ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Parr ប្រាប់ពីបទពិសោធន៍វ៉ៃគ្នាតាមចិញ្ចើមថ្នល់ និងសុំចិត្តអ្នកគាំទ្រកុំធ្វើតាមខ្លួន
×
អត្ថបទ៖ ស៊ីធី
John Wayne Parr ឬ ឈ្មោះក្រៅ «The Gunslinger» មិនចង់ឲ្យអ្នកគាំទ្រក្លាយជាមនុស្សដែលមានជម្លោះទាស់ទែងគ្នាលើចិញ្ចើមផ្លូវឡើយ។
នាពេលថ្មីៗនេះ ម្ចាស់ខ្សែក្រវាត់ឃីកបុកសីង និងមួយថៃកម្រិតពិភពលោករហូតដល់១០សម័យបានបង្ហោះវីដេអូលើ Instagram របស់ខ្លួនដែលអង្វរករដល់អ្នករាល់គ្នា ឬ អ្នកគាំទ្រឲ្យជៀសឆ្ងាយពីជម្លោះព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ខ្លួន។ នាពេលនេះ កីឡាករមកពីអូស្ត្រាលីក៏បង្ហាញស្នាមរបួស ដែលរងគ្រោះពីការវាយប្រហារផងដែរនៅប្រទេសថៃ ពេលរូបគេមានអាយុ១៩ឆ្នាំ។
កាលនោះ ខណៈដែលកំពុងអបអរជ័យជម្នះលើកទី២នៅកម្មវិធី “The Land Of Smiles” Parr ពិតជាភ្ញាក់ផ្អើលមែនទែនដោយបុរសម្នាក់កាន់ជើងម៉ាដែកបង្កើតអំពើហិង្សា។ អ្នកជំនាញឃីកបុកសីងនិងមួយថៃរៀបរាប់បែបនេះ៖«បុរសម្នាក់នេះបានចាប់ផ្ដើមវ៉ៃមកលើខ្ញុំដោយគ្មានហេតុផល។ ដូច្នេះខ្ញុំត្រូវការពារខ្លួន និង វាយតបតទៅវិញ។ ខ្ញុំបានទាត់ និង បញ្ចប់ហេតុការណ៍នោះ។ ខ្ញុំមានអារម្មណ៍ថាត្រូវក្បាលពីខាងក្រោយរបស់ខ្ញុំ តែខ្ញុំនៅតែហក់ទៅវ៉ៃកាលនោះ។
ខ្ញុំមិនអាចមើលឃើញឈាមលើក្បាល ហើយនៅតាមផ្លូវដូចសមុទ្រក្រហម។ បន្ទាប់មកអត់មាននរណាចង់មកជិតខ្ញុំទេស្របពេលឈាមហូរស្រោចគ្រប់កន្លែង»។ យ៉ាងណាក្ដីរបួសពីរកន្លែងលើក្បាលនោះតម្រូវឲ្យ Parr ដេររហូតដល់១៤ថ្នេរទើបឲ្យរបួសជិតបាន។ យោងតាមរឿងរ៉ាវនេះ Parr បានប្រើបទពិសោធន៍ដើម្បីប្រាប់ដល់អ្នកគាំទ្រកុំឲ្យមានការឈ្លោះប្រកែកគ្នា ឬ ទាស់ទែងគ្នា។ ជើងឯកឃីកបុកសីង និងមួយថៃកម្រិតពិភពលោកសង្កត់ធ្ងន់ថា៖«វាមិនមានតម្លៃទាល់តែសោះក្នុងការធ្វើរឿងដែលឆ្កួតៗ ឬ ល្ងីល្ងើបែបនេះ»។ សូមទស្សនាវីដេអូឃ្លីបខាងលើដើម្បីបានដឹងអំពីបទពិសោធន៍របស់ Parr៕
© រក្សាសិទ្ធិដោយ thmeythmey.com