កីឡាជាតិ
ជាតិ
ឃួន ឡា​បូ​រ៉ាវី​៖ វិន័យ និង​កាត់បន្ថយ​ដើរលេង​យប់ ជា​កាតព្វកិច្ច​ចម្បង ដើម្បី​ក្លាយជា​កីឡាករ​អាជីព​ល្អ​ម្នាក់​
25, Jun 2020 , 9:59 am        
រូបភាព
​​ក្រៅតែពី​សមត្ថភាព វិន័យ​ជាការ​ងារ​សំខាន់​ចម្បង​បំផុត ដើម្បី​វិវត្តន៍​ខ្លួន​ឲ្យ​ក្លាយជា​កីឡាករ​ល្អ​មួយរូប​ លោក ឃួន ឡា​បូ​រ៉ាវី អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្លិប​បឹងកេត បាន​អះអាង​ដូច្នេះ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ដោយ​លោក​សង្កត់ធ្ងន់ថា ក្នុងនាម​ជា​កីឡាករ​អាជីព​ម្នាក់ ត្រូវតែមាន​ការគោរព​វិន័យ​លើ​ការហ្វឹកហាត់ ការរស់នៅ​ប្រចាំថ្ងៃ ជាពិសេស​កាត់បន្ថយ​ការសប្បាយ​ពេលយប់​ឲ្យ​បាន​ច្រើន​។​


​បូរ៉ា​វី សព្វ​ថ្ងៃជា​មន្ត្រី​បច្ចេកទេស​ទទួលបន្ទុក​ផ្នែក​អ​ភិ​វឌ្ឍន៍​យុវជន របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) និង​ជា​គ្រូ​កីឡាករ​ថ្នាល់​ចាប់ពី​ក្រោម​អាយុ​១៤​ឆ្នាំ (Academy) របស់​ក្លិប​កីឡាបាល់ទាត់​បឹងកេត​ផងដែរ​។ ការងារ​ខាងលើ គឺ​អតីត​សមាជិក​ក្រុមព្រះ​ខ័​ណ្ឌ​រាជ (​បច្ចុប្បន្ន ព្រះ​ខ័​ណ្ឌ​រាជា​ស្វាយរៀង​) រូបនេះ ទទួលបាន​ក្រោយ​លោក​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​។​


 
«​និយាយ​ទៅ ក្នុងនាម​ជា​កីឡាករ​មួយរូប និង​ជា​មនុស្ស​រស់នៅ​ក្នុងសង្គម​មួយ សំខាន់​ដំបូងបង្អស់​គឺ​ត្រូវមាន​វិន័យ​សម្រាប់​ខ្លួនឯង ហើយ​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ជោគជ័យ គឺ​ត្រូវតែមាន​វិន័យ​នេះ​។ កីឡាករ​គ្រប់រូប​ត្រូវមាន​គោលដៅ​ឲ្យ​ច្បាស់លាស់ និង​មានការ​លះបង់​ខ្ពស់​លើ​ពេលវេលា​ផ្ទាល់ខ្លួន ដូចជា​ការសប្បាយ​ពេលយប់ ដែល​គួរ​ចៀសវាង និង​កាត់បន្ថយ​ឲ្យ​បាន​ច្រើន​»​។ នេះ​ជាការ​ណែនាំ​របស់ បូរ៉ា​វី ដែល​ធ្លាប់​ឆ្លងកាត់​បទពិសោធ​លើ​វាលស្មៅ​អស់​រយៈពេល​១២​ឆ្នាំ ចែករំលែក​ទៅដល់​កីឡាករ​បាល់ទាត់​ជំនាន់​ក្រោយ​ដទៃទៀត​។​


 
​ក្នុង​វ័យ​៣១​ឆ្នាំ អតីត​កីឡាករ​មកពី​ខេត្តកំពង់ចាម និង​ជា​ម្ចាស់​ស្បែកជើង​មាស (​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​) ៥​ជំនាន់ (Hun Sen Cup ៤​សម័យ និង លី​គ​កំពូល​កម្ពុជា​១​លើក​)​បន្ថែមថា អាជីព​ជា​កីឡាករ​បាល់ទាត់ គឺមាន​រយៈពេល​ខ្លី ដូច្នេះ​កីឡាករ​នីមួយៗ​គួរ​យក​ពេលវេលា​នេះ ផ្តោតលើ​ជំនាញ និង​ពង្រឹងសមត្ថភាព​ខ្លួន​ឲ្យ​បាន​ខ្លាំងក្លា ប្រសិន​ពួកគេ​ពិតជា​ស្រឡាញ់​អាជីព​មែន​។​
 
​លើសពីនេះ​ទៀត​នោះ បូរ៉ា​វី ដែល​ធ្លាប់​ទៅ​ប្រកប​អាជីព​ជាមួយ​លី​គ​កម្រិត​ទី​៤​ថៃ Surat Thani កាលពី​ឆ្នាំ​២០១៨​នោះ ក៏បាន​មើលឃើញ​ពី​ផល​វិជ្ជមាន​ជាច្រើន សម្រាប់​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ ក្នុងការ​ឆ្ពោះទៅកាន់​ការប្រកួត​ស៊ី​ហ្គេម (Sea Games) ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួលបាន​សិទ្ធិ​រៀបចំ​ធ្វើ​ម្ចាស់​នោះ​។ រ៉ាវី បញ្ជាក់ថា សម្រាប់​គោលដៅ​របស់​សហព័ន្ធ​ក្រោម​ការដឹកនាំ​របស់លោក​សៅ សុខា ព្រឹត្តិការណ៍​កីឡា​តំបន់​អាស៊ាន​លើក​ទី ៣២ កម្ពុជា គ្រោង​ដណ្តើមយក​មេដាយមាស មិនមែន​ត្រឹម​ប្រាក់ ឬ សំរឹទ្ធ​នោះឡើយ​៕ 
 

Tag:
 ឃួន ឡា​បូ​រ៉ាវី​
  ជម្រើសជាតិ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com