អនុគណៈកម្មការទទួលបន្ទុកសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះខេត្តកោះកុង អំពាវនាវទៅកាន់មជ្ឈដ្ឋានទូទៅ រាប់តាំងពីប្រជាជន មន្ត្រីរាជការ កងប្រដាប់អាវុធ ពាណិជ្ជករ រហូតដល់អ្នកមានទ្រព្យច្រើន...ឲ្យចូលរួមឧបត្ថម្ភថវិកាតាមលទ្ធភាព ដើម្បីឲ្យដំណើរការសាងសង់ស្តូបអនុស្សវរីយ៍នយោបាយឈ្នះឈ្នះ ក្នុងខេត្តកោះកុង សម្រេចបានជោគជ័យតាមការគ្រោងទុក។
តាមរយៈសេចក្តីអំពាវនាវរបស់ខ្លួន អនុគណៈកម្មការទទួលបន្ទុកសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តកោះកុង បង្ហាញជំនឿយ៉ាងមុតមាំថា សាធារណជន នឹងចូលរួមគាំទ្រ ដល់ការសាងសង់សំណង់ប្រវត្តិសាស្ត្រជាតិមួយនេះ។ អនុគណៈកម្មការទទួលបន្ទុកសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះខេត្តកោះកុង ប្រាប់សាធារណជន ឲ្យទាក់ទងទៅការិយារបស់ សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ បើមានសមានចិត្តចង់បរិច្ចាគថវិកា។
កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ អនុគណៈកម្មការទទួលបន្ទុកសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះខេត្តកោះកុង បានចាប់ផ្តើមបើកការដ្ឋានសាងសង់ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ។ គេ មិនទាន់ដឹងទេថា ការសាងសង់នេះ នឹងត្រូវប្រើរយៈពេលយូរប៉ុនណា ហើយត្រូវចំណាយថវិកាសរុបប៉ុន្មាននោះទេ។
ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធនៃស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះក្នុងខេត្តកោះកុង គឺសាងសង់ឡើង តាមទម្រង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខាងជើងរាជធានីភ្នំពេញ។ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនេះ ស្ថិតលើភ្នំមួយ នៅតាមដងផ្លូវជាតិលេខ៤៨ ក្នុងភូមិបឹងឃុនឆាំង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះក្នុងខេត្តកោះកុង មិនហៅថាជា វិមាន ដូចវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅខាងជើងរាជធានីភ្នំពេញឡើយ ដោយហៅត្រឹមជាស្តូបប៉ុណ្ណោះ។ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះក្នុងខេត្តកោះកុង ដ្បិតមានទម្រង់ដូចវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះក្តី តែមានទំហំតូច និងកម្ពស់ទាប ជាងវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ។
ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះក្នុងខេត្តកោះកុង គ្រោងសាងសង់ក្នុងកម្ពស់៤៣ម៉ែត្រ។ ឯវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ មានកម្ពស់៥៤ម៉ែត្រ និងត្រូវបានសាងសង់ឡើងលើផ្ទៃដី៨ហិកតា នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែលស្ថិតនៅទល់មុខពហុកីឡដ្ឋានជាតិមរតកតេជោ។
វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ចំណាយទឹកប្រាក់អស់១២លានដុល្លារ ដែលជាការចូលរួមរបស់មជ្ឈដ្ឋាននានា និងចំណាយពេលជិតបីឆ្នាំក្នុងការសាងសង់ គឺចាប់ផ្តើមតាំងពីដើមឆ្នាំ២០១៦ ហើយរួចរាល់និងសម្ពោធនៅខែធ្នូ ឆ្នាំ២០១៨។ អត្ថន័យសំខាន់មួយ នៃការកសាងវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ គឺដើម្បីរម្លឹកពីការយកឈ្នះ ឬការផ្តួលរំលំខ្មែរក្រហម និងការធ្វើឲ្យកម្ពុជា មានសន្តិភាពពេញបូរិបូរ។
ក្រោយសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះក្នុងខេត្តកោះកុងរួចហើយ រដ្ឋាភិបាល នឹងបន្តសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្ នះតាមបណ្តាខេត្តមួយចំនួនទៀត រួមមាន នៅតំបន់អន្លង់វែង ខេត្តឧត្តរមានជ័យ នៅតំបន់ប៉ៃលិន (ក្នុងក្រុងប៉ៃលិន) និងនៅតំបន់ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ តំបន់ទាំង៤នេះ សុទ្ធតែពាក់ព័ន្ធនឹងប្រវត្តិនៃការយកឈ្នះកងទ័ពខ្មែរក្រហម៕