សង្គមអន្តរជាតិ
អន្តរជាតិ
ឥណ្ឌា បន្ថែមទ័ពទៅតំបន់ដែលទើបប៉ះទង្គិចជាមួយចិន ទ័ពចិន និងឥណ្ឌាតាមព្រំដែន។ រូបភាព AFP
× ឥណ្ឌា នៅថ្ងៃទី២៤ ខែមិថុនា បានបន្ថែមកងទ័ព ដោយរួមមានកងកាំភ្លើងធំ និងរថយន្តដឹកទាហាន ទៅកាន់តំបន់ដែលទើបប៉ះទង្គិចជាមួយចិននៅព្រំដែន។ ការបន្ថែមកម្លាំងនេះ ធ្វើឡើងក្រោយការផ្ទុះវាយប្រតាយប្រតប់គ្នានឹងដុំថ្ម និងដំបង នៅលើជ្រលងភ្នំ Galwan ដែលនាំឲ្យមានការបាត់បង់ជីវិត និងរងរបួសក្នុងចំណោមកងទ័ពទាំងសងខាង។
បើតាមទីភ្នាក់ងារព័ត៌មាន AFP យោធាឥណ្ឌា បានអះអាងថា ការបញ្ជូនកងទ័ពបន្ថែមទៅកាន់ព្រំដែននេះ ជាផ្នែកមួយនៃការបង្ហាញកំលាំងរបស់ខ្លួន ក្រោយការប៉ះទង្គិចជាមួយកងទ័ពចិននៅថ្ងៃទី១៥ ខែមិថុនា ដែលបណ្តាលឲ្យយោធាឥណ្ឌា២០នាក់បានបាត់បង់ជីវិត។ ក្រោយហេតុការណ៍នេះ ភាគីទាំងសងខាងបានប្រកាសថា នឹងដកទ័ពចេញពីតំបន់មានជម្លោះដើម្បីបន្ធូរបន្ថយស្ថានការណ៍។ ប៉ុន្តែជាក់ស្តែង ចិន និងឥណ្ឌានៅតែបន្តរក្សាកងទ័ពនៅតំបន់មានជម្លោះ ខណៈឥណ្ឌាខិតខំបង្ហាញអំណាចយោធារបស់ខ្លួន។
កាលពីថ្ងៃទី២៤ ខែមិថុនា យន្តហោះចម្បាំងឥណ្ឌាបានហោះចេញពីមូលដ្ឋានយោធានៅក្នុងតំបន់ Leh ដែលមានកំពុងមានជម្លោះ ទៅតំបន់ព្រំដែនភ្នំជាមួយចិន។ បន្ថែមពីនេះ អ្នករស់នៅស្របផ្លូវទៅកាន់តំបន់ Leh បានអះអាងថា គេឃើញមានក្បួនរថយន្តយោធា និងកាំភ្លើងធំយ៉ាងវែង។ នេះបើតាមប្រភពព័ត៌មានដដែល។
«ពេលនេះយើងមានកម្លាំងគ្រប់គ្រាន់ ដើម្បីមានវត្តមាននៅតំបន់នេះ»។ នេះជាការលើកឡើងរបស់មន្ត្រីយោធាឥណ្ឌាម្នាក់ដែលបម្រើការនៅបញ្ជាការដ្ឋានកងទ័ពភាគខាងជើង ដោយសំដៅទៅលើការបន្ថែមទ័ព។ ចំណែកលោក Tashi Chhepal ដែលជាមេបញ្ជាការយោធាដែលចូលនិវត្ត និងធ្លាប់មានមូលដ្ឋាននៅតំបន់ Leh បានលើកឡើងថា ការចល័តកងទ័ព បែបនេះមិនធ្លាប់មានឡើយ ជាពិសេសក្នុងតំបន់រសើបទាំងជាមួយចិន និងប៉ាគីស្ថាន។
រូបភាពថតបានតាមរយៈផ្កាយរណបរបស់អាមេរិក នៅថ្ងៃទី២១ ខែមិថុនា បានបង្ហាញពីឡាន និងជំរំនៅតាមបណ្តោយទន្លេនៅតំបន់ជ្រលងនៅតាមព្រំដែន ដែលស្ថិតនៅចម្ងាយ៤៥០០ម៉ែត្រពីកន្លែងដែលមានជម្លោះ។ ប៉ុន្តែគេមិនអាចកំណត់ថាជំរំនោះជារបស់ភាគីណាឡើយ។
សូមបញ្ជាក់ថា ចិន និងឥណ្ឌាធ្លាប់ធ្វើសង្គ្រាមតាមព្រំដែនជាមួយគ្នា នៅឆ្នាំ១៩៦២ម្តង។ ប៉ុន្តែការប៉ះទង្គិចកាលពីសប្តាហ៍កន្លងទៅ ត្រូវបានគេចាត់ទុកជាការប៉ះទង្គិចដ៏អាក្រក់បំផុត បើទោះបីជាភាគីទាំងសងខាងប្រើដំបងរុំជាមួយខ្សែលួសនិង ដែកគោល និងដុំថ្ម ក្នុងការប្រតាយប្រតបគ្នាយ៉ាងណាក្តី៕
© រក្សាសិទ្ធិដោយ thmeythmey.com