អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​ឃុំ​មួយ​នៅ​បារាំង​មាន​មេឃុំ និង​សមាជិក​ក្រុមប្រឹក្សា​៦​នាក់ មកពី​គ្រួសារ​តែមួយ​
25, Jun 2020 , 8:29 am        
រូបភាព
ដោយ: ធីតា
ឃុំ Brenon ដែល​ស្ថិតនៅ​ដេ​ប៉ា​តឺ​ម៉​ង់ Var តំបន់ Provence-Alpes-Cote d’Azur នៃ​ប្រទេស​បារាំង ដោយ​ដឹកនាំ​ដោយ​មេឃុំ និង​សមាជិក​ក្រុមប្រឹក្សា​៦​នាក់​ទៀត​ដែល​មកពី​ក្រុមគ្រួសារ​តែមួយ​។​



​ការបោះឆ្នោត​កន្លងមក អាសនៈ​ឃុំ​ចំនួន​៧ បាន​ទៅលើ​គ្រួសារ​តែមួយ​។ ក្រោយមក លោក Armand Rouvier បាន​ជាប់ឆ្នោត​សារជាថ្មី កាលពី​ថ្ងៃទី​២៣ ខែឧសភា ដោយ​ក្នុងចំណោម​អ្នក​ជាប់ឆ្នោត​ទាំង​៦​នាក់​ផ្សេងទៀត លោក​បានជ្រើសរើស​លោក Jean-Luc Rouvier អាយុ​៥៩​ឆ្នាំ  ដែលជា​បងជីដូនមួយ​សម្រាប់​តំណែង​ជា​ជំទប់​ទី​១ និង Amelie Rouvier អាយុ​៣៤​ឆ្នាំ ដែលជា​កូនស្រី​សម្រាប់​តំណែង​ជា​ជំទប់​ទី​២​។​

Gaëlle Rouvier អាយុ​២៧​ឆ្នាំ​, Laurent Rouvier អាយុ​៣៤​ឆ្នាំ​, Lucie Rouvier អាយុ​៣០​ឆ្នាំ និង Morgane Rouvier អាយុ​២៧​ឆ្នាំ ដែលជា​កូន និង​ក្មួយ​របស់លោក Armand Rouvier ផងដែរ​នោះ មាន​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​។

​ឃុំ Brenon ដ៏​តូច​ដែលមាន​ពលរដ្ឋ​តែ​ជាង​៧០​នាក់​នោះ បាន​គ្រប់គ្រង​ដោយ​គ្រួសារ Rouvier តាំងពី​ឆ្នាំ​១៩៥៩​មក ហើយ​លោក Armand បច្ចុប្បន្ន​អាយុ​៥៩​ឆ្នាំ បាន​ជាប់ឆ្នោត​បន្ត​ពី​ឪពុក​ចាប់ពី​ឆ្នាំ​១៩៩៥​មក​។​

​តាម​ការផ្សាយ​របស់ Var-Matin ដែលជា​សារព័ត៌មាន​ប្រចាំ​តំបន់ លោក Armand បាន​អះអាងថា សម្រាប់​ឃុំ​ដ៏​តូច​របស់លោក មិនមាន​បញ្ហា​ចោទ​អ្វី​នោះឡើយ​ក្នុង​ការធ្វើការងារ​ជា​លក្ខណៈ​គ្រួសារ​។​

​បច្ចុប្បន្ន បណ្តា​ឃុំ​តូចៗ​នៅ​បារាំង មិនសូវ​ចង់​មាន​អ្នក​ឈរឈ្មោះ​ប្រកួតប្រជែង​ដណ្តើម​អាសនៈ​នោះឡើយ​។ លោក Armand ក៏បាន​អះអាងថា ពលរដ្ឋ​នៅក្នុង​ឃុំ​ក៏​ត្រូវបាន​ចាត់ទុកជា​គ្រួសារ​ដ៏​ធំ​មួយ​របស់លោក​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com