្តាញ​សង្គម Twitter បន្ទាប់ពី​កិច្ច​សម្ភាស​របស់ លោក Navarro បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ « កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចិន​-​អាមេរិក គ្មាន​ខូចខាត​អ្វី​ឡើយ​។ សង្ឃឹមថា ពួកគេ (​ចិន​) នឹង​បន្ត​អនុវត្តតាម​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ​»​។ 
 
​យ៉ាងណាក្ដី លោក Peter បានចេញ​សេចក្តីថ្លែងការណ៍​បកស្រាយ​ថា កិច្ចព្រមព្រៀង​នៅតែ​បន្ត​ដដែល​ទេ​។ ប៉ុន្តែ​ការលើកឡើង​របស់លោក​ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​បានបញ្ចប់​នោះ គឺ​ត្រូវបាន​គេ​ដង​ស្រង់​មក​ខុសពី​អ្វីដែល​លោក​ចង់​សំដៅ​ដល់​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ចិន​គ្មានអ្វី​ទាំងអស់ ដើម្បី​ធ្វើតាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ហើយ​អាមេរិក ក៏​ខ្វះ​ទំនុកចិត្ត​លើ​បក្សកុម្មុយនិស្ត​ចិន​ផងដែរ បន្ទាប់ពី​ទីក្រុង​ប៉េកាំង បាន​កុហក​ពី​ដើមកំណើត​នៃ COVID-19 និង​បង្ក​ឲ្យ​មាន​ការរីក​សាយភាយ​នៅលើ​ពិភពលោក​។  
 
​សូមបញ្ជាក់ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ ទំនាក់ទំនង​អាមេរិក និង​ចិន មាន​ភាពល្អក់​កក​រយ៉ា​ង​ខ្លាំង​។ បញ្ហា​ចម្រូងចម្រាស​របស់​ប្រទេស​ទាំងពីរ​មានដូចជា បញ្ហា​ដើមកំណើត COVID-19 ការគ្រប់គ្រង COVID-19 របស់​ចិន​មិនបាន​ល្អ និង​បញ្ហា​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ជាដើម​៕ 

Tag:
 ចិន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com