COVID-19
ជាតិ
សេដ្ឋកិច្ច
សមាគមកាត់ដេរ សុំអឺរ៉ុបម្តងទៀត ឲ្យពន្យារពេលដក EBA ព្រោះខ្លាចវិស័យកាត់ដេរនៅកម្ពុជាដួលរលំ
23, Jun 2020 , 6:04 pm        
រូបភាព
រូបពីក្រសួងការងារ
រូបពីក្រសួងការងារ
ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និង សមាគមស្បែកជើងនៅកម្ពុជា(CFA) ស្នើជាលើកទីពីរទៅគណៈកម្មការអឺរ៉ុប សុំឲ្យរង់ចាំ១២ខែទៀត ចាំដក២០ភាគរយនៃប្រព័ន្ធអនុគ្រោះព័ន្ធគ្រប់យ៉ាងលើកលែងតែអាវុធ (Everything But Arms) ពីកម្ពុជា។ សមាគមទាំងពីរនេះ ព្រួយបារម្ភថា វិស័យកាត់ដេរនៅកម្ពុជា នឹងកាន់តែដុនដាប ហើយនឹងដួលរលំក្រោយបាត់ EBA ២០ភាគរយ។



ការស្នើឲ្យគណៈកម្មការអឺរ៉ុបនេះ ធ្វើឡើងតាមរយៈការវាយតម្លៃរបស់អ្នកជំនាញពីររូបនៅសកលវិទ្យាល័យ DelaWare នៅសហរដ្ឋអាមេរិក ដែលបានរកឃើញថា វិស័យកាត់ដេរនៅកម្ពុជាអាចនឹងរលំ ប្រសិនបើបាត់ផ្នែកខ្លះនៃ EBA។ លើសពីនេះ អ្នកបញ្ជាទិញនឹងងាកការបញ្ជាទិញទៅកាន់ប្រទេសដែលមាន EBA ពេញលេញ។ នេះបើតាមសេចក្ដីថ្លែងការរបស់GMAC និង CFA ស្ដីពីការវាតម្លៃលើការសម្រេចដក EBA ដែលចេញនៅថ្ងៃទី២២ ខែមិថុនា។

សេចក្ដីថ្លែងការណ៍ សរសេរដូច្នេះថា៖«...ការដកEBAនេះ អាចធ្វើឲ្យមានការយល់ឃើញពីហានិភ័យក្នុងទំនួលខុសត្រូវសង្គម ក្នុងការស្វែងរកការផ្គត់ផ្គង់ផលិតផលពីកម្ពុជា ដែលនាំឱ្យអ្នកទិញជៀសវាងបញ្ជាទិញគ្រប់ផលិត ដែលត្រូវបង់ពន្ធ។ មិនត្រឹមតែប៉ុណ្ណោះទេ វាក៏នាំឲ្យអ្នកទិញ ជៀសវាងទិញផលិតផលនៃវិស័យកាត់ដេរទាំងអស់ពីកម្ពុជា។ បញ្ហាទាំងអស់នេះ នឹងបង្កឲ្យមានភាពដុនដាបកាន់តែខ្លាំង ដែលអាចធ្វើឱ្យវិស័យកាត់ដេរនៅកម្ពុជា ដួលរលំ»។

យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា ប្រកាសរួចហើយថា មិនដាក់ខ្លួនអង្វរករភាគីអឺរ៉ុប ឲ្យផ្តល់ EBA ២០ភាគរយនោះ មកវិញទេ។ រដ្ឋាភិបាលកម្ពុជា បង្ហាញជំហររឹងប៉ឹងថា ទោះបាត់ EBA ២០ភាគរយ ក៏កម្ពុជា អាចរស់បានដែរ។

សូមរម្លឹកថា គណៈកម្មការអឺរ៉ុប បានសម្រេចដក EBA ២០ភាគរយ ពីកម្ពុជា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២០។ បើគ្មានការប្រែប្រួលនោះទេ សល់តែជាង២ខែទៀតប៉ុណ្ណោះ គឺនៅខែសីហា ឆ្នាំ២០២០ សេចក្តីសម្រេចនេះ នឹងចូលជាធរមាន។ វា មានន័យថា ចាប់ពីខែសីហា ឆ្នាំ២០២០ទៅ កម្ពុជា ត្រូវបង់ពន្ធ លើមុខទំនិញ២០ភាគរយ ពេលនាំចូលទៅទីផ្សារអឺរ៉ុប។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា អះអាងថា មកដល់ពេលនេះ មានរោងចក្រ២៦៦ ដែលបានព្យួរការងារ។

ភាគច្រើន ជាកម្មការិនី ដែលរងការប៉ះពាល់និងត្រូវព្យួរការងារ៕

អត្ថបទទាក់ទង

Tag:
 វិស័យកាត់ដេរ
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com