ជាតិ
GMAC ចង់​ពន្យារពេល​ចរចា​ប្រាក់​ឈ្នួល​កម្មករ ខណៈ​សហជីព​ចង់​ឲ្យ​ដំណើរការ​តាម​គម្រោង​
24, Jun 2020 , 10:29 pm        
រូបភាព
កម្មកររោងចក្រកំពុងអង្គុយរៀនជំនាញទន់ ដែលរៀបចំបណ្ដុះបណ្ដាលដោយក្រសួងការងារ (រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងការងារ)
កម្មកររោងចក្រកំពុងអង្គុយរៀនជំនាញទន់ ដែលរៀបចំបណ្ដុះបណ្ដាលដោយក្រសួងការងារ (រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងការងារ)
​ភ្នំពេញ​៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)​ថា ការចរចា​ប្រាក់​អប្បបរមា​ឆ្នាំ​២០២១ គួរ​ពន្យារពេល ដោយសារ​វិស័យ​កាត់ដេរ​កំពុង​រង​ផលប៉ះពាល់ ។ ប៉ុន្តែ​មេ​សហជីព​ចង់​ឲ្យ​ដំណើរ​ការចរចា តាម​គម្រោង​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​គ្រោង​ធ្វើឡើង​នៅ​ដើមខែ​ក្រោយនេះ​។


GMAC សង្កត់ធ្ងន់ថា ការ​បង្អង់​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា ជាការ​គាំទ្រ​ឲ្យ​វិស័យ​កាត់ដេរ​បន្ត​មានជីវិត​រស់នៅ ក៏ដូចជា​រក្សា​ការងារ​ដល់ក​ម្មករ​ផងដែរ​។ បើតាម​សេចក្ដីថ្លែងការណ៍​របស់​GMAC នៅ​ថ្ងៃទី​២៣ មិថុនា​នេះ​ថា អំឡុង​វិបត្តិ​កូ​វីដ​-១៩​នេះ វិស័យ​កាត់ដេរ​នៅ​កម្ពុជា​កំពុង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឲ្យ​រោងចក្រ​កាត់ដេរ​ជាច្រើន​បាន​ព្យួរការងារ​និង​បិទ ដោយសារ​អ្នកបញ្ជា​ទិញ​លុប​ការបញ្ជាទិញ​។ 
 
«​សមាគម​សង្ឃឹម​យ៉ាង​ម៉ុ​ត​មាំ​ថា ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់​ឆ្នាំ​២០២១ នឹងត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​រហូតដល់​ស្ថានភាព​នៃ​វិស័យនេះ មាន​ភាពប្រក្រតី​ឡើងវិញ​។ ការ​បង្អង់​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​ជា​យន្តការ​មួយ ក្នុងការ​គាំទ្រ​ឲ្យ​វិស័យនេះ នៅ​បន្ត​មានជីវិត​រស់នៅ ក៏ដូចជា​ការរក្សា​ការងារ​សម្រាប់​បងប្អូន​កម្មករនិយោជិត​យ៉ាង​ដូច្នេះ​ដែរ​»​។ នេះ​បាន​តាម​លើកឡើង​របស់​GMAC នៅក្នុង​សេចក្ដីថ្លែងការណ៍​។ 
 
​ដោយឡែក លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ថ្លែងប្រាប់​សារព័ត៌មាន​ThmeyThmey តាម​ទូរស័ព្ទ​ថា ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​នេះ មិនចាំបាច់​ពន្យារពេល​ឡើយ ព្រោះ​កម្មករ​មិនទាន់​ទទួលបាន​ប្រាក់​ឈ្នួល​សមរម្យ​នោះទេ​។ លើសពីនេះ លោក អាត់ ធន់ បន្ថែមថា ការចរចា​នៅក្នុង​ឆ្នាំនេះ គឺ​អនុវត្ត​នៅ​ឆ្នាំក្រោយ ដូច្នេះ​មិនគួរ​ពន្យារពេល​ឡើយ​។​
 
​លោក អាត់ ធន់ ថ្លែងថា​៖ «​កម្មករ​យើង​មិនទាន់​ទទួលបាន​ប្រាក់​ឈ្នួល​សមរម្យ​នៅឡើយ​ទេ ពួកគាត់​ត្រូវតែមាន​ប្រាក់​ឈ្នួល​មួយ​សមរម្យ​។ បើ​ផ្អាក​ការចរចារ​មានន័យថា គាត់​មិនបាន​ប្រាក់​ឈ្នួល​ឡើង​ទេ​»​។ 
 
​លោក អាត់ ធន់ រំពឹងថា ការចរចា​ប្រាក់​ឈ្នួល​នេះ នឹងធ្វើ​ឲ្យ​កម្មករ​ទទួលបាន​ប្រាក់​អប្បបរមា​ខ្ពស់ជាង​មុន ដោយសារ​ស្ថានភាព​របស់​កម្មករ​លំបាក​។​
 
​កាលពី​ថ្ងៃទី​១០ មិថុនា ក្រសួង​ការងារ បានប្រកាសថា ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​នៃ​វិស័យ​កាត់ដេរ សម្រាប់​ឆ្នាំ​២០២១ នឹង​ធ្វើឡើង​ចាប់ពី​ខែកក្កដា ដល់ក​ញ្ញា នៅ​ឆ្នាំ​២០២០​នេះ​។ 
​សូមបញ្ជាក់ថា ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត ក្នុង​វិស័យ​កាត់ដេរ​នៅ​ឆ្នាំ​២០១៩ គឺ​១៨២​ដុល្លារ ហើយ​សម្រាប់​ឆ្នាំ​២០២០ កើនឡើង​៨​ដុល្លារ គឺ​១៩០​ដុល្លារ​៕ 

Tag:
 GMAC
  សហជីព
© រក្សាសិទ្ធិដោយ thmeythmey.com