ភ្នំពេញ៖ កម្មករសេវាកម្មកម្សាន្ត បានបន្តដាក់ញត្តិសុំអន្តរាគមន៍ពីរដ្ឋាភិបាល ឱ្យផ្ដល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារក្នុងមួយខែ ជាលើកទី៣ ។ កម្មករទាំងនោះ កំពុងប្រមូលផ្ដុំទាមទារ នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៥ មិថុនានេះ។
«កម្មករសេវាកម្មកម្សាន្តរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ដូចគ្នា សូមរដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារដល់កម្មករសេវាកម្មកម្សាន្ត យើងខ្ញុំមិនជឿថា សម្ដេច ទុកយើងខ្ញុំចោលឡើយ»។ នេះជាសំណេរលើបដា ដែលកម្មករសេវាកម្មកម្សាន្ត ទទូចអំពាវនាវឱ្យប្រមុខរដ្ឋាភិបាល ជួយដោះស្រាយបញ្ហាជីវភាពពួកគេ តាមការស្នើសុំ។
ក្នុងញត្តិដែលកម្មករសេវាកម្មកម្សាន្ត បានដាក់សុំអន្តរាគមន៍ពីរដ្ឋាភិបាលនោះ បានរៀបរាប់ថា បច្ចុប្បន្នកម្មករនិយោជិត កំពុងជួបប្រទះជីវភាពខ្វះខាត ជាពិសេសការផ្គត់ផ្គង់លើសេចក្តីត្រូវការជាមូលដ្ឋាន ដូចជា ថ្លៃបន្ទប់ជួល ទឹក ភ្លើង និងម្ហូបអាហារប្រចាំថ្ងៃជាដើម ចាប់តាំងពីរដ្ឋប្រកាសបិទការងារបណ្ដោះអាសន្ន។ បន្ទាប់ពីដាក់ញត្តិនៅគណៈរដ្ឋមន្រ្តីរួចហើយ ពួកគេ បានបន្តយកញត្តិនោះ ទៅដាក់នៅក្រសួងការងារនិងក្រសួងកិច្ចការនារីផងដែរ។
សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានសរសេរក្នុងលិខិតដាក់ជូននាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះថា៖«កម្មករសេវាកម្មកម្សាន្តដែលកំពុងបាត់បង់ការងារនាពេលបច្ចុប្បន្ននេះ បានព្យាយាមស្វែងរកការងារធ្វើណាស់ តែរកមិនបាន ហើយសឹងតែរកលុយទិញម្ហូបហូបមិនបានផង។ ចំណែកឯថ្លៃឈ្នួលផ្ទះវិញ គិតក្នុងតម្លៃពេញថ្លៃ។ ស្ថិតនៅក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ដែលនាំឱ្យកន្លែងការងាររបស់ពួកគាត់ត្រូវបានបិទជាបណ្ដោះអាសន្ន ពួកគាត់ទឹង១៦៩នាក់ សូមស្នើយ៉ាងទទូច ឱ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើការដោះស្រាយនូវសេចក្តីត្រូវការជាបន្ទាន់របស់ពួកគាត់»។
តាមលិខិតដដែល បានបញ្ជាក់ថា កម្មករសេវាកម្មកម្សាន្តទាំង១៦៩នាក់ បានស្នើឱ្យរដ្ឋាភិបាលគាំពារជាក់លាក់ ដោយផ្ដល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារ ដើម្បីធានាដល់ការផ្គត់ផ្គង់លើការចំណាយប្រចាំថ្ងៃ ម្ហូបអាហារក្នុងស្ថានភាពនេះ រហូតដល់មានការប្រកាសឱ្យការបើកដំណើរការកន្លែងសេវាកម្មកម្សាន្តឡើងវិញ។ មិនតែប៉ុណ្ណោះ កម្មករទាំងនោះ ក៏ស្នើឱ្យរដ្ឋាភិបាល ជួយអន្តរាគមន៍ដល់ម្ចាស់ផ្ទះជួល ឱ្យបន្ធូរបន្ថយថ្លៃជួលផ្ទះ ក្នុងអំឡុងពេលខារ៉ាអូខេ និងទីតាំងកម្សាន្ត បិទទ្វាបណ្ដោះអាសន្ន ដើម្បីបញ្ចៀសការឆ្លងនៃជំងឺកូវីដ-១៩នេះ។
កម្មករសេវាកម្មកម្សាន្ត បានសរសេរក្នុងបដាសុំអន្តរាគមន៍ពីសម្ដេច ហ៊ុន សែន ដូច្នេះថា៖«ជំនួយឧបត្ថម្ភជាអាយុជីវិតរបស់ខ្ញុំ សូមរាជរដ្ឋាភិបាលកុំទុកកម្មករវិស័យសេវាកម្សាន្តចោល»។
កន្លងមកកម្មករសេវាកម្មករកម្សាន្ត តាមរយៈសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានដាក់ញត្តិទាមទារចំនួន២លើកហើយ ទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំអន្តរាគមន៍រកដំណោះស្រាយជូនពួកគេ តាមការស្នើសុំខាងលើនេះ។ ប៉ុន្តែខាងក្រសួងការងារ មិនបានឆ្លើយតបតាមការស្នើសុំឡើយ។ នេះបើតាមសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា។
បើតាមលិខិតឆ្លើយតបរបស់រដ្ឋមន្រី្តក្រសួងការងារ លោក អ៊ិត សំហេង ទៅប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា កាលពីថ្ងៃទី១៥ មិថុនា បានលើកឡើងពីគោលការណ៍របស់រដ្ឋាភិបាល ក្នុងការជួយដល់ពលរដ្ឋក្រីក្រ តាមកម្មវិធីជំនួយសង្គម និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩។ កម្មវិធីជំនួយសង្គមនេះ មានកញ្ចប់ជំនួយ «កម្មវិធីសាច់ប្រាក់ពលកម្ម» ដែលមានទំហំថវិកា១០០លានដុល្លារ ដើម្បីបង្កើតសមិទ្ធផលសង្គម-សេដ្ឋកិច្ច តាមការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតូចៗនៅតាមមូលដ្ឋាន។ បន្ថែមពីនេះ រដ្ឋាភិបាលកំពុងគិតគូរកម្មវិធីជំនួយសង្គមឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងរងគ្រោះដោយជំងឺកូវីដ-១៩។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មើលឃើញថា ក្រសួងការងារហាក់គ្មានដំណោះស្រាយឡើយ ដោយឆ្លើយតបខុសពីការស្នើសុំ ពោលគឺឲ្យកម្មករសេវាកម្សាន្តស្វែងរកការងារថ្មីធ្វើ តាមរយៈទីភ្នាកងារជាតិមុខរបរ និងការងារទៅវិញ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗអ្នកស្រី ទេពផល្លីន បន្ថែមថា៖ «កម្មករសេវាកម្មកម្សាន្តភាគច្រើនគ្មានចំណេះដឹងនិងជំនាញច្រើនទេ ជាហេតុធ្វើឲ្យពួកគាត់ពិបាករកការងារថ្មី។ លើសពីនេះ វិស័យការងារនៅកម្ពុជាចង្អៀត ទើបធ្វើពួកគាត់ស្ថិតក្នុងស្ថានភាពលំបាក»។
អ្នកស្រី ទេពផល្លីន អះអាងថា កម្មករសេវាកម្មកម្សាន្ត នឹងបន្តទាមទារទៅក្រសួងពាក់ព័ន្ធបន្តទៀត ដើម្បីឲ្យមានដំណោះស្រាយសមស្រមណាមួយ តាមការស្នើសុំរបស់ពួកគេ៕