COVID-19
អន្តរជាតិ
តៃវ៉ាន់ ប្រាប់ចិនឲ្យគិតគូរប្រឆាំង COVID-19 ជាជាងប្រឹងធ្វើសមយុទ្ធបន្លាច លោក Su Tseng-chang នាយករដ្ឋមន្រ្តីតៃវ៉ាន់។ រូបភាព AFP
× នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Su Tseng-chang ប្រាប់ឲ្យចិនប្រឹងប្រែងទប់ស្កាត់ការផ្ទុះឡើងជាថ្មីជំងឺ COVID-19 ជាជាងការធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់។ លោក Su និយាយរិះគន់បែបនេះ បន្ទាប់ពីកងទ័ពអាកាសរបស់ចិនដីគោកបានហោះឆ្វែលកោះតៃវ៉ាន់ជាច្រើនក្នុងប៉ុន្មានសប្ដាហ៍មកនេះ។ មេដឹកនាំតៃវ៉ាន់រូបនេះ បញ្ជាក់ថា តៃវ៉ាន់មិនចង់មានរឿងអ្វីឡើយ ហើយចង់បានតែសន្តិភាពក្នុងតំបន់ប៉ុណ្ណោះ។
មិនពីរសប្ដាហ៍ចុងក្រោយ កងទ័ពអាកាសចិន បានសកម្មភាព៨ដងនៅក្បែរៗកោះតៃវ៉ាន់។ ក្នុងនោះ យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែករបស់កងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន បានហោះចូលដែនកំណត់អត្តសញ្ញាណការពារអាកាសរបស់តៃវ៉ាន់ ហើយហោះចេញវិញបន្ទាប់ពីទទួលការព្រមានពីទ័ពអាកាសតៃវ៉ាន់។
សកម្មភាពយោធា ដែលកើតឡើងស្របគ្នានឹងការកើនឡើងករណីឆ្លងជំងឺ COVID-19 នៅរដ្ឋធានីប៉េកាំង បានរងការរិះគន់ពីសំណាក់នាយករដ្ឋមន្ត្រីតៃវ៉ាន់ Su Tseng-chang ។ លោក Su ប្រាប់អ្នកសារព៏ត៌មាននៅថ្ងៃទី២៣ ខែមិថុនា ថា ចិនដែលជាប្រទេសធំ មិនបានបោះបង់គំនិតយកតៃវ៉ាន់ដោយប្រើកម្លាំងយោធាឡើយ។ ចិនក៏បានបញ្ជូនយន្តហោះចម្បាំង និងនាវាប្រយុទ្ធទៅក្បែរតៃវ៉ាន់ ដែលជាសកម្មភាពគួររំខាន។
«តៃវ៉ាន់ គ្រាន់តែចង់ជាអ្នកចូលរួមសម្រាប់សន្តិភាពតំបន់ប៉ុណ្ណោះ។» នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី Su ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។ មេដឹកនាំតៃវ៉ាន់រូបនេះ ក៏និយាយដល់បញ្ហា COVID-19 នៅចិនដែលលោកអះអាងថា ជារលកទីពីរ។ នាយករដ្ឋមន្ត្រីរូបនេះ បន្តថា ចិនគួរប្រមូលផ្ដុំកម្លាំងរបស់ខ្លួនដើម្បីមើលថែប្រជាជនខ្លួន កាត់បន្ថយផលប៉ះពាល់ដោយសារជំងឺឆ្លងនេះ និងការពារសន្តិភាពតំបន់ ដែលជាទង្វើប្រសើរជាង។
នៅប៉េកាំង ករណីឆ្លង COVID-19 បានផ្ទុះឡើងគួរឲ្យបារម្ភ បន្ទាប់ពីការរកឃើញករណីឆ្លងពីផ្សារបោះដុំមួយកន្លែង ដែលធ្វើឲ្យគេគិតថា រលកទីពីរអាចកើតមានមិនខាន។ ជាវិធានការ ផ្សារបោះដុំ Xinfadi ត្រូវបានបិទ ផ្នែកខ្លះនៃប៉េកាំង ក៏ស្ថិតក្រោមការបិទទាំងស្រុង សាលារៀនក៏បានបិទបន្តទៀត ព្រមគ្នានឹងរោងចក្រក្រុមហ៊ុន Pepsi មួយកន្លែងផងដែរ។ ការធ្វើតេស្តទ្រង់ទ្រាយធំ ក៏កំពុងឡើងផងដែរ ដើម្បីទប់ស្កាត់ការឆ្លងថែមទៀត។
ដូចដឹងស្រាប់ ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកមួយរបស់ខ្លួន។ ការធ្វើសមយុទ្ធនៅក្បែរៗកោះមួយនេះ ត្រូវបានទីក្រុងប៉េកាំង ចាត់ទុកជាសកម្មភាពជាទម្លាប់របស់ខ្លួនដើម្បីពង្រឹងកម្លាំងការពារអធិបតេយ្យជាតិ។ រឿងតៃវ៉ាន់នេះ ចិនក៏មិនដែលបោះបង់ជម្រើសប្រើប្រាស់យោធាដើម្បីគ្រប់គ្រងឡើងវិញដែរ ហើយការប្រើប្រាស់យោធា គឺជាជម្រើសចុងក្រោយ បើតៃវ៉ាន់ដែលកាន់តែខ្សត់ដង្ហើមការទូតហ៊ានប្រកាសឯករាជ្យនោះ៕
Tag:
តៃវ៉ាន់
ចិន
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com