ជាតិ
កាំកុងត្រូល រកឃើញ​បន្លែ​-​ផ្លែឈើ​៤​មុខ នាំចូល​ពី​វៀតណាម​តាម​ច្រក​ភ្នំ​ដិ​ន មាន​ផ្ទុក​សារធាតុ​គីមី​ពុល​
24, Jun 2020 , 7:29 pm        
រូបភាព
មន្ត្រី​គយ និង​មន្ត្រី​កាំកុងត្រូល​ខេត្តតាកែវ ឃាត់​រថយន្ត​ដឹក​បន្លែ​និង​ផ្លែឈើ ពី​វៀតណាម​តាម​ច្រកព្រំដែន​ភ្នំពេញ​២​គ្រឿង ពិនិត្យ​រកសារ​ធាតុគីមី​ពុល កាលពី​ថ្ងៃទី​២៣​មិថុនា ឆ្នាំ​២០២០​។ ក្នុង​រថយន្ត​ទាំង​២​គ្រឿង​នោះ មាន​បន្លែ​និង​ផ្លែឈើ​៤​មុខ រកឃើញ​សារធាតុ​គីមី​ពុល ដែល​ធ្វើឱ្យប៉ះពាល់​ដល់​អ្នក​បរិ​ភោគ​។ រូបថត​៖ លោក​ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល ខេត្តតាកែវ​។
មន្ត្រី​គយ និង​មន្ត្រី​កាំកុងត្រូល​ខេត្តតាកែវ ឃាត់​រថយន្ត​ដឹក​បន្លែ​និង​ផ្លែឈើ ពី​វៀតណាម​តាម​ច្រកព្រំដែន​ភ្នំពេញ​២​គ្រឿង ពិនិត្យ​រកសារ​ធាតុគីមី​ពុល កាលពី​ថ្ងៃទី​២៣​មិថុនា ឆ្នាំ​២០២០​។ ក្នុង​រថយន្ត​ទាំង​២​គ្រឿង​នោះ មាន​បន្លែ​និង​ផ្លែឈើ​៤​មុខ រកឃើញ​សារធាតុ​គីមី​ពុល ដែល​ធ្វើឱ្យប៉ះពាល់​ដល់​អ្នក​បរិ​ភោគ​។ រូបថត​៖ លោក​ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល ខេត្តតាកែវ​។
​ភ្នំពេញ​៖ បន្លែ និង​ផ្លែឈើ​ចំនួន​៤​មុខ ដែល​អាជីវករ​ខ្មែរ​នាំចូល​ពី​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​អន្តរជាតិ​ភ្នំ​ដិ​ន ខេត្តតាកែវ ត្រូវបាន​កាំកុងត្រូល​រកឃើញថា មាន​កាកសំណល់​សម្លាប់​សត្វល្អិត ឬ​សារធាតុ​ថ្នាំពុល​គីមីកសិកម្ម ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។ បើតាម​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) ខេត្តតាកែវ បន្លែ​-​ផ្លែឈើ​ទាំង​៤​នោះ មាន​ម្ទេស   ខ្ញី  ស្ពៃ​គុយ​ឡេង និង​ក្រូច​សម្រាប់ធ្វើ​តែ​ជ្រក់ ដែលមាន​ទម្ងន់​សរុប ៤​តោន​។​

 
​លោក ប៉ោ លាង​គង់ បាន​បន្ត​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey) ថា បន្លែ និង​ផ្លែឈើ​ទាំង​៤​មុខ​នោះ គឺ​បាន​ស្ថិតនៅក្នុង​ចំណោម​បន្លែ​-​ផ្លែឈើ​ចំនួន​២១​មុខ ដែល​មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​គុណភាព និង​សុវត្ថិភាព នៅត្រង់ចំណុច​ច្រកព្រំដែន​អន្តរជាតិ​ភ្នំ​ដិ​ន ក្នុង​ខេត្តតាកែវ​។ 
 
​តាម​ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តតាកែវ  បច្ចុប្បន្ន​បន្លែ និង​ផ្លែឈើ ដែលមាន​ផ្ទុក​សារធាតុ​គីមី​សម្លាប់​សត្វល្អិត ដែលមាន​ការហាមឃាត់​នោះ ត្រូវបាន​អាជ្ញាធរ​បញ្ជូនទៅ​ប្រទេស​វៀតណាម​វិញ ហើយ​មិន​អនុញ្ញាតឱ្យ​បន្លែ និង​ផ្លែឈើ​ទាំងនោះ នាំចូល​កម្ពុជា​តាម​ច្រក​ព្រំ​អន្តរជាតិ​ភ្នំ​ដិ​ន ទៀត​ទេ​។​
 
​លោក ប៉ោ លាង​គង់ បាន​និយាយ​ដូច្នេះ​៖«​បច្ចុប្បន្ន​យើង​បានដាក់ បន្លែ​និង​ផ្លែឈើ​ទាំង​៤​មុខ​ហ្នឹង ជា​ទំនិញ​ដែលមាន​ហានិភ័យ​ខ្ពស់​។ យើង​មិន​អនុញ្ញាតឱ្យ​នាំចូល​ទៀត​ទេ​»​។  លោក​បាន​បន្តថា ក្នុងករណី​ដែល អាជីវករ អាច​នាំ​បន្លែ​និង​ផ្លែឈើ​ទាំង​៤​មុខ​នេះ ចូល​កម្ពុជា​តាម​ច្រកព្រំដែន​ភ្នំ​ដិ​ន​នេះ​សារជាថ្មី​បាន លុះត្រាតែ​មុននឹង​នាំចូល អាជីវករ​ត្រូវមាន​ប័ណ្ណ​វិភាគ​គុណភាព​ទំនិញ​ទៅលើ​ប្រភេទ​បន្លែ​ន​និង​ផ្លែឈើ​ទាំងអស់​ហ្នឹង​ពី​ខាង​ភាគី​ប្រទេស​ដែល​ត្រូវ​នាំចូល​កម្ពុជា​សិន​។​
 
​លោក ប៉ោ លាង​គង់ បាន​អះអាងថា​៖«​ប័ណ្ណ​វិភាគ​គុណ​ទំនិញ​[​បន្លែ​-​ផ្លែឈើ​]​ទាំងអស់​ហ្នឹង គឺ​ត្រូវ​បញ្ជាក់ថា ទំនិញ​ទាំងអស់​ហ្នឹង មានគុណ​ភាពល្អ អត់​មាន​សារធាតុ​គីមី​ពុល​ទេ ហើយ​មន្ត្រី​គយ​ខាង​ភាគី​ប្រទេស​នាំចូល ត្រូវ​ទំនាក់ទំនង​ខាង​ខ្ញុំ ដើម្បីឱ្យ​មន្ត្រី​កាំកុងត្រូល​ខ្ញុំ ទៅ​ដកយក​គំរូ​មក​វិភាគ​សារជាថ្មី​។ ប្រសិនបើ​យើង​មើលឃើញថា បន្លែ​និង​ផ្លែឈើ​ទាំងនោះ​គុណភាព​ហើយ យើង​នឹង​អនុញ្ញាតឱ្យ​អាជីវករ​នាំចូល​សរ​ជាថ្មី​។ ប៉ុន្តែ​បើ​យើង​វិភាគ​រកឃើញ​ទំនិញ​ទាំង​អត់​មាន​គុណភាព និង​សុវត្ថិភាព​ទេ យើង​នៅតែ​រាំងខ្ទប់​មិនឱ្យ​នាំចូល​ដដែល​»​។ 
 
​កាលពី​ថ្ងៃទី​១២​មិថុនា ឆ្នាំ​២០២០ មន្ត្រី​កាំកុងត្រូល​ខេត្តកណ្តាល ក៏បាន​រកឃើញ​បន្លែ​និង​ផ្លែឈើ​ចំនួន​៦​មុខ ក្នុង​បរិមាណ​៥​តោន ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​តាម​ព្រំ​ច្រកព្រំដែន​ជ្រៃ​ធំ  មាន​ផ្ទុក​កាកសំណល់​ថ្នាំ​សម្លាប់សត្វ​នេះ​ផងដែរ​។ បន្លែ​និង​ផ្លែឈើ​ចំនួន​៥​មុខ​នោះ ក្រៅពី​ក្រូច​សម្រាប់ធ្វើ​តែ​ជ្រក់ គឺមាន ស្ពៃបូកគោ ផ្កា​ខាត់ណា ពោត​បារាំង ផ្លែ​ល្ពៅ និង​ផ្កា​គូឆាយ​។​
 
 
​កាលពី​ថ្ងៃទី​១២ ខែឧសភា ក្រសួងមហាផ្ទៃ​បាន​បង្គាប់​ឱ្យ​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រចាំ​នៅតាម​ច្រកព្រំដែន​ទាំងអស់ ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ​ន​និង​ទប់ស្កាត់​ការ​នាំចូល​បន្លែ និង​ផ្លែឈើ​មាន​ជាតិគីមី​ពុល និង​ទំនិញ​ខូចគុណភាព ដោយ​សំដៅ​ដល់​ការការពារ​អាយុជីវិត និង​សុខភាព​ពលរដ្ឋ​។​
 
​សកម្មភាព​ដែល​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រចាំ​នៅ​ដែល​ជាប់​នៅ​ព្រំដែន​ប្រទេស​វៀតណាម កំពុង​រឹតតែ​បន្តឹង​នៃ​ការចូល​បន្លែ​-​ផ្លែឈើ​ក្នុង​ទឹកដី​កម្ពុជា​នេះ គឺ​បាន​ធ្វើឡើង​ក្រោយ​មាន​បង្គាប់​ពី​ក្រសួងមហាផ្ទៃ ដោយ​ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ​ន​និង​ទប់ស្កាត់​ការនាំ​ចូល​បន្លែ និង​ផ្លែឈើ​មាន​ជាតិគីមី​ពុល និង​ទំនិញ​ខូចគុណភាព​ចូល​កម្ពុជា ដើម្បី​ធានា​ដល់​ការការពារ​អាយុជីវិត និង​សុខភាព​ពលរដ្ឋ​។ ក្រសួងមហាផ្ទៃ​បានចេញ​លិខិត​បង្គាប់​ឱ្យ​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រចាំ​នៅតាម​ច្រកព្រំដែន​ទាំងអស់ ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ​ន​និង​ទប់ស្កាត់​ការ​នាំចូល​បន្លែ និង​ផ្លែឈើ​មាន​ជាតិគីមី​ពុល និង​ទំនិញ​ខូចគុណភាព​នោះ កាលពី​ថ្ងៃទី​១២​ឧសភា  ឆ្នាំ​២០២០ បន្ទាប់ពី​មានការ​ស្នើសុំ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កន្លងមក​។ 
 
​ក្រសួងកសិកម្ម​បាន​សិក្សា​និង​ប៉ានស្មាន ពី​តម្រូវការ​ប្រើប្រាស់​បន្លែរ​បស់​ពលរដ្ឋ​ក្នុងស្រុក​ប្រចាំឆ្នាំ​២០២០ មាន​ជាង​១០៤​ម៉ឺន​តោន ខណៈ​កម្ពុជា​មានលទ្ធភាព​អាច​ផ្គង់​ផ្គង់​បាន​ជិត​៧២​ម៉ឺន​តោន (៦៩​ភាគរយ​)  ដែលមាន​៣៣​ម៉ឺន​តោន (៣២​ភាគរយ​)​ទៀត ត្រូវ​នាំចូល​ពីរ​បរទេស​។ យោងតាម​របាយការណ៍​នេះ បើ​គិត​ជាប្រចាំ​ថ្ងៃ​វិញ កម្ពុ​ជាមាន​តម្រូវ​បន្លែ​ចំនួន​២,៨៦៥​តោន តែ​លទ្ធភាព​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក​បាន​ត្រឹម​១,៩៦២​តោន​ប៉ុណ្ណោះ​។ ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​បន្លែ​ក្នុងស្រុក​នេះ កម្ពុជា​ត្រូវ​នាំចូល​បន្លែ​ពី​បរទេស​ជាង​៩០០​តោន​ទៀត​ក្នុង​មួយថ្ងៃ​៕
 
 
 

Tag:
 កាកសំណល់​ថ្នាំ​គីមីកសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com