សង្គមអន្តរជាតិ​
អន្តរជាតិ
លោក គីម ជុង​អ៊ុន បញ្ជា​ឲ្យ​ផ្អាក​ផែនការ​យោធា​ប្រឆាំង​កូរ៉េខាងត្បូង​
24, Jun 2020 , 3:15 pm        
រូបភាព
លោក គីម ជុងអ៊ុន ដើរត្រួតពិនិត្យយុទ្ធោបករណ៍។ រូបភាព KCNA
លោក គីម ជុងអ៊ុន ដើរត្រួតពិនិត្យយុទ្ធោបករណ៍។ រូបភាព KCNA
ដោយ:
​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន បានសម្រេច​ផ្អាក​សកម្មភាព​យោធា​ប្រឆាំង​កូរ៉េខាងត្បូង​។​ការសម្រេចចិត្ត​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​យោធា​មជ្ឈិម ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៤ ខែមិថុនា​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA​។

 
​ការសម្រេចចិត្ត ផ្អាក​សកម្មភាព​យោធា​របស់​កូរ៉េខាងជើង​ត្រូវបាន​គេ​ចាត់ទុកថា​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ នេះ​ក៏​គេ​រំពឹងថា កិច្ចប្រជុំ​គណៈកម្មការ​យោធា​មជ្ឈិម នឹង​គាំទ្រ​សកម្មភាព​យោធា​ប្រឆាំង​កូរ៉េខាងជើង​។ កូរ៉េខាងជើង​តាមរយៈ​សេចក្តីថ្លែងការណ៍​កន្លងមក បាន​ប្រើប្រាស់​ពាក្យ​«​សត្រូវ​» ក្នុងន័យ​សំដៅទៅ​កូរ៉េខាងត្បូង​។​
 
​ទោះជា​សកម្មភាព​យោធា​ត្រូវបាន​ផ្អាក​ក៏ពិតមែន ប៉ុន្តែ KCNA ផ្សាយ​ថា កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​លោក គីម ជុង​អ៊ុន មាន​របៀបវារៈ​ក្នុងការ​ពិនិត្យ​នូវ​គោលនយោបាយ​យោធា​ដែល​នឹង​ត្រូវដាក់​បង្ហាញ​ក្នុង​កិច្ចប្រជុំ​ទី​៥ នៃ​កិច្ចប្រជុំ​គណកម្មការ​យោធា​មជ្ឈិម នៃ​បក្ស​ពលករ​កូរ៉េ​។ បន្ថែម​ពីនេះ កិច្ចប្រជុំ​ខាងលើ​ក៏​ចេញ​ពិភាក្សា​ផងដែរ​ពី​ឯកសារ​ដែល​ដាក់​ចេញពី​វិធានការ​ក្នុង​ការបន្ត​ពង្រឹង​ការ​គំរាម​ធ្វើសង្គ្រាម​របស់​កូរ៉េខាងជើង​។​
 
​បន្ទាប់ពី​បាន​បំផ្ទុះ​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​កាលពី​សប្តាហ៍​មុន កូរ៉េខាងជើង បាន​ព្រមាន​ថា ខ្លួន​នឹង​ពង្រាយ​ទាហាន​ចូលទៅ​តំបន់​គ្មាន​កងទ័ព ក៏ដូចជា​គំរាម​ធ្វើ​លំ​ហាត់​យោធា​តាម​ព្រំដែន​ផងដែរ​។ បន្ថែម​ពីនេះ កាលពី​ថ្ងៃទី​២២ ខែមិថុនា កូរ៉េខាងជើង​បានរៀបចំ​រួចរាល់​ជាស្រេច​ក្នុងការ​បង្ហោះ​ប៉េងប៉ោង​ចំនួន​៣​ពាន់ និង​ខិត្តប័ណ្ណ​ចំនួន​១២​លាន ដើម្បី​ប្រឆាំង​កូរ៉េខាងជើង មិនតែប៉ុណ្ណោះ​គេ​ក៏​ឃើញ​កូរ៉េខាងជើង​បំពាក់​ឧបករណ៍​បំពង​សំឡេង​ចំនួន​២០​គ្រឿង​តាម​ព្រំដែន​។​
 
​ក្រោយពេល លោក គីម ដែលជា​ប្រធាន​គណៈកម្មការ​យោធា​ខាងលើ សម្រេច​ផ្អាក​សកម្មភាព​យោធា ភាគី​កូរ៉េខាងត្បូង​សង្កេតឃើញថា កងទ័ព​កូរ៉េខាងជើង​បាន​ដក​ឧបករណ៍​បំពង​សំឡេង​ចំនួន​១០​ចេញ​។ ប៉ុន្តែ​កូរ៉េខាងជើង​មិន​បោះបង់​ផែនការ​ក្នុងការ​បាច​ខិ​ត្ត​បណ្ណ​ឆ្លង​ព្រំដែន​ឡើយ បើទោះបី​ជាមាន​ការទទូច​ពី​កូរ៉េខាងត្បូង​ក្តី​៕

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com