COVID-19
អន្តរជាតិ
ទីក្រុង​តូ​ក្យូ មាន​ករណី​ឆ្លង COVID-19 ខ្ពស់បំផុត បើ​គិត​ចាប់តាំងពី​ថ្ងៃទី​៥ ខែឧសភា​
24, Jun 2020 , 4:41 pm        
រូបភាព
លោកស្រីអភិបាលក្រុងតូក្យូ  Yuriko Koike (ខាងឆ្វេង)។ រូបភាព៖ Kyodo News
លោកស្រីអភិបាលក្រុងតូក្យូ Yuriko Koike (ខាងឆ្វេង)។ រូបភាព៖ Kyodo News
​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ នៅ​ថ្ងៃទី​២៤ ខែមិថុនា បាន​រាយការណ៍​ពី​ការ COVID-19 ថ្មី ចំនួន ៥៥​ករណី​។ នេះ​គឺជា​ករណី​ឆ្លង​ដ៏​ច្រើន​បំផុត​នៅក្នុង​ទីក្រុង​ដ៏​ធំ​មួយ​នេះ​ចាប់​តាំង​ថ្ងៃទី​៥ ខែឧសភា​កន្លងមក​។


​តាម​ការអះអាង​របស់​លោកស្រី​អភិបាលក្រុង​តូ​ក្យូ Yuriko Koike ទីក្រុង​តូ​ក្យូ មាន​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន ៥៥​ករណី​។ តួលេខ​សរុប​នៅក្នុង​ទីក្រុង​មាន​ចំនួន ៥៨៩៥​ករណី ដែលជា​ចំនួន​ច្រើនជាងគេ​បំផុត​បើ​ធៀប​នឹង​ករណី​ឆ្លង​នៅក្នុង​ខេត្ត ក្រុង​របស់​ជប៉ុន​ផ្សេងទៀត​។ ករណី​ឆ្លង​នៅក្នុង​ថ្ងៃទី​២៤ ខែមិថុនា​នេះ គឺជា​តួលេខ​ដ៏​ច្រើនជាងគេ​បំផុត បើ​គិត​ចាប់ពី​ថ្ងៃទី​៥ ខែឧសភា ដែលមាន​៥៧​ករណី​។ 
 
​ការកើនឡើង​ករណី​ឆ្លង​ថ្មី​នេះ គឺ​ដោយសារ​ជប៉ុន បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​នៅក្នុង​ប្រទេស និង​ការ​លើកចោល​ស្ថានភាព​អាសន្ន នៅក្នុង​ប្រទេស ចាប់តាំងពី​ថ្ងៃទី​២៥ ខែឧសភា​កន្លងមក​។ 
 
​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២៤ ខែមិថុនា លោកស្រី​អភិបាលក្រុង​រូបនេះ បាន​បញ្ជាក់ថា អ្នក​ឆ្លង​COVID-19 ភាគច្រើន គឺ​ឆ្លង​នៅ​កន្លែង​ការងារ និង​ក្នុង​រោងចក្រ​។ ការណ៍​នេះ លោកស្រី Yuriko បាន​ជំរុញ​ឲ្យ​ប្រជាជន​របស់ខ្លួន​ទាំងអស់ មាន​វិធានការ​ការពារ និង​ទប់​ទល់នឹង COVID-19 នៅ​កន្លែងធ្វើការ​។ 
 
​យ៉ាងណាក៏ដោយ លោកស្រី​អភិបាលក្រុង ក៏បាន​ទទួលស្គាល់​ដែរ​ថា វា​ពិបាក​ណាស់​សម្រាប់​អាជ្ញាធរ ក្នុងការ​មាន​វិធានការ​ការពារ​ម៉ត់ចត់​មួយចំនួន ដើម្បី​អនុវត្ត​នៅ​ការិយាល័យ ព្រោះ​ចំនួន​មនុស្ស​ជាច្រើន​ម៉ឺន​នាក់ បាន​ត្រលប់មក​ធ្វើការ​វិញ បន្ទាប់ពី​រដ្ឋាភិបាល​លើកចោល​ការប្រកាស​ភាព​អាសន្ន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន  Kyodo​។ 
 
​នាពេល​កន្លងមក ជប៉ុន បានអនុញ្ញាត​ឲ្យ​មានការ​ឆ្លងខេត្ត ក្រុង​ជាថ្មី និង​ជំនួញ​មួយចំនួន ត្រូវ​បើក​ឡើងវិញ​។ ក្លឹប​រាត្រី ការប្រគុំ​តន្ត្រី និង​កន្លែង​កម្សាន្ត​ផ្សេងទៀត ក៏​ត្រូវបាន​អាជ្ញាធរ​ជប៉ុន​អនុញ្ញាត​ឲ្យ​បើក​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ជប៉ុន​មាន​ករណី​COVID-19 សរុប​ចំនួន ១៧៩៦៨​ករណី អ្នកស្លាប់​ចំនួន ៩៥៥​នាក់ និង​អ្នកជា​សះស្បើយ​ពី​ជំងឺ​មាន​ចំនួន ១៦២១២​នាក់​៕ 

Tag:
 ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com