COVID-19
អន្តរជាតិ
អាជ្ញាធរចិន ប្រកាសថាករណីឆ្លង COVID-19 នៅប៉េកាំង ស្ថិតក្រោមការគ្រប់គ្រង ប្រជាជនចិន តម្រង់ជួររង់ចាំការធ្វើតេស្តរក COVID-19. រូបភាព៖ AFP
× ករណីផ្ទុះនៃជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស(COVID-19) ដែលចេញពីផ្សារបោះដុំ Xinfadi នៅក្នុងទីក្រុងប៉េកាំង គឺស្ថិតនៅក្រោមការគ្រប់គ្រងហើយ។ អ្នកនាំពាក្យរដ្ឋាភិបាលក្រុងប៉េកាំង បានលើកឡើងបែបនេះ នៅថ្ងៃទី២៤ ខែមិថុនា។ យ៉ាងណាក៏ដោយ អាជ្ញាធរក្រុង នៅតែមានការបារម្ភពីការរាតត្បាតជាថ្មី ព្រោះស្ថានភាព COVID-19 មានលក្ខណៈស្មុគស្មាញនៅឡើយ។
នៅដើមខែមិថុនា ករណីឆ្លងCOVID-19 ថ្មីត្រូវបានគេរកឃើញនៅក្នុងទីក្រុងប៉េកាំង។ ការរកឃើញនេះ ធ្វើឡើង បន្ទាប់ពីគ្មានអ្នកឆ្លងជំងឺថ្មីនៅក្នុងទីក្រុងអស់ជាច្រើនថ្ងៃ។ ចាប់តាំងពីផ្ទុះករណីថ្មីនេះ អាជ្ញាធរសុខាភិបាល បានរកឃើញអ្នកឆ្លងកូរ៉ូណាវីរុសចំនួន ២៥៦ករណី ដែលក្នុងចំណោមនេះ មានចំនួន ២៥៣ករណី គឺមានទាក់ទិននឹងផ្សារបោះដុំ និង៣ករណីទៀត កំពុងស៊ើបអង្កេត។ នៅក្នុងថ្ងៃទី២៤ ខែមិថុនា ករណីឆ្លងថ្មីនៅក្នុងទីក្រុងប៉េកាំងមានតែ ៧ករណីប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យសាលាក្រុងប៉េកាំង លោក Xu Hejian បានអះអាងថា ករណីឆ្លង COVID-19 ដែលទាក់ទងនឹងផ្សារ Xinfadi គឺស្ថិតក្រោមការគ្រប់គ្រងហើយ ហើយអាជ្ញាធរសុខាភិបាលចិន ក៏បានរាយការណ៍ពីការរកឃើញករណីឆ្លងជាចង្កោម និងករណីឆ្លងជាសហគមន៍នៅក្នុងគ្រួសារ និងកន្លែងធ្វើការផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ បានព្រមានផងដែរថា ស្ថានភាពបង្ការ និងការគ្រប់គ្រងករណីឆ្លង COVID-19 នៅក្នុងទីក្រុង គឺមានលក្ខណលក្ខណៈស្មុគស្មាញ ហើយអាជ្ញាធរទាំងអស់ មិនត្រូវបន្ធូរដៃ និងកិច្ចខិតខំរបស់ខ្លួនឡើយ។
ករណីឆ្លងនៅក្នុងទីក្រុងថយចុះពេលនេះ ក៏ព្រោះតែអាជ្ញាធរមានវិធានទប់ស្កាត់ និងបង្ការករណីឆ្លងមួយចំនួន។ នាពេលកន្លងមក អាជ្ញាធរក្រុងប៉េកាំង បានចេញវិធានការបិទតំបន់ខ្លះនៅជុំវិញផ្សារ Xinfadi បិទសាលារៀន ធ្វើតេស្តទ្រង់ទ្រាយធំ ការស្វែងរកអ្នកជំងឺ COVID-19 ឆ្លងតគ្នាជាដើម។ សម្រាប់ការធ្វើតេស្តទ្រង់ទ្រាយធំ ចិនបានធ្វើតេស្តប្រជាជនរហូតដល់ ៣០ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយគិតមកត្រឹមពេលនេះ ប្រជាជនជិត ៣លាននាក់ នៅក្នុងក្រុងប៉េកាំង ត្រូវបានធ្វើតេស្ត។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២៥ ខែមិថុនា ចិនមានករណីឆ្លង COVID-19 សរុបចំនួន ៨៣៤៤៩ករណី អ្នកស្លាប់មានចំនួន ៤៦៣៤នាក់ និងអ្នកជាសះស្បើយមានចំនួន ៧៨៤៤៣នាក់។ បើតាមវេបសាយ Worldometer ចិន មានអ្នកជំងឺព្យាបាលក្នុងមន្ទីរពេទ្យសរុបចំនួន ៣៧២នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com