COVID-19
ជាតិ
តើ​អ្នកក្រីក្រ ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប៉ុន្មាន ក្នុងអំឡុង​កូ​វីដ​?
24, Jun 2020 , 9:29 pm        
រូបភាព
​រដ្ឋាភិបាល​កម្ពុជា បែងចែក​អ្នកក្រីក្រ និង​ជន​ងាយ​រងគ្រោះ ដែល​ត្រូវ​ទទួល​ប្រាក់ឧបត្ថម្ភ ជា​២​កម្រិត គឺ អ្នកក្រីក្រ​កម្រិត​១ សំដៅលើ​អ្នកក្រីក្រ​ខ្លាំង និង អ្នកក្រីក្រ​កម្រិត​២ សំដៅលើ​អ្នកក្រីក្រ​ល្មម​។ រដ្ឋាភិបាល ក៏​បែងចែក​អ្នកក្រីក្រ និង​ជន​ងាយ​រងគ្រោះ ជា​៣​តំបន់​ដែរ គឺ នៅ​រាជធានី​ភ្នំពេញ នៅ​ទីប្រជុំជន​ក្រៅពី​រាជធានី​ភ្នំពេញ និង នៅ​ជនបទ​។


​អ្នកក្រីក្រ និង​ជន​ងាយ​រងគ្រោះ ដែលមាន​បណ្ណសម​ធម៌ (​បណ្ណ​ក្រីក្រ​) ទទួលបាន​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​គ្នា ទៅតាម​កម្រិត​១​និង​កម្រិត​២ និង​ទៅតាម​តំបន់​ដែល​ពួកគេ​ស្ថិតនៅ​។ អ្នកក្រីក្រ​និង​ជន​ងាយ​រងគ្រោះ ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​២​ផ្នែក​ធំៗ​ពី​រដ្ឋាភិបាល គឺ​ទទួល​បានជា​លក្ខណៈ​គ្រួសារ​ទាំងមូល​ផង និង​ជា​លក្ខណៈ​បុគ្គល​ផង​។ 
​នៅ​រាជធានី​ភ្នំពេញ 
 
​គិត​ជា​គ្រួសារ​ទាំងមូល គឺ អ្នកក្រីក្រ​និង​ជន​ងាយ​រងគ្រោះ ទទួលបាន​ប្រាក់ឧបត្ថម្ភ​១២​ម៉ឺន​រៀល​ដូចគ្នា​ទាំងអស់ ក្នុង​១​គ្រួសារ មិន​ថា ពួកគេ ជា​អ្នកក្រីក្រ​កម្រិត​១ ឬ​អ្នកក្រីក្រ​កម្រិត​២​នោះទេ​។ ឧទាហរណ៍​ថា គ្រួសារ​១ មាន​សមាជិក​តែ​ម្នាក់ ឯ​គ្រួសារ​១​ទៀត មាន​សមាជិក​១០​នាក់ ក៏​គ្រួសារ​ទាំង​២​នេះ នៅតែ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​១២​ម៉ឺន​រៀល​ស្មើគ្នា​។ 
 
​ចំពោះ​បុគ្គល គឺ​បែង​ចែកជា​អ្នកក្រីក្រ​កម្រិត​១ និង​អ្នកក្រីក្រ​កម្រិត​២​។ សមាជិកគ្រួសារ​ក្រីក្រ ដែល​ស្ថិតក្នុង​កម្រិត​១ ទទួលបាន​ប្រាក់ឧបត្ថម្ភ​៥​ម៉ឺន​២​ពាន់​រៀល​ក្នុង​ម្នាក់ៗ ឯ​អ្នក​ស្ថិតក្នុង​កម្រិត​២ ទទួលបាន​៣​ម៉ឺន​៦​ពាន់​រៀល​ក្នុង​ម្នាក់ៗ​។ 
 
​លើសពីនេះ កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ជនពិការ មនុស្ស​ចាស់​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង និង អ្នក​ផ្ទុកមេរោគ​អេដស៍ ក្នុង​គ្រួសារ​ក្រីក្រ​កម្រិត​១ ទទួលបាន​ប្រាក់ឧបត្ថម្ភ​៤​ម៉ឺន​រៀល ក្នុង​ម្នាក់ៗ ឯ​ក្នុង​គ្រួសារ​ក្រីក្រ​កម្រិត​២ ទទួលបាន​២​ម៉ឺន​៨​ពាន់​រៀល ក្នុង​ម្នាក់ៗ​។ 
 
​ឧទាហរណ៍​ថា គ្រួសារ​១ ស្ថិតក្នុង​កម្រិត​ក្រីក្រ​១ នៅ​រាជធានី​ភ្នំពេញ មាន​សមាជិក​៧​នាក់ ដោយ​ក្នុងនោះ ឪពុក មាន​អាយុ​៥៥​ឆ្នាំ ជា​ជនពិការ​ជើង​ទាំង​២ ម្តាយ​មាន​អាយុ​៥០​ឆ្នាំ កូន​អាយុ​៤​ឆ្នាំ​ម្នាក់ កូន​អាយុ​២​ឆ្នាំ​ម្នាក់ កូន​ម្នាក់​ផ្ទុកមេរោគ​អេដស៍ យាយ​អាយុ​៧៥​ឆ្នាំ តា​អាយុ​៨០​ឆ្នាំ​។ បើ​គិត​ទៅ គ្រួសារ​នេះ ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​៥​ផ្នែក​។​
 
​ទី​១ គ្រួសារ​នេះ ទទួលបាន​ប្រាក់ឧបត្ថម្ភ​១២​ម៉ឺន​រៀល​។ ទី​២ សមាជិក​ទាំង​៧​នាក់ ទទួលបាន​៥​ម៉ឺន​២​ពាន់​រៀល ក្នុង​ម្នាក់ៗ (​សរុប​៣៦​ម៉ឺន​៤​ពាន់​រៀល​)​។ ទី​៣ កុមារ​ទាំង​២​នាក់ ទទួលបាន​៤​ម៉ឺន​រៀល ក្នុង​ម្នាក់ៗ (​សរុប​៨​ម៉ឺន​រៀល​)​។ ទី​៤ យាយ​និង​តា ទទួលបាន​៤​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ (​សរុប​៨​ម៉ឺន​រៀល​)​។ ទី​៥ ឪពុក ជា​ជនពិការ ទទួលបាន​៤​ម៉ឺន​រៀល​។ ទី​៥ កូន​ផ្ទុកមេរោគ​អេដស៍ ទទួលបាន​៤​ម៉ឺន​រៀល​។ ដូច្នេះ​សរុប​ទាំងអស់ គ្រួសារ​នេះ ទទួលបាន​ប្រាក់ឧបត្ថម្ភ​៧២​ម៉ឺន​៤​ពាន់​រៀល​។ 
 
​នៅ​ទីប្រជុំជន ក្រៅពី​រាជធានី​ភ្នំពេញ ​អ្នកក្រីក្រ និង​ជន​ងាយ​រងគ្រោះ ទទួលបាន​ប្រាក់ឧបត្ថម្ភ​១២​ម៉ឺន​រៀល ក្នុង​គ្រួសារ​នីមួយៗ ដោយ​មិន​បែងចែក​កម្រិត​១ ឬ​កម្រិត​២​ឡើយ​។ ឯ​សមាជិក ក្នុង​គ្រួសារ​ក្រីក្រ​កម្រិត​១ ទទួលបាន​៤​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ ហើយ​សមាជិក ក្នុង​គ្រួសារ​ក្រីក្រ​កម្រិត​២ ទទួលបាន​២​ម៉ឺន​៨​ពាន់​រៀល ក្នុង​ម្នាក់ៗ​។​
 
​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ជនពិការ មនុស្ស​ចាស់​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង អ្នក​ផ្ទុកមេរោគ​អេដស៍ ក្នុង​គ្រួសារ​ក្រីក្រ​កម្រិត​១ ទទួលបាន​៤​ម៉ឺន​រៀល​ក្នុង​ម្នាក់ ឯ​ក្នុង​គ្រួសារ​ក្រីក្រ​កម្រិត​២ ទទួលបាន​២​ម៉ឺន​៨​ពាន់​រៀល​។ 
 
​នៅ​ជនបទ 
​អ្នកក្រីក្រ​និង​ជន​ងាយ​រងគ្រោះ ដែល​ស្ថិតក្នុង​កម្រិត​១​និង​កម្រិត​២ ទទួលបាន​ប្រាក់ឧបត្ថម្ភ​៨​ម៉ឺន​រៀល​ដូចគ្នា ក្នុង​១​គ្រួសារ​។ ចំពោះ​សមាជិក ក្នុង​គ្រួសារ​ក្រីក្រ​កម្រិត​១ ទទួលបាន​២​ម៉ឺន​៤​ពាន់​រៀល​ក្នុង​ម្នាក់ៗ ហើយ​សមាជិក​ក្នុង​គ្រួសារ​ក្រីក្រ​កម្រិត​២ ទទួលបាន​១​ម៉ឺន​៦​ពាន់​រៀល​ក្នុង​ម្នាក់ៗ​។ 
 
​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ជនពិការ មនុស្ស​ចាស់​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង អ្នក​ផ្ទុកមេរោគ​អេដស៍ ក្នុង​គ្រួសារ​ក្រីក្រ​កម្រិត​១ ទទួលបាន​២​ម៉ឺន​៤​ពាន់​រៀល ហើយ​ក្នុង​គ្រួសារ​ក្រីក្រ​កម្រិត​២ ទទួលបាន​១​ម៉ឺន​៦​ពាន់​រៀល​។ 
 



 
​ការឧបត្ថម្ភ​ប្រាក់ ដល់​អ្នកក្រីក្រ​និង​ជន​ងាយ​រងគ្រោះ ដែលមាន​បណ្ណសម​ធម៌ នឹង​ចាប់​ផើ្ត​ម​អនុវត្ត​ពី​ចុងខែ​មិថុនា ឆ្នាំ​២០២០​ទៅ ដោយ​ក្នុង​១​ខែ ឧបត្ថម្ភ​ម្តង​។ អ្នកក្រីក្រ​និង​ជន​ងាយ​រងគ្រោះ អាច​បើកប្រាក់​ឧបត្ថម្ភ​នេះ តាមរយៈ​សេវាកម្ម​វី​ង​។  
 
​នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០​នេះ រដ្ឋាភិបាល​កម្ពុជា បានរៀបចំ​ពិធី​ប្រកាស​ឲ្យ​អនុវត្ត​កម្មវិធី​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ ដោយសារ​ជំងឺ​កូ​វីដ​-១៩ ក្រោម​អធិបតី​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ កម្មវិធី​ឧបត្ថម្ភ​ប្រាក់​នេះ ត្រូវបាន​កំណត់​ក្នុង​អនុក្រឹត្យ​មួយ ដែល​ចេញ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី ប្រកាស​ក្នុង​ពិធី​នោះ​ថា ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​ប្រាក់​ដល់​អ្នកក្រីក្រ​និង​ជន​ងាយ​រងគ្រោះ គឺ​មិន​អចិន្ត្រៃយ៍​ឡើយ ពោលគឺ កម្មវិធី​នេះ អាច​នឹងត្រូវ​លុបចោល​វិញ នៅពេលណា ដែល​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​ធូរស្រាល ហើយ​ស្ថានភាព​ប្រទេសជាតិ វិល​មក​ប្រក្រតីភាព​ឡើងវិញ​។  
 
​ក្នុង​យុទ្ធនា​ការដើរ​ស្រង់​ស្ថិតិ​ជុំ​ទី​១ ដែល​ទើប​នឹងធ្វើ​ក្នុងអំឡុង​ជំងឺ​កូ​វីដ​-១៩​នេះ រដ្ឋាភិបាល រកឃើញ អ្នកក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ជាង​៦០​ម៉ឺន​គ្រួសារ ដែលមាន​បណ្ណសម​ធម៌​។ រដ្ឋាភិបាល ប៉ាន់ប្រមាណ​ថា ក្នុង​១​ខែ អាច​ចំណាយ​ថវិកា​ប្រមាណ​២៥​លាន​ដុល្លារ សម្រាប់​ឧបត្ថម្ភ​ដល់​អ្នកក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ទាំង​៦០​ម៉ឺន​គ្រួសារ ដែល​ស្មើនឹង​ប្រមាណ​២,៣​លាន​នាក់ ។​
 
​រដ្ឋាភិបាល ដែលមាន​ក្រសួងផែនការ​ជា​សេនាធិការ នឹង​បន្ត​ដើរ​ស្រង់​ស្ថិតិ​អ្នកក្រីក្រ​និង​ជន​ងាយ​រងគ្រោះ ក្នុង​ជុំ​ទី​២​បន្ថែមទៀត​។ 
 
​រដ្ឋាភិបាល ធ្លាប់​ប្រកាសថា ភាពក្រីក្រ​នៅ​កម្ពុជា នៅសល់​ក្នុងរ​ង្វ​ល់​១០​ភាគរយ​។ តែ ធនាគារពិភពលោក ព្យាករ​ថា ឥទ្ធិពល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ អាច​នឹងធ្វើ​ឲ្យ​ភាពក្រីក្រ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២០ កើនឡើង​ពី ៣ ទៅ ១១​ភាគរយ​បន្ថែមទៀត​។​
 
​កន្លងមក រដ្ឋាភិបាល បាន​បញ្ជា​មន្ត្រី​ឲ្យ​ដើរ​ចែក​ស្បៀង ដូចជា អង្ករ​និង​ត្រីខ ជាដើម រួមទាំង​ម៉ាស់​និង​ក្រមា​ផងដែរ ទៅដល់​គ្រួសារ​ក្រីក្រ​។ ជាមួយគ្នានេះ រដ្ឋាភិបាល បាន​ឧបត្ថម្ភ​ថវិកា​៤០​ដុល្លារ ក្នុង​១​ខែ ដល់ក​ម្មករ​-​កម្មការិនី​ម្នាក់ៗ ដែល​ត្រូវ​ព្យួរការងារ​។  
 
​ពេល​ជំងឺ​កូ​វីដ​-១៩ ផ្ទុះឡើង រដ្ឋាភិបាល បាន​ត្រៀម​ថវិកា​៣​ពាន់​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​និង​បញ្ហា​ផ្សេងៗ​៕ 
 
 

Tag:
 COVID-19
  អ្នកក្រីក្រ​
  ប្រាក់ឧបត្ថម្ភ
© រក្សាសិទ្ធិដោយ thmeythmey.com