COVID-19
អន្តរជាតិ
កូរ៉េខាងត្បូងមាន COVID-19 ៤៦ករណីថែម ខណៈអាជ្ញាធរសុខភិបាលថា រលកទី២មានតាំងពីខែឧសភា ប្រជាជនកូរ៉េខាងត្បូង ដើរឆ្លងផ្លូវ ដោយមានពាក់ម៉ាស់ត្រឹមត្រូវ។ រូបភាព៖ AFP
× កូរ៉េខាងត្បូង នៅថ្ងៃទី២៣ ខែមិថុនា បានរាយការណ៍ថា មានករណីឆ្លង COVID-19 ថ្មីចំនួន ៤៦ករណី បន្ទាប់ពីអាជ្ញាធរសុខាភិបាលអះអាងថា រលកឆ្លងទី២ បានកើតឡើងតាំងពីខែឧសភា។ ករណីឆ្លងកូរ៉ូណាវីរុសសរុបនៅកូរ៉េខាងត្បូងមានចំនួន ១២៤៨៤ករណី ខណៈអ្នកស្លាប់មានចំនួន ២៨១នាក់ និងអ្នកជាសះស្បើយមានចំនួន ១០៩០៨នាក់។
តាមសន្និសីទកាសែតនៅថ្ងៃទី២២ ខែមិថុនា ប្រធានមជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង លោកស្រី Jeong Eun-kyeong បានអះអាងថា៖ «នៅក្នុងតំបន់ទីក្រុង យើងជឿថា រលកទី១នៃ COVID-19 គឺចាប់ផ្តើមពីខែមីនា ដល់មេសា ក៏ដូចជាពីខែកុម្ភៈ ដល់ខែមីនា។ ពេលបន្ទាប់ យើងឃើញថារលកទីពីរ ដែលកើតឡើងក្នុងខែឧសភា កំពុងតែបន្ត»។
នៅក្នុងខែឧសភាកន្លងទៅ កូរ៉េខាងត្បូងមានថ្ងៃឈប់សម្រាក និងករណីឆ្លង COVID-19 នៅតំបន់ពហុវប្បធម៌ Itaewon ដែលធ្វើឲ្យកូរ៉េខាងត្បូង នៅតែមានករណីឆ្លងកូរ៉ូណាវីរុសនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
នៅដំណាច់ខែកុម្ភៈ កូរ៉េខាងត្បូង មានករណីឆ្លងច្រើនជាង ៩០០ករណីឯណោះក្នុងថ្ងៃ ដែលចំនួននេះ គឺជាតួលេខដ៏ច្រើនជាងគេនៅក្រៅប្រទេសចិន។
ក្នុងសន្និសីទដដែល លោកស្រីប្រធានមជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង បានអះអាងថា កូរ៉េខាងត្បូង ធ្លាប់បានវាយតម្លៃថា រលកទី២ នៃCOVID-19 អាចនឹងកើតឡើងនៅក្នុងរដូវស្លឹកឈើជ្រុះ (ចុងខែកញ្ញាដល់ចុងខែធ្នូ) ឬរដូវរងា (ចុងខែធ្នូ ដល់ចុងខែមីនា)។ ផ្ទុយទៅវិញការវាយតម្លៃទាំងនោះ គឺខុសពីការរំពឹងទុក។
បន្ទាប់ពីការលើកឡើងរបស់ប្រធាននាយកដ្ឋានមជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង កូរ៉េខាងត្បូង នៅថ្ងៃទី២៣ ខែមិថុនា បានរាយការណ៍មានករណីឆ្លងថ្មីចំនួន ៤៩ករណី។ ក្នុងចំណោមនោះ ៣០ករណី គឺត្រលប់មកពីបរទេស។
ទាក់ទិនបញ្ហាការកើនឡើងករណីឆ្លងនេះ នាពេលកន្លងមក អភិបាលក្រុងសេអ៊ូល លោក Park Won-soon ធ្លាប់បានព្រមានថា ទីក្រុងសេអ៊ូល អាចរឹតត្បិតសារជាថ្មី និងរក្សាគម្លាតសុវត្ថិភាព ប្រសិនបើករណីឆ្លងថ្មីនៅក្នុងទីក្រុងកើនឡើងដល់ ៣០ករណី ក្នុងរយៈ៣ថ្ងៃជាប់គ្នា។ យ៉ាងណាក៏ដោយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានបង្ហាញការជឿជាក់ថា កូរ៉ូណាវីរុស នៅតែស្ថិតក្រោមការគ្រប់គ្រង។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី២៣ ខែមិថុនា កូរ៉េខាងត្បូង រាយការណ៍ថា មានករណីឆ្លងលើសពី ៣០ករណីក្នុងមួយថ្ងៃ។ ក្នុងរយៈពេលនេះ កូរ៉េខាងត្បូងមានតែ ២ថ្ងៃប៉ុណ្ណោះ ដែលមានករណីឆ្លងក្រោម ៣០ករណីក្នុងមួយថ្ងៃ ៕
Tag:
កូរ៉េខាងត្បូង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com