COVID-19
ជាតិ
សម្ដេច គាំទ្រឱ្យធនាគារប្ដឹង និងរឹបអូសទ្រព្យអ្នកមិនសងប្រាក់ តាមការឃោសនារបស់ជនទុច្ចរិត
× ភ្នំពេញ៖ ពីពិធីដាក់ដំណើរការកម្មវិធីទឹកប្រាក់ជួយពលរដ្ឋក្រីក្រ នៅថ្ងៃទី២៤ មិថុនានេះ សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យធនាគារទាំងអស់ ប្ដឹង និងរឹបអូសទ្រព្យអ្នកមិនសង់ប្រាក់ត្រឡប់វិញ ដោយសារជឿតាមការឃោសនារបស់ជនទុច្ចរិត។
សម្ដេច ហ៊ុន សែន ដែលទទួលបានព័ត៌មានទាក់ទងនឹងការសងប្រាក់ទៅធនាគារ និងគ្រឹស្ថានហិរញ្ញវត្ថុនោះ បានបញ្ជាក់ថា មានជនទុច្ចរិតមួយចំនួន បានឆ្លៀតឱកាសនៃការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ នេះ កំំំំពុងដើរឃោសនាឱ្យពលរដ្ឋឈប់សងប្រាក់ទៅធនាគារ និងដកប្រាក់បញ្ញើវិញ ដើម្បីយកមករក្សាទុកដោយខ្លួនឯង។ សម្ដេច ស្នើឱ្យអាជ្ញាធរ និងធនាគារចាត់វិធានការលើអ្នកដើរឃោសនា និងអ្នកជឿលើជនទាំងនោះ។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖«អ្នកដែលចង់ឱ្យធនាគារស្រុកខ្មែរដួលរលំ តាមរយៈកុំសងធនាគារនិងដកលុយពីធនាគារ ប្រហែលជាខកចិត្តមិនតិចទេ។ ហើយខ្ញុំសូមបញ្ជាក់ថា ខ្ញុំលើកទឹកចិត្តឱ្យ(ធនាគារ)ធ្វើការរឹបអូស (ទ្រព្យអតិថិជន) បើសិនជាអ្នកឯងជឿទៅលើអ្នកឃោសនា ដែលមានចលនាកុំឱ្យសងលុយធនាគារ។ ខ្ញុំគ្រាន់តែអំពាវនាវឱ្យធនាគារសុំការយោគយល់នៅក្នុងដំណាក់កាលនៃការលំបាក ប៉ុន្តែការសងនៅតែសង ។ ប៉ុន្តែមានអ្នកចលនាទី១ ឱ្យមនុស្សកុំសងធនាគារ ហើយខ្ញុំនឹងគាំទ្រឱ្យធនាគារប្តឹងទៅតុលាការដើម្បីរឹបអូស បើសិនជាជននោះ គាំទ្រនយោបាយអ្នកអំពាវនាវនេះ»។
បើតាមសម្ដេច ហ៊ុន សែន ក្នុងពិភពលោកនេះ គ្មានករណីឈប់សងប្រាក់ទៅធនាគារ និងហិរញ្ញវត្ថុវិញទេ ទោះក្នុងស្ថានភាពណាក៏ដោយ ។«អ៊ីចឹងសាកមើល គ្រួសារណាដែលញុះញង់ធ្វើ(មិនគេសងប្រាក់ទៅធនាគារ)អាហ្នឹង ហើយជំពាក់ធនាគារ យើងគាំទ្រឱ្យមានការរឹបអូសហ្មង»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលទំនងចង់ផ្លែផ្កាទៅកាន់អ្នកគាំទ្រលោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលធ្លាប់ថ្លែងសារអំពាវនាវឱ្យពលរដ្ឋផ្អាកការសងត្រឡប់ទៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ នៅក្នុងវិបត្តិកូវីដ-១៩នេះ។
សម្រាប់បញ្ហាបំណុលពលរដ្ឋនេះវិញ ប្រមុខរដ្ឋាភិបាល បន្តស្នើឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ជួយសម្រួលរៀបចំឥណទានឡើងវិញ ឱ្យស្របតាមស្ថានភាពជាក់ស្ដែងរបស់ពលរដ្ឋ ជាពិសេសដោះស្រាយបញ្ហាទុនរបស់ម្ចាស់អាជីវកម្មធំៗ និងពលរដ្ឋដែលត្រូវការក្នុងគ្រាលំបាកនេះ។
ពលរដ្ឋជាង១៨ម៉ឺននាក់ ដែលរងផលប៉ះពាល់ជីវភាព ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩នោះ ទទួលបានដំណោះស្រាយឥណទានជាង៨០០លានដុល្លារ ពីមីក្រូហិរញ្ញវត្ថុកម្ពុជា។ នេះបើតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីចុងខែឧសភា។
កន្លងមកលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានរំឭកថា ធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវអនុវត្តវិធានការនានារបស់ធនាគារជាតិកម្ពុជា ដែលបានដាក់ចេញកន្លងមក និងនាពេលអនាគតឱ្យបានត្រឹមត្រូវ ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩។
លោក ជា ចាន់តូ ក៏ស្នើឱ្យអតិថិជនត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាលំបាកជាក់ស្តែងរបស់ខ្លួន ជាមួយគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ។ បើតាមលោក ជា ចាន់តូ កាលៈទេសៈនៃជំងឺកូវីដ១៩នេះ មិនត្រូវឱ្យមានការញុះញង់ណាមួយ ដែលបង្កចលាចលសង្គម នាំឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុឡើយ។
គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៃសមាជិករបស់សមាគម បានបញ្ចេញប្រាក់កម្ចីដល់ប្រជាជនកម្ពុជា ជាង២,១លាននាក់ ដែលមានទំហំឥណទានសរុប ជាង៣០ទ្រីលានរៀល (៧,៤ប៊ីលានដុល្លា) ខណៈអតិថិជនបញ្ញើសរុបមានជាង២,៨លាននាក់ និងមានប្រាក់បញ្ញើសរុប ជាង១៥ទ្រីលានរៀល (៣,៧ប៊ីលានដុល្លា) ៕
© រក្សាសិទ្ធិដោយ thmeythmey.com