ភ្នំពេញ៖ ត្រឹមឆ្នាំ២០២០ កម្ពុជាទទួលបានថវិកាចំនួន ១១,៦លានដុល្លារ ពីការលក់ឥណទានកាបូន។ បច្ចុប្បន្នកម្ពុជាកំពុង រកដៃគូផ្សេងៗ ដើម្បីទិញកាបូនដែលបំភាយចេញពីព្រៃឈើនៅតាមតំបន់ការពារធម្មជាតិនានា ដែលនៅសេសសល់ច្រើន។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។
លោកនេត្រ ភក្ត្រា បានប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) តាមប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម នាព្រឹកថ្ងៃទី២៣មិថុនា ឆ្នាំ២០២០ ថា ក្រុមហ៊ុនចំនួន៣ បានទិញកាបូនពីកម្ពុជា ជិត១០លានតោន ខណៈកម្ពុជានៅសល់កាបូនដែលភាយចេញពីព្រៃឈើនេះ ជាង១០លានតោនទៀត។ ក្រុមហ៊ុនទាំង៣ ដែលស្ម័គ្រចិត្តទទួលទិញកាបូនពីកម្ពុជានោះ រួមមាន ក្រុមហ៊ុន Disney, ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci ។
រដ្ឋលេខាធិកាក្រសួងបរិស្ថានរូបនេះ បានបន្ថែមថា មុននឹងទិញឥណទានកាបូនពីកម្ពុជា ក្រុមហ៊ុនទាំងនោះ បានវាយតម្លៃច្បាស់លាស់លើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេងៗដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្ត ដើម្បីធានាការពារនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព លើតំបន់ការពារធម្មជាតិដែលសម្បូរដោយព្រៃឈើ សត្វព្រៃនិ ងជីវៈចម្រុះផ្សេងទៀត។
«ការសម្រេចទិញឥណទានកាបូនពីកម្ពុជារបស់ក្រុមហ៊ុននានា គឺបានបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធនធានធម្មជាតិនៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព»។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា ដែលបានបន្តថា ការខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរនេះ កម្ពុជានឹងអាចលក់ឥណទានកាបូន បានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់។
រដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការការពារនិងអភិរក្សធនធានធម្មជាតិដោយថែរក្សាឈើ និងការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី ដែលអាចផលិតឥណទានកាបូនលក់ ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។ បើតាមលោក នេត្រ ភក្ត្រា ថវិកាដែលបានពីការលក់ឥណទានកាបូននោះ ត្រូវបានយកទៅប្រើប្រាស់សម្រាប់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់នោះ។
កម្ពុជា មានទីតាំងលក់កាបូនចំនួន៣កន្លែង ដែលក្នុងនោះមាន នៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី, ដែនជម្រកសត្វព្រៃសត្វព្រៃតាតៃ ក្នុងខេត្តកោះកុង និងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង។ នៅក្នុងតំបន់អាស៊ាន ក្រៅពីកម្ពុជា គឺមានតែប្រទេសឥណ្ឌូណេស៊ីទេ ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។
បើតាមលោក នេត្រ ភក្ត្រា បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងសិក្សាបន្ថែម ដើម្បីលក់កាបូននៅក្នុងដែនជម្រកសត្វព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងផងដែរ ក្រៅពីទីតាំងលក់ឥណទានកាបូនទាំងបីខាងលើ។
សូមរម្លឹកថា កម្ពុជាបានលក់ឥណទានការបូនដំបូងរបស់ខ្លួននៅដែនជម្រកសត្វព្រៃកែវសីមា ទំហំផ្ទៃដី២៩២,៦៩០ហិកតាក្នុងខេត្តមណ្ឌលគិរី លើគម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាំងពីឆ្នាំ២០១៦ មក។ ដោយឡែក កម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប ក្នុងនោះមានព្រៃឈើប្រមាណ ៥០ភាគរយគ្របដណ្តប់លើផ្ទៃប្រទេស។ បច្ចុប្បន្ន រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថានរហូតដល់ ៤១ភាគរយនៃប្រទេស ស្មើ ៧,៣លានហិកតា៕