ព្រឹត្តិការណ៍ប្រកួតកីឡាសម្រាប់ជនមានពិការភាពដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN Para Games លើកទី១០នៅប្រទេសហ្វីលីពីន ត្រូវបានលុបចោលដោយសារជំងឺកូវីដ-១៩។ មុនឈានដល់សម្រេចលុបចោល ព្រឹត្តិការណ៍នេះ បានលើកពេលប្រកួតពីរលើករួចមកហើយ នាពេលកន្លងមក។
ក្រុមប្រឹក្សាភិបាល និងសមាជិកនៃគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ីអាគេ្នយ៍ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១០នៅប្រទេសហ្វីលីពីន។ ការរៀបចំកិច្ចប្រជុំបន្ទាន់នេះ ធ្វើឡើងក្រោយគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ ASEAN Para Games របស់ម្ចាស់ផ្ទះហ្វីលីពីនបានដាក់សំណើរទៅសហព័ន្ធកីឡាប៉ារ៉ាឡាំពិកអាស៊ីអាគ្នេយ៍(APSF) ដើម្បីសុំលុបចោលការររៀបចំព្រឹត្តិការណ៍នេះ។
តាមរយៈកិច្ចប្រជុំអនឡាញដែលមានតំណាងមកពីប្រទេសក្នុងតំបន់អាស៊ានទាំង១០ចូលរួមនេះ ភាគីទាំងអស់បានឯកភាពគ្នា លុបចោលការរៀបចំព្រឹត្តិការណ៍ ASEAN Para Games លើកទី១០ជាស្ថាពរ តាមសំណើររបស់ម្ចាស់ផ្ទះហ្វីលីពីន។ ការស្នើសុំលុបចោលរបស់ហ្វីលីពីន គឺដោយសារពួកគេបារម្ភពីឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដ្បិតស្ថានភាពការឆ្លងនៃជំងឺនេះក្នុងតំបន់អាស៊ានពុំទាន់មានភាពធូរស្បើយ។
«នៅក្នុងកិច្ចប្រជុំនោះសមាជិកក្នុងតំបន់អាស៊ាន គឺមានការព្រួយបារម្ភប្រហាក់ប្រហែលគ្នា ហើយលទ្ធផលចុងក្រោយពួកយើងបានឯកភាពថា នៅក្នុងឆ្នាំ២០២០ ដែលត្រូវរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម គឺត្រូវផ្អាកទាំងស្រុង។ យើងបានសម្រេចមិនយកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១០ទៅរៀបចំនៅលើកក្រោយនោះទេ»។ នេះជាការលើកឡើងរបស់លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
ហេតុផលមួយទៀតនោះ គឺហ្វីលីពីនមិនចង់ចំណាយថវិកាផ្តេសផ្តាសក្នុងស្ថានភាព ដែលប្រទេសរបស់ខ្លួនកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។ ដូច្នេះការលុបចោលនេះ មិនត្រឹមតែជួយបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ តែជួយសន្សំលុយហ្វីលីពីន ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងជំងឺកូវីដ-១៩ក្នុងប្រទេសខ្លួនទៀតផង។
វាជាប្រវត្តិសាស្ត្ររបស់ព្រឹត្តិការណ៍ ASEAN Para Games ដែលត្រូវបានលុបចោលការរៀបចំដោយសារការរាតត្បាតនៃជំងឺឆ្លងជាសកល។ វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ASEAN Para Games លើកទី១១បន្តពីហ្វីលីពីន ដែលគ្រោងធ្វើឡើងក្នុងអំឡុងខែធ្នូ ឆ្នាំ២០២១។
ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមបានលើកពេលរៀបចំពីរលើករួចមកហើយ ដែលតាមគម្រោងព្រឹត្តិការណ៍នេះ គ្រោងធ្វើក្នុងអំឡុងខែមករា ពោលគឺមួយខែបន្ទាប់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៩។ ប៉ុន្តែត្រូវបានលើកពេលលើកទី១ទៅរៀបចំនៅអំឡុងខែមីនា ឆ្នាំ២០២០ ក្រោយមកគ្រោងរៀបចំម្តងទៀតនៅអំឡុងខែតុលា ឆ្នាំ២០២០។ តែត្រូវបានលុបចោលមុនគម្រោង។
គិតត្រឹមថ្ងៃទី២៤ មិថុនា ឆ្នាំ២០២០ ប្រទេសហ្វីលីពីនមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣១,៨២៥នាក់ ស្លាប់១,១៨៦នាក់ និងព្យាបាលជាសះស្បើយចំនួន៨,៤៤២នាក់។ តួលេខនេះធ្វើឲ្យ ហ្វីលីពីន ឈរលំដាប់ទី៣មានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូណេស៊ី និងសិង្ហបុរី៕