អន្តរជាតិ
ប្អូនប្រុស​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ចូលរួម​ជាមួយ​បក្សប្រឆាំង មុន​ការបោះឆ្នោត​សភា​
24, Jun 2020 , 10:02 am        
រូបភាព
លោក លី សៀនយ៉ាង ប្អូនប្រុសលោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ។ រូបភាព Strait Times
លោក លី សៀនយ៉ាង ប្អូនប្រុសលោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ។ រូបភាព Strait Times
​លោក លី សៀន​យ៉ាង ប្អូនបង្កើត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង​របស់​ប្រទេស​នេះ​។ ការចូលរួម​នេះ ធ្វើឡើង​មុន​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា​នៅ​ខែកក្កដា ដែល​នាំទៅរក​ការបង្កើត​រដ្ឋាភិបាល​ថ្មី​ផងដែរ​។ ប៉ុន្តែ​លោក លី ជា​ប្អូន​នេះ មិនទាន់​បញ្ជាក់ថា នឹងចូលរួម​ការបោះឆ្នោត​ឬ​យ៉ាងណា​ឡើយ​។​

 
​លោក Tan Cheng Bock ប្រធាន​បក្ស​សិង្ហ​បុរី​ជឿនលឿន បានប្រគល់​បណ្ណ​សមាជិក​បក្ស​ដល់​លោក លី សៀន​យ៉ាង អំឡុងពេល​កម្មវិធី​អាហារ​ពេលព្រឹក​នៅ​ថ្ងៃទី​២៤ ខែមិថុនា​។ លោក Tan ធ្លាប់ជា​មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់​បក្ស​សកម្មភាព​ប្រជាជន (PAP) ដែល​កាន់អំណាច​នៅ​សិង្ហ​បុរី​តាំងពី​ឯករាជ្យ​នៅ​ឆ្នាំ​១៩៦៥ មក មុននឹង​បង្កើត​បក្សនយោបាយ​ថ្មី​នៅ​ឆ្នាំ​២០១៩ ។​
 
​បើតាម​លោក Tan លោក លី ជា​សមាជិក​បក្ស​របស់​លោក​យូរ​មកហើយ ប៉ុន្តែ​ការផ្ទុះ​ឡើង​ជំងឺ COVID-19 ធ្វើ​ឲ្យ​ខកខាន​ដល់​ការប្រកាស​សមាជិកភាព​ជា​ផ្លូវការ ហើយ​ពន្យារពេល​មកដល់ពេលនេះ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​សិង្ហ​បុរី The Strait Times ។ តាមពិតទៅ ព័ត៌មាន​ដែល​លោក លី ចូលរួម​ជាមួយ​បក្សប្រឆាំង​នេះ ត្រូវបាន​ផ្សព្វផ្សាយ​យូរ​មកហើយ​ដែរ ព្រោះ​គេ​ឃើញ​វត្តមាន​លោក និង​លោក Tan ជា​ញឹកញាប់​។ 
 
​យ៉ាងណាមិញ ទាំង​លោក Tan ទាំង​លោក លី មិនទាន់​បញ្ជាក់ថា ប្អូនប្រុស​នាយករដ្ឋមន្ត្រី លី សៀន​ឡុង រូបនេះ នឹងចូលរួម​ក្នុងការ​បោះឆ្នោត​សភា​ដែល​នឹងធ្វើ​នៅ​ថ្ងៃទី​១០ ខែកក្កដា​ខាងមុខ​។ លោក លី សៀន​យ៉ាង ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​នឹង​ប្រកាស​ពី​រឿងនេះ​តាម​ក្រោយ​។ បើ​ចូល​ប្រជែង​កៅអី​សមាជិកសភា​មែន​នោះ លោក លី ត្រូវ​ប្រឈមមុខ​ជាមួយ​បក្ស PAP ដែល​កាន់អំណាច​រាប់សិប​ឆ្នាំ​របស់​បងប្រុស​បង្កើត​របស់លោក​មិន​ខាន​។​
 
​បងប្អូន​ត្រកូល លី បាន​ផ្ទុះ​ជម្លោះ​គ្រួសារ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នៅ​ឆ្នាំ​២០១៨ លើផ្ទះ​សម្បែង​បន្សល់ទុក​ដោយ​ឪពុក​លោក លី ក្វាន់​យូ ។ លោក លី សៀន​យ៉ាង និង​ប្អូនស្រី លី វិ​ន​លីង អះអាងថា លោក លី ជា​ឪពុក​សរសេរ​បណ្ដាំ​ឲ្យ​កម្ទេច​ផ្ទះ​ចោល តែ​លោក លី សៀន​ឡុង មិន​ព្រម​។ បិតា​ស្ថាបនិក​សិង្ហ​បុរី​រូបនេះ បាន​ស្លាប់​នៅ​ឆ្នាំ​២០១៥ ។ ជម្លោះ​រវាង​បងប្អូន​ត្រកូល លី ដែលមាន​ប្អូនស្រី​ម្នាក់ទៀត បាន​ស្ងប់ស្ងាត់ ប៉ុន្តែ​ភាពមិន​ចុះសម្រុង​ចេះតែមាន​រហូតមក​។  
 
​ពាក់ព័ន្ធ​ការបោះឆ្នោត​វិញ បក្ស​កាន់អំណាច PAP ទំនង​ត្រូវ​ជួប​គូប្រជែង​ច្រើន​សម្រាប់​ការបោះឆ្នោត​លើក​នេះ​។ បក្សប្រឆាំង​ចំនួន​១២ អាច​នឹងចូលរួម​ដណ្ដើម​អាសន​សភា​។ កាលពី​ការបោះឆ្នោត​ឆ្នាំ​២០១៥ បក្ស PAP ទទួលបាន​កៅអី​សភា​៨៣ ដែលជា​ចំនួន​លើសលប់​ក្នុងចំណោម​អាសន​សរុប​៩១ ។ បក្ស​កម្មករ ជា​បក្សប្រឆាំង​តែមួយគត់​មាន​សំឡេង​ក្នុង​សភា ក្នុងនោះ ៦​នាក់​ជាប់​តាម​ការបោះឆ្នោត និង​បីនាក់​ទៀត ជាប់​ក្នុងនាម​បេក្ខជន​មិន​ជាប់ឆ្នោត​ដែល​ទទួលបាន​សំឡេង​ច្រើនជាងគេ​៕
 
 

Tag:
 សិង្ហ​បុរី​
  លីន សៀន​ឡុង
© រក្សាសិទ្ធិដោយ thmeythmey.com