ជាតិ
សង្គមជាតិ
ផ្លូវ​៦០​ភ្នំពេញ​៖ អ្នកបើកបរ​ល្មើស​ល្បឿន​កំណត់​ខ្លាំងណាស់​!
23, Jun 2020 , 5:15 pm        
រូបភាព
ភ្នំពេញ​៖ ឈ្មោះ​ជា​ផ្លូវការ គឺ​មហាវិថី​សម្តេច ហ៊ុន សែន តែ​មហាជន​ទូទៅ​ច្រើន​ហៅ​តៗ​គ្នា​ថា​«​ផ្លូវ​៦០»​។ គេ​ហៅ ផ្លូវ​៦០ ព្រោះ​ទទឹងផ្លូវ បូក​នឹង​ចិញ្ចើមផ្លូវ​មាន​ប្រវែង​ប្រមាណ​ជា​៦០​ម៉ែត្រ​។ នាពេល​អនាគត​, មហាវិថី​នេះ ត្រូវបាន​គេ​ចាត់ទុកជា​ផ្លូវធំ​ទូលាយ​ជាងគេ និង​ល្អ​ជាងគេ​នៅ​រាជធានី​ភ្នំពេញ​ដោយ​មិន​និយាយ​ពី​មហាវិថី​ព្រះ​នរោត្តម​ស្ថិតនៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ​។ ក្នុង​រយៈពេល​៥​ខែ​កន្លងទៅ គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៥​នាក់ របួសធ្ងន់​៧​នាក់ និង​ស្រាល​២​នាក់​។


 
​កាលពី​ប្រមាណ​ជា​១០​ឆ្នាំមុន ផ្លូវ​នេះ​ស្ថិតនៅ​ជា​ក្តី​ស្រមើស្រមៃ​នៅឡើយ​ទេ ព្រោះ កាលនោះ តំបន់​នេះ គឺជា​បឹង​ត្រកួន​ដែល​គេ​ហៅថា​«​តំបន់​បឹងទំពុន​»​។ កាលពីមុន បឹងទំពុន ត្រូវបាន​គេ​គិតថា ជា​តំបន់​ជាយក្រុង​ដាច់ស្រយាល តំបន់​ក្រីក្រ មិន​អភិវឌ្ឍ​។ តែ​នាពេល​បច្ចុប្បន្ននេះ តំបន់​ដែល​ធ្លាប់តែ​គេ​មិនសូវ​ឲ្យ​តម្លៃ​នោះ បាន និង​កំពុង​ក្លាយទៅជា​តំបន់​អភិវឌ្ឍ​បែប​ទំនើប និង​ទាន់សម័យ​ដ៏​អស្ចារ្យ​។ 
 
​បុរី ប៉េង ហួត រួមទាំង​ផ្សារ​ទំនើប​, បុរី ជីប ម៉ុង រួមទាំង​ផ្សារ​ទំនើប​, គម្រោង​ផ្សារ​ទំនើប Aeon  ទី​៣, អគារ​ខ្នាត​យក្ស​, អគារ Showroom ក្រុមហ៊ុន Mercedes-Benzes…​។​ល​។ សុទ្ធតែ​បាន និង​កំពុងមាន​វត្តមាន​ជា​បណ្តើរៗ​នៅ​តំបន់​ផ្លូវ​៦០​នេះ​។ 
 
​ផ្លូវ​៦០ មាន​បណ្តោយ​ប្រវែង​ប្រហែលជា​៧ ឬ​៨ គីឡូ​វ​ម៉ែត្រ​ដោយ​គិតពី​ចំណុច​ក្បាលថ្នល់​នៃ​រាជធានី​ភ្នំពេញ ទៅកាន់​ផ្នែក​ខាងលិច​នៃ​ទីក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល​។ ផ្លូវ​៦០ គឺ​ស្ថិតនៅ​ចំ​ចំណុចកណ្តាល​ស្រប​ជាមួយ​«​ផ្លូវ​ចម្ការ​ដូង​» និង​ផ្លូវ​ចាក់អង្រែ​(​ផ្លូវជាតិ​លេខ​២)​។ មហាវិថី​សម្តេច ហ៊ុន សែន ត្រូវបាន​គេ​ចាត់ទុកថា ជា​ផ្លូវ​ដែល​ធំជាងគេ ល្អ​ជាងគេ ទំនើប​ជាងគេ នាពេល​អនាគត នៅ​រាជធានី​ភ្នំពេញ​។ បង្គោល​ភ្លើង និង​ដើមឈើ​ទើបត្រូវ​បាន​គេ​ដំឡើង និង​ដាំ​ក្នុង​រយៈ​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ​។ 


 
​កាន់តែ​ល្អ កាន់តែ​លំបាក និង​កាន់តែ​គ្រោះថ្នាក់​។ ផ្លូវ​នេះ​ល្អ​ពេក ស្រួល​ពេក ដូច្នេះ អ្នកបើកបរ មិន​ថា រថយន្ត​គ្រួសារ ឬ​រថយន្ត​ដឹកទំនិញ​, មិន​ថា កង់ ឬ​ម៉ូតូ​ទេ បាន​បើក​ហួស​ល្បឿន​ដែល​កំណត់ដោយ​ច្បាប់​ចរាចរណ៍​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅក្នុង​រាជធានី​ភ្នំពេញ​។ ជាក់ស្តែង យាន្ត​ជំនិះ ជាពិសេស រថយន្ត ដែល​បើកបរ​នៅលើ​ដង​មហាវិថី​នេះ ប្រើប្រាស់​ល្បឿន​រហូតដល់ ៨០, ៩០, ១០០ ឬ​ជាង​១០០​ក្នុង​មួយ​គីឡូម៉ែត្រ​ម៉ោង​។ ការបើកបរ​ហួស​ល្បឿន​នេះ ចាប់ផ្តើម​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កាន់តែ​ច្រើន​នៅលើ​ដង​មហាវិថី​សម្តេច ហ៊ុន សែន​។ បើ​យោងតាម​ការចុះផ្សាយ​រប​ស់​វេ​ប​សាយ​នៃ​ក្រសួង​ព័ត៌មាន ក្នុង​រយៈពេល​៥​ខែ​កន្លងទៅ គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៥​នាក់ របួសធ្ងន់​៧​នាក់ និង​ស្រាល​២​នាក់​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ រថយន្ត​ដឹក​ដី ខ្សាច់ គ្រឿងសំណង់​។​ល​។ បាន​បង្ហុយធូលី​ហុយ​ទ្រលោម​ដែល​ធ្វើ​ឲ្យ​អ្នកជិះ​កង់ ឬ​ជិះ​ម៉ូតូ​មើលផ្លូវ​សឹង​មិនឃើញ​។ ការបើកបរ​ដោយ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​នេះ ប្រហែលជា​បណ្តាលមកពី​មហាវិថី​នេះ មិនទាន់មាន​វត្តមាន​នគរបាល​។ ជាធម្មតា អ្នកបើកបរ​មួយ​ភាគ​នៅ​កម្ពុជា គោរព​នគរបាល​ចរាច​រណ៍​ជាង​គោរព​ច្បាប់​ចរាចរណ៍​។ 
 
​តើ​មហា​រុក្ខវិថី​ដ៏​ធំ​នាពេល​អនាគត​មួយ​នេះ អាច​ក្លាយទៅជា​មហាវិថី​សម្រាប់​ធ្វើដំណើរ​កម្សាន្ត​ដោយ​ថ្មើរជើង​, ដោយ​រត់​ហាត់​កីឡា​ត្រឹកៗ​, ដោយ​ជិះ​កង់​, ជិះ​រថយន្ត​ល្បឿន​យឺត​ដោយ​មិន​បារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ឬទេ​?​។ អ្នក​«​ស្អប់​»​គ្រោះថ្នាក់​ចរាចរណ៍​ប្រាថ្នា​ចង់ឃើញ​«​មហាវិថី​សម្តេច ហ៊ុន សែន​» នាពេល​អនាគត ក្លាយទៅជា​«​មហា​រុក្ខវិថី​»​ដ៏​ស្រស់បំព្រង​ពោរពេញ​ទៅដោយ​ទិដ្ឋភាព​សុខដុមរមនា​, សុវត្ថិភាព​, សុភមង្គល​, សន្តិសុខ​ផ្នែក​អារម្មណ៍ និង​រា​ង្គ​កាយ​៕ 





Tag:
 ផ្លូវ​៦០
© រក្សាសិទ្ធិដោយ thmeythmey.com