វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
យានអវកាស​រួមគ្នា​របស់​សហរដ្ឋអាមេរិក និង​អឺរ៉ុប បាន​ហោះ​ទៅជិត​ព្រះអាទិត្យ​បំផុត​ក្នុងពេល​កន្លងមក​
25, Jun 2020 , 7:59 pm        
រូបភាព
យានអវកាស​ហោះ​ទៅ​កាន់​ព្រះអាទិត្យ​ ដែល​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​អង្គការ​ NASA របស់​សហរដ្ឋអាមេរិក និង​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប បាន​ចេញ​ដំណើរ​ទៅ​កាន់​អវកាស​ពី​ស្ថានីយ៍ Cape Canaveral Air Force ក្នុង​ក្រុង Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក​ ​ថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ២០២០។
យានអវកាស​ហោះ​ទៅ​កាន់​ព្រះអាទិត្យ​ ដែល​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​អង្គការ​ NASA របស់​សហរដ្ឋអាមេរិក និង​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប បាន​ចេញ​ដំណើរ​ទៅ​កាន់​អវកាស​ពី​ស្ថានីយ៍ Cape Canaveral Air Force ក្នុង​ក្រុង Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក​ ​ថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ២០២០។
ដោយ: VOA
​យានអវកាស​ហោះ​ទៅកាន់​ព្រះអាទិត្យ​នៃ​បេសកកម្ម​រួមគ្នា​រវាង​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​ហោះ​ទៅជិត​ព្រះអាទិត្យ​បំផុត​ជា​លើកដំបូង ដោយនៅ​ចម្ងាយ​ប្រមាណ ៧៧ លាន​គីឡូម៉ែត្រ​ពី​ព្រះអាទិត្យ ហើយ​បាន​ថតរូប​ព្រះអាទិត្យ​ចេញពី​កន្លែង​ជិត​បំផុត​នោះ​ជា​លើកដំបូង​បង្អស់​។​

 
​កិច្ចសហប្រតិបត្តិការ​រវាង​ទីភ្នាក់ងារ​អវកាស​សហរដ្ឋអាមេរិក NASA និង​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ESA បានចាប់ផ្តើម​កាលពី​ខែកុម្ភៈ នៅពេល​យានអវកាស​នេះ​ត្រូវបាន​បង្ហោះ​ពី​ជ្រោយ Canaveral ក្នុង​រដ្ឋ Florida​។​
 
​យានអវកាស​នេះ​បាន​ត្រូវ​រចនា​ឡើង​ដើម្បី​ពិនិត្យមើល​តំបន់​ប៉ូល​នៃ​ព្រះអាទិត្យ​ឲ្យ​បាន​ជិត​បំផុត និង​សង្កេតមើល​សកម្មភាព​នៃ​មេដែក​របស់​ព្រះអាទិត្យ​ជា​លើកដំបូង​។​
 
​ពួក​អ្នកវិទ្យាសាស្ត្រ​នៃ​ទីភ្នាក់ងារ​អវកាស ESA និង NASA បានបញ្ជាក់​កាលពី​ថ្ងៃទី ១៥ ខែមិថុនា ថា យានអវកាស​នេះ​បាន​ហោះ​ទៅជិត​ព្រះអាទិត្យ​ជា​លើកដំបូង​នៅ​ចម្ងាយ​ប្រមាណ ៧៧ លាន​គីឡូម៉ែត្រ គឺ​ប្រមាណ​ជា​ចម្ងាយ​ពាក់កណ្ដាល​រវាង​ផែនដី និង​ផ្កាយ​។​
 
​ពួក​អ្នកស្រាវជ្រាវ​បាន​ប្រើ​ការហោះ​ទៅជិត​ព្រះអាទិត្យ​នេះ ដើម្បី​ពិសោធន៍​ឧបករណ៍​វិទ្យាសាស្ត្រ​ចំនួន ១០ របស់​យានអវកាស​នេះ ដែល​ក្នុងនោះ​មាន​ទាំង​កែវយឹត​ចំនួន ៦ ផងដែរ​។​
 
​ទីភ្នាក់ងារ​អវកាស​ទាំងពីរ​នេះ​បាន​បញ្ជាក់ថា រូបថត​ព្រះអាទិត្យ​ដែល​យានអវកាស​នេះ​បាន​ថត​នឹង​ចេញផ្សាយ​នៅ​ខែកក្កដា​ខាងមុខ​។​
 
​ទីភ្នាក់ងារ​អវកាស ESA ថ្លែងថា នៅពេលនេះ យានអវកាស​នេះ​ស្ថិតនៅ​ចម្ងាយ ១៣៤ លាន​គីឡូម៉ែត្រ​ពី​ផែនដី ដូច្នេះ​គេ​ត្រូវ​ចំណាយពេល​ប្រមាណ​មួយ​សប្តាហ៍​ដើម្បី​បញ្ជូន​រូប​ព្រះអាទិត្យ​ដែល​ថត​បាន​ទាំងនោះ​មកកាន់​ភពផែនដី​។​
 
​ពួក​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា ឧបករណ៍​នៅក្នុង​យានអវកាស​នេះ​នឹង​ជួយ​ឲ្យ​យើង​ដឹង​អំពី​អាថ៌កំបាំង​នៃ​ទិដ្ឋភាព​នៅ​ខាងក្នុង​ព្រះអាទិត្យ​។ ដើម្បី​ធ្វើដូច្នេះបាន យានអវកាស​នេះ​នឹង​ហោះ​ទៅកាន់​ចម្ងាយ​ប្រមាណ ៤២ លាន​គីឡូម៉ែត្រ​ពី​ព្រះអាទិត្យ ដោយ​ជិត​ជាង​ចម្ងាយ​រវាង​ភព​ព្រះ​ពុធ និង​ព្រះអាទិត្យ​ទៅទៀត​។ នៅក្នុង​ចម្ងាយ​នេះ យានអវកាស​នេះ​នឹង​ប្រឈម​នឹង​សីតុណ្ហភាព​រហូតដល់ ៦ រយ​អង្សារ​សេ ដែល​ក្តៅ​គ្រប់គ្រាន់​ដើម្បីឱ្យ​អាលុយមីញ៉ូម​រលាយ​បាន​។​
 
​ប្រសិនបើ​បេស​សកម្ម​នេះ​ទទួលបាន​ជោគជ័យ​ដូច​ការរំពឹងទុក យានអវកាស​នេះ​នឹង​អាច​ថតរូប​ប៉ូល​របស់​ព្រះអាទិត្យ​បាន ក៏ដូចជា​អាច​ត្រួត​ពិនិត្យមើល​តំបន់​ដែន​ប្រព័ន្ធ​ព្រះអាទិត្យ និង​ខ្យល់​ព្រះអាទិត្យ​បាន​។​
 
​បន្ទាប់ពី​បាន​ហោះ​ជុំវិញ​ភព​ព្រះ​សុក្រ​មក គេ​រំពឹងថា យានអវកាស​នេះ​នឹង​ហោះ​ទៅជិត​ព្រះអាទិត្យ​ទៀត​នៅ​ដើមឆ្នាំ ២០២២៕
 

© រក្សាសិទ្ធិដោយ thmeythmey.com