អន្តរជាតិ
មន្ត្រី​ចិន ព្រមាន​ពី​ការកើនឡើង​លទ្ធភាព​នៃ​ឧប្បទ្ទវហេតុ​យោធា​ជាមួយ​អាមេរិក​
24, Jun 2020 , 10:59 pm        
រូបភាព
នាវាផ្ទុកយន្តហោះរបស់ចិន។​ រូបភាព AFP
នាវាផ្ទុកយន្តហោះរបស់ចិន។​ រូបភាព AFP
ដោយ:
​មន្ត្រីជាន់ខ្ពស់​ចិន នៅ​ថ្ងៃទី​២៣ ខែមិថុនា បាន​អះអាងថា វត្តមាន​ដ៏​ច្រើន​ដែល​មិន​ធ្លាប់មាន​របស់​កងទ័ព​អាមេរិក នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក កំពុង​បង្កើន​លទ្ធភាព​នៃ​ការប៉ះទង្គិច​ជាយថាហេតុ​ជាមួយ​កង​នាវា​របស់​អាមេរិក​។ សមុទ្រ​ចិន​ខាងត្បូង ដែលជា​តំបន់​ប្រទាញប្រទង់​រវាង​ចិន និង​ប្រទេស​តូច​ជាង​ខ្លួន​មួយចំនួន ត្រូវបាន​មើលឃើញថា ជា​តំបន់​ក្ដៅ​រវាង​មហាអំណាច​យោធា​ទាំងពីរ​របស់​ពី​ភព​លោក​។

 
«​លទ្ធភាព នៃ​ឧប្បទ្ទវហេតុ​យោធា ឬ​ការបាញ់​ច្រ​លំដោយ​ចៃដន្យ​កំពុង​កើនឡើង​»​។ នេះ​ជា​អះអាង​របស់ លោក Wu Shicun ប្រធាន​វិទ្យាស្ថាន​ជាតិ​ស្តីពី​ការសិក្សា​សមុទ្រ​ចិន​ខាងត្បូង ដែលជា​គ្រឹះស្ថានស្រាវជ្រាវ​របស់រ​ដ្ឋា​ភិ​បាល​ចិន​។ លោក Wu បាន​និយាយ ថា ប្រសិនបើ​ទំនាក់ទំនង​យោធា​រវាង​អាមេរិក និង​ចិន កាន់តែ​ដុនដាប​ជាង​មុន វា​អាច​នឹង​បង្កើន​លទ្ធភាព​នៃ​ការផ្ទុះ​វិបត្តិ ឬ​ជម្លោះ​ប្រដាប់អាវុធ ដែល​នាំ​ឲ្យ​មាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​
 
​លោក Wu ថ្លែង​បែបនេះ ក្នុងពេល​ធ្វើ​បទ​បង្ហាញ​ពី​របាយការណ៍​របស់​វិទ្យាស្ថាន​លោក​ទៅលើ​វត្តមាន​របស់​កងទ័ព​អាមេរិក នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ របាយការណ៍​នេះ បាន​កត់សម្គាល់ថា វត្តមាន​កងទ័ព​អាមេរិក​នៅក្នុង​តំបន់​មាន​ចំនួន​ច្រើន​មិន​ធ្លាប់មាន​។ របាយការណ៍​នេះ បង្ហាញថា អាមេរិក​បានដាក់​ពង្រាយ​កងទ័ព ៣៧៥,០០០ នាក់ នាវាចម្បាំង​ចំនួន​៦០​ភាគរយ​នៃ​នាវា​ដែល​ខ្លួន​មាន និង​នាវា​ផ្ទុក​យន្តហោះ​ចំនួន​៣ នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។​
 
​តាំងពី​ឆ្នាំ​២០១៧​មក និង​ជាពិសេស​ក្រោយពេល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឡើងកាន់​អំណាច អាមេរិក និង​ចិន កំពុង​ប្រឈមមុខ​ជាមួយគ្នា​លើ​បញ្ហា​ជាច្រើន​។ មហាអំណាច​ទាំង​២ នេះ​ក៏បាន​អួតអាង​បញ្ចេញ​សាច់ដុំ​ផ្នែក​យោធា និង​ការទូត​ផងដែរ​។​
 
​ជាក់ស្តែង​របាយការណ៍​នេះ​បាន​បង្ហាញថា ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ​ដែល​លោក ត្រាំ ចូលកាន់​អំណាច អាមេរិក បានធ្វើ​ប្រតិបត្តិការ​សេរីភាព​នាវាចរណ៍​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ក៏ដូចជា​ច្រក​សមុទ្រ​តៃវ៉ាន់​ចំនួន​២២​ដង ដែលជា​ចំនួន​ច្រើន​ខ្លាំង​បើ​ធៀប​ទៅនឹង​រយៈពេល​៨​ឆ្នាំ​ក្នុង​អាណត្តិ​របស់លោក​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ដែលមាន​ត្រឹមតែ​៤​ដង​ប៉ុណ្ណោះ​។​
 
​ដូច​ដឹង​ស្រាប​ហើយ អាមេរិក តែងតែ​ចាត់​ឲ្យ​នាវាចម្បាំង​របស់ខ្លួន​ធ្វើ​ប្រតិបត្តិការ​នៅ​សមុទ្រ​ចិន​ខាងត្បូង ក៏ដូចជា​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ជាដើម ដោយ​សម្អាងថា ជា​ដែនសមុទ្រ​អន្តរជាតិ និង​អនុវត្ត​តាមច្បាប់​អន្តរជាតិ​។ ប៉ុន្តែ​សកម្មភាព​ទាំងអស់នេះ សុទ្ធសឹងតែ​ត្រូវបាន​ចិន​ចាត់ទុកជា​ការបង្ក​ហេតុ និង​ធ្វើ​ឲ្យ​ចិន​ខឹងសម្បារ​សឹងតែ​រាល់ដង ត្បិត​អី​ចិន​ចាត់ទុក​សកម្មភាព​ទាំងអស់នោះ​ជាការ​បំពាន​បូរណភាព​ដែនដី និង​អធិបតេយ្យ​របស់ខ្លួន​។​
 
​របាយការណ៍​នេះ បាន​លើកឡើងថា ចិន​មិនបាន​ចាត់ទុក​អាមេរិក​ជា​គូប្រជែង​សក្តានុពល​ឡើយ ហើយក៏​មិនមាន​បំណង​បង្កើត​ស​ង្គា​ម​ត្រជាក់​ឬ​ក្តៅ​ជាមួយ​អាមេរិក​នោះទេ​។ ក្នុង​បំណង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ប្រសើរ​ឡើងវិញ របាយការណ៍​នេះ​បានចង្អុលបង្ហាញ​ថា យោធា​ប្រទេស​ទាំង​២ គួរ​បង្កើន​ទំនាក់ទំនង​ជាមួយគ្នា ដើម្បី​បញ្ជៀ​ស​ការយល់ច្រលំ ក៏ដូចជា​ការ​គណនា​យុទ្ធសាស្ត្រ​ខុស​៕

Tag:
 ​ចិន​
  អាមេរិក​
  សមុទ្រ​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com