COVID-19
ជាតិ
សម្ដេច ហ៊ុន សែន​៖ កម្មវិធី​ជំនួយ​សង្គម​ទឹកប្រាក់​២៥​លាន​ដុល្លារ មិន​អចិន្ត្រៃយ៍​ទេ​
24, Jun 2020 , 9:23 am        
រូបភាព
​ភ្នំពេញ​៖ កម្មវិធី​ជំនួយ​សង្គម ដែលមាន​ទឹកប្រាក់​២៥​លាន​ដុល្លារ​ក្នុង​មួយខែ សម្រាប់​ជួយ​ដោះស្រាយ​ពលរដ្ឋ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​នេះ មិន​បន្ត​អចិន្ត្រៃយ៍​នោះទេ​។ សម្ដេច ហ៊ុន សែន បានប្រកាស​បែបនេះ នៅក្នុង​ពិធី​បើក​ដំណើរ​កម្មវិធី​ផ្ដ់​ជំនួយ​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៤ មិថុនា​។​


​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ជំនួយ​នេះ គឺ​អនុវត្ត​រយៈពេល​២​ខែ នៅ​ខែមិថុនា និង​កក្កដា សម្រាប់​ជុំ​ទី​១​។ ដោយឡែក​នៅ​ដំណាក់កាល​បន្តបន្ទាប់​ទៀត គឺ​ស្ថិតក្រោម​ការវាយតម្លៃរ​បស់​រដ្ឋាភិបាល​។ ក្នុងន័យនេះ សម្ដេច ហ៊ុន សែន បាន​ពន្យល់ថា បើ​នៅ​ខែ​បន្ទាប់​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​បន្ត​ធ្ងន់ធ្ងរ​នោះ គឺ​រដ្ឋាភិបាល នៅតែ​បន្ត​ផ្ដល់ជំនួយ​សង្គម «​ជុំ​ទី​២» ប៉ុន្តែ​បើសិនជា​ស្ថានភាព​ធូរស្រាល​វិញ​នោះ រដ្ឋាភិបាល​នឹងមិន​បន្ត​ផ្ដល់ជំនួយ​ទៀត​ទេ ពោលគឺ​រដ្ឋ​នឹង​បង្វែរ​ជំនួយ​នេះ យកទៅ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និង​អភិវឌ្ឍ​សង្គម​វិញ​។​
 
​បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋ​គ្មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​ក្រីក្រ​ជា​រៀងរាល់​រហូត​ទេ ប៉ុន្តែ​រដ្ឋ អាចជួយ​សម្រាល​បញ្ហា​ជីវភាព​ពលរដ្ឋ​ក្នុងដំណាក់កាល​លំបាក​នេះ​។ ប្រមុខ​រដ្ឋាភិបាល បញ្ជា​ឱ្យ​មន្ត្រី​ផែនការ បន្ត​ចុះ​ប្រមូល​ស្ថិតិ​ពលរដ្ឋ​ក្រីក្រ និង​រងគ្រោះ​ក្នុង​បរិបទ​កូ​វីដ​-១៩​នេះ ប៉ុន្តែ​មិនមែន​ចេះតែ​ប្រមូល​មក​នោះទេ ពោលគឺ​ត្រូវ​សិក្សា និង​ពិនិត្យ​ពី​ស្ថានភាព​ជាក់ស្ដែង​នៃ​ជីវភាព​ពួកគេ​ឱ្យបាន​ច្បាស់​។​
 
​ថវិកា​២៥​លាន​ដុល្លារ​ក្នុង​មួយខែ​របស់​រដ្ឋ​នេះ អាច​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​បាន​៥៦​ម៉ឺន​គ្រួសារ នៅក្នុង​វិបត្តិ​កូ​វីដ​-១៩​។​ ​បើតាម​អនុក្រឹត្យ ចុះហត្ថលេខា​ដោយ​សម្ដេច ហ៊ុន សែន ថវិកា​ទាំងនោះ នឹង​ផ្ដល់ឱ្យ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែល​គ្រួសារ​នោះ​ត្រូវ​មានប​ណ្ឌ​សមធម៌ ដែលមាន​សុពលភាព ដោយ​ឈរលើ​កម្រិត​ភាពក្រីក្រ «​ក្រ​កម្រិត​១ (​ទីទ័លក្រ​) ឬ ក្រ​កម្រិត​២ (​ក្រ​) » ។​
 
​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ នឹង​ទទួលបាន​ទឹកប្រាក់​ចន្លោះ​ពី​១៦,០០០​រៀល ទៅដល់ ១២០,០០០​រៀល នៅក្នុង​មួយខែ ស្របទៅតាម​កម្រិត​នៃ​ភាពក្រីក្រ​របស់​ពួកគេ​។ នេះ​បើតាម​អនុក្រឹត្យ ដែល​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

បើតាមសម្ដេច ហ៊ុន សែន ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ នៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ គឺអនុវត្តទៅតាមកម្រិតក្រីក្រ (១) និងក្រីក្រ(២) ។ ក្នុងនោះគ្រួសារមានបណ្ណសមធម៌ទាំងពីរកម្រិតនេះ នឹងទទួលបានប្រាក់១២ម៉ឺនរៀលដូចគ្នា ។ ក្រៅពីទឹកប្រាក់ឧបត្ថម្ភរួមនេះ សមាជិកក្នុងគ្រួសារ១នាក់ ក៏ទទួលបានថវិកា៥២០០០រៀលដែរ សម្រាប់ក្រីក្រកម្រិត(១) និងទឹកប្រាក់៣៦,០០០រៀល សម្រាប់កម្រិតក្រីក្រ(២) ។ ដោយឡែក កុមារអាយុ៥ឆ្នាំចុះក្រោម ,ជនពិការភាព ,មនុស្សចាស់វ័យ៦០ឆ្នាំឡើងទៅ និងសមាជិកផ្ទុកជំងឺអេដស៍ ក្នុងគ្រួសារកម្រិតក្រីក្រ(១) ទទួលបានថវិកា៤០,០០០រៀលក្នុង១នាក់ និងថវិកា២៨០០០រៀល សម្រាប់សមាជិក១នាក់នៃគ្រួសារក្រីក្រកម្រិត(២)។
 
សម្រាប់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ នៅទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ ក៏អនុវត្តទៅតាមកម្រិតក្រីក្រ (១) និងក្រីក្រ(២) គ្រួសារមានបណ្ណសមធម៌ទាំងពីរកម្រិតនេះ នឹងទទួលបានប្រាក់១២ម៉ឺនរៀលដូចគ្នា ។ រីឯទឹកប្រាក់ឧបត្ថម្ភដោយឡែក សម្រាប់សមាជិកក្នុងគ្រួសារដទៃទៀត នៃកម្រិតក្រីក្រ(១) គឺ ទទួលបានថវិកា៤០,០០០រៀលក្នុង១នាក់ និងថវិកា២៨០០០រៀល សម្រាប់សមាជិក១នាក់នៃគ្រួសារក្រីក្រកម្រិត(២)។
 
ចំណែកប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ នៅទីជនបទ គឺទាបជាងក្នុង និងក្រៅរាជធានីភ្នំពេញបន្តិច ដោយគ្រួសារមានបណ្ណសមធម៌ទាំងពីរកម្រិត នឹងទទួលបានប្រាក់៨ម៉ឺនរៀលដូចគ្នា។ សម្រាប់សមាជិកក្នុងគ្រួសារដទៃទៀត នៃកម្រិតក្រីក្រ(១) គឺ ទទួលបានថវិកា២៤,០០០រៀលក្នុង១នាក់ និងថវិកា១៦,០០០រៀល សម្រាប់សមាជិក១នាក់នៃគ្រួសារក្រីក្រកម្រិត(២)។
 
ប៉ុន្តែសិនជាសមាជិកគ្រួសារមានចំនួនច្រើន ស្របតាមលក្ខខណ្ឌដែលបានកំណត់នោះ ពួកគេនឹងទទួលបានថវិកាបន្ថែម តាមចំនួននោះផងដែរ។ ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន បានពន្យល់ថា បើក្នុងគ្រួសារនោះ មានកុមារអាយុក្រោម៥ឆ្នាំ ចំនួន៣នាក់ គឺពួកគេអាចទទួលបានប្រាក់១២ម៉ឺនរៀល សម្រាប់គ្រួសារក្រីក្រកម្រិត(កុមារម្នាក់៤០០០០រៀល) និងទឹកប្រាក់៨៤០០០រៀល សម្រាប់កម្រិត(២) ។ ហើយបើមានមនុស្សចាស់វ័យលើស៦០ឆ្នាំ ចំនួន ៤នាក់ គ្រួសារនោះ អាចទទួលបានប្រាក់១៦ម៉ឺនរៀល សម្រាប់គ្រួសារក្រីក្រកម្រិត(មនុស្សចាស់ម្នាក់៤០០០០រៀល) និងទឹកប្រាក់១១២,០០០រៀល សម្រាប់កម្រិត(២)។
 
ដូច្នេះបើស្ថានភាពគ្រួសារ ដូចអ្វីដែលសម្ដេច ហ៊ុន សែន ពន្យល់មែននោះ គ្រួសារនីមួយៗទំនងជាអាចទទួលបានថវិកាចន្លោះពី៥០ដុល្លារ ទៅជាង១០០ដុល្លារក្នុងមួយខែ សម្រាប់ដោះស្រាយបញ្ហាជីវភាពរបស់ពួកគេ។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ដែលចង់ឆ្លើយតបទៅអ្នករិះគន់ថា ថវិកាឧបត្ថម្ភរបស់រដ្ឋ ទៅពលរដ្ឋក្រីក្រ និងងាយរងគ្រោះនេះ មានចំនួនតិចតួច មិនស្របនឹងស្ថានភាពជាក់ស្ដែង៕
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com