ជាតិ
អ្នកជំនាញ៖ ស្ដ្រីវ័យចាប់ពី២១-៦៥ឆ្នាំ ចាំបាច់ទៅពិនិត្យរោគស្ត្រី កញ្ញាវេជ្ជបណ្ឌិត ពៅ សុម៉ាលីន នាសន្និសីទធសារព័ត៌មានគម្រប់ខួប១ឆ្នាំ របស់មន្ទីរពេទ្យស្រ្តីនគរទេព។
× ភ្នំពេញ៖ ស្ត្រីវ័យចាប់ពី២១-៦៥ឆ្នាំ ចាំបាច់ទៅពិនិត្យរោគស្ត្រី ដើម្បីបង្ការជំងឺ និងទប់ស្កាត់កុំឱ្យ វិវិត្តជាជំងឺមហារីកជាដើម។ នេះបើតាមការបញ្ជាក់របស់ កញ្ញាវេជ្ជបណ្ឌិត ពៅ សុម៉ាលីន វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យស្ត្រីនគរទេព។
ក្នុងសន្និសីទសារព័ត៌មានគម្រប់ខួប១ឆ្នាំរបស់មន្ទីរពេទ្យស្ត្រីនគរទេព នាថ្ងៃទី២៤ ខែមិថុនា កញ្ញាវេជ្ជបណ្ឌិត ពៅ សុម៉ាលីន បានលើកឡើងថា ស្ត្រីវ័យចាប់ពី២១-៦៥ឆ្នាំ ចាំបាច់ត្រូវពិនិត្យរោគស្ត្រីជាមួយគ្រូពេទ្យជំនាញ យ៉ាងហោចឱ្យបាន១ដងក្នុងមួយឆ្នាំ ដោយសារវ័យនេះ ជាវ័យសកម្មក្នុងការបន្តពូជ ដូចនេះស្ត្រីងាយនឹងឆ្លងរោគពីដៃគូរួមភេទ ដូចជាជំងឺកាមរោគ និងជំងឺមហារីកមាត់ស្បូនជាដើម ។
វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យស្ត្រីនគរទេពរូបនេះ បានបន្ថែមថា បើបុរសមានរោគសញ្ញាដូចជា ធ្លាក់ស, ប្រដាប់ភេទឡើងកន្ទួល ឬរមាស់ ក៏គួរតែមកពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញផងដែរ។
មន្ទីរពេទ្យស្ត្រីនគរទេព ជាមន្ទីរពេទ្យដែលផ្ដល់ការព្យាបាលជំងឺទូទៅ និងរោគស្ត្រី ក្នុងគោលបំណងឱ្យស្ត្រីនិងក្រុមគ្រួសារ ទទួលបានសេវាថែទាំសុខភាពទៅតាមស្ដង់ដារ ដោយមិនគិតពីអាយុ និងស្ថានភាពសេដ្ឋកិច្ចគ្រួសារឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com