COVID-19
ជាតិ
ចិន ថា កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​កម្ពុជា​-​ចិន មាន​ភាពល្អប្រសើរ
23, Jun 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ចិន ថា កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អនុវត្ត​ច្បាប់​រវាង​ចិន និង​កម្ពុជា មាន​ភាពល្អប្រសើរ ក្នុង​រយៈពេល​១​ឆ្នាំនេះ​។ ការវាយតម្លៃ​លើ​កិច្ចសហប្រតិបត្តិការ​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក Wang Wentain ឯកអគ្គរដ្ឋទូត នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​២២ មិថុនា​។​


​លោក Wang Wentain បាន​វាយតម្លៃថា ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំងពីរ ពិតជា​ទទួលបាន​នូវ​លទ្ធផល​ល្អប្រសើរ ទោះបី​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​យ៉ាងណាក៏ដោយ​។ បើតាម​លោក Wang Wentain  ការសម្រេចបាន​លទ្ធផល​ល្អប្រសើរ​នេះ ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួងមហាផ្ទៃ​។​
 
​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖« កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្លាំង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំងពីរ នឹង​បម្រើ​ដល់​ផលប្រយោជន៍​រួម​របស់​ប្រជាជន និង​ប្រទេស​ទាំងពីរ លើ​វិស័យ​ថែរក្សា​សន្តិសុខ​ទៅ​អនាគត​»​។​
 
​កម្ពុជា នឹង​បន្ត​ជំ​រុញឱ្យ​កងកម្លាំង​អនុវត្ត​ច្បាប់​ប្រទេស​ទាំងពីរ ជាពិសេស​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ទោះបី​ស្ថិតនៅ​ក្នុងស្ថានភាព​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ក្តី​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង​។​
 
​សម្ដេច ស ខេង អះអាងថា កិច្ចសហប្រតិបត្តិការ តាមរយៈ​ស្មារតី​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​រវាង​ភាគី​ទាំងពីរ នឹង​ធ្វើឱ្យ​ទំនាក់ទំនង​ទ្វេរ​ភាគី​កាន់តែ​រឹងមាំ​ថែមទៀត ទាំង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ដូច្នេះ​ថា​៖«​កម្ពុជា​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ផ្ដល់​កិច្ចសហការ​ជាមួយ​ភាគី​ចិន និង​ស្ថានទូត​ចិន ក្នុងការ​គាំទ្រ​លើ​កិច្ចការ​ផ្សេងៗ​ដែល​នៅក្រោម​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ផ្ទាល់​»​។​
 
​តាមរយៈ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំងពីរ លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដូចជា​ការ​ឆរ​បោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ ការលេង​ល្បែងភ្នាល់​អន​ឡាញ បទល្មើស​សង្គមងងឹត និង​ការចាប់​ជំរិត​ទារប្រាក់​ជាដើម​។ មុនពេល​ផ្ទុះ​ករណី​កូ​វីដ​-១៩ នៅ​កម្ពុជា​នោះ អាជ្ញាធរ​ក៏បាន​ឃាត់​ជនសង្ស័យ​ជនជាតិ​ជាង​៦០០​នាក់ និង​បញ្ជូន​ចេញពី​កម្ពុជា ជាង​៤០០​នាក់​ដែរ កាលពី​ខែមករា ដើមឆ្នាំ​២០២០​នេះ​។ គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៩ អាជ្ញាធរ បាន​ចាប់បញ្ជូន​ជន​ជាតិចិន​ខុសច្បាប់ ជាង​១០០០​នាក់​ចេញពី​កម្ពុជា​ផងដែរ​៕

Tag:
 ច្បាប់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com