ជាតិ
ក្រុមហ៊ុនជប៉ុនចង់វិនិយោគលើការដាំបន្លែសុវត្ថិភាពនៅកម្ពុជា និងនាំចេញក្រោមស្លាក«Made in Cambodia» ជំនួបការងាររវាងក្រសួងកសិកម្ម ក្រុមហ៊ុនជប៉ុន
×
ដោយ៖ ខន ណារី
ក្រុមហ៊ុនជប៉ុន ចង់ចូលរួមចំណែកអភិវឌ្ឍន៍ ការដាំដុះបន្លែសុវត្ថិភាពនៅកម្ពុជា រួមទាំងការកែច្នៃ វេចខ្ចប់ និងនាំចេញទៅទីផ្សារអន្តរជាតិក្រោម ស្លាកសញ្ញា «Made in Cambodia» ឬ«Product of Cambodia»។ បំណងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារការងារ រវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក Nabeshima Katsuhito ស្ថាបនិក និងជានាយកក្រុមហ៊ុន Yamato Green Co., Ltd កាលពីថ្ងៃទី២៣ មិថុនា។
នៅក្នុងជំជួបនោះ លោក Nabeshima បានពិភាក្សាពីគំនិតផ្តួចផ្តើម នៃការបង្កើតអនុស្សារណ: យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍ លើអនុវិស័យដំណាំបន្លែសុវត្ថិភាពនៅកម្ពុជា»។ បើតាមស្ថាបនិក និងជានាយកក្រុមហ៊ុនខាងលើ គំនិតផ្តួចផ្តើមនេះ នឹងផ្តោតលើការដាំដុះ កែច្នៃ វេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារបរទេស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងបច្ចេកទេសក្រោយប្រមូលផល ពីប្រទេសជប៉ុន។
លោក វេង សាខុន ក្នុងកិច្ចជំនួបការងារជាមួយក្រុមហ៊ុនជប៉ុន
លោក Nabeshima គូសបញ្ជាក់ថា «កសិកម្មកម្ពុជា មានសក្តានុពលយ៉ាងធំធេង ជាពិសេសផលិតកម្មបន្លែ ប៉ុន្តែកម្ពុជាមិនទាន់បានប្រើប្រាស់សក្តានុពល និងធនធានដែលមានស្រាប់ ឱ្យអស់លទ្ធភាពនៅឡើយ តាំងពីចំណុចចាប់ផ្តើម ដាំដុះ ថែរក្សា ការពារ ប្រមូលផល សំអាត វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន។ និយាយរួម គឺការអនុវត្តបច្ចេកវិទ្យាចុងក្រោយ ទាំងអំឡុងពេលដាំដុះ និងប្រមូលផល រហូតដល់លើតុសម្រាប់អ្នកបរិភោគ»។
ការខ្វះចន្លោះទាំងអស់នេះហើយ ដែលធ្វើឲ្យផលិតផលបន្លែកម្ពុជា មិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារឱ្យបានគ្រប់គ្រាន់ ឬផ្គត់ផ្គង់បានគ្រប់រដូវ ពិសេសបន្លែធ្លាក់ថ្លៃ និងគ្មានឱកាសធ្វើប្រកួតប្រជែងកម្រិតអន្តរជាតិបាន។ នេះជាការបន្ថែមរបស់លោក Nabeshima មុននឹងបង្ហាញពីសមាភាពក្រុមហ៊ុនជប៉ុនចំនួន ៥ ក្នុងចំណោម១០ ដែលកំពុងវិនិយោគក្នុងខ្សែចង្វាក់ក្នុងវិស័យកសិកម្ម នៅកម្ពុជា។
ក្រុមហ៊ុនទាំងនោះ សុទ្ធតែបានបង្ហាញឆន្ទ:ចូលរួមចែករំលែកបទពិសោធន៍ និងបច្ចេកទេសថ្មីៗ ដើម្បីជយយដោះស្រាយចំណុចខ្វះខាត ដែលកសិករកម្ពុជាកំពុងជួបប្រទះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងទិសដៅផលិតបន្លែមានគុណភាព សុវត្ថិភាព ផ្គត់ផ្គង់តម្រូវការទីផ្សារគ្រប់គ្រាន់ពេញមួយឆ្នាំ ជាពិសេសមានសមត្ថភាពប្រជែងជាមួយទីផ្សារអន្តរជាតិ និងចុងក្រោយគឺការនាំចេញផលិតផលបន្លែកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា Made in Cambodia or Product of Cambodia។ នេះបើតាមការបញ្ជាក់របសលោក Nabeshima។
ពាក់ព័ន្ធនឹងគម្រោងនេះ លោក រដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍គាំទ្រ រាល់ចំណុចសំខាន់ៗដែល នាយកក្រុមហ៊ុន Yamato Green Co., Ltd បានលើកឡើង។ សម្រាប់លោក វេង សាខុន នេះជាចំណុចចាប់ផ្តើមប្រកប ដោយមោកភាពសម្រាប់ក្រសួង ដ៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកសិករផលិតបន្លែផ្ទាល់តែម្តង។
រូបភាព ក្រសួងកសិកម្ម
លោករដ្ឋមន្ត្រីគូសបញ្ជាក់ទៀតថា ការនាំចេញបន្លែទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាក«ផលិតផលកម្ពុជា» ក្តីស្រមៃរបស់រាជរដ្ឋាពិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក វេង សាខុន ក៏សង្ឃឹមដែរថាតាមរយៈកិច្ចសហប្រតិបត្តិការនេះ កសិករ នឹងទទួលបាននូវបច្ចេកវិទ្យាថ្មីៗ សម្រាប់អភិវឌ្ឍវិស័យផលិតកម្មបន្លែនៅកម្ពុជា នាពេលអនាគតដ៏ខ្លី។ លោក ក៏បានប្រាប់ទៅអគ្គនាយកដ្ឋានកសិកម្ម បង្កើតក្រុមការងាររៀបចំឯកសារ MOU ឱ្យបានឆាប់ ហើយមន្ទីរកសិកម្មខេត្តបាត់ដំបង និងខេត្តមណ្ឌលគិរី ត្រូវត្រៀមលក្ខណ:សម្បត្តិជាស្រេច ដើម្បីផ្តល់កិច្ចសហការពេញលេញ ជាមួយក្រុមហ៊ុនវិនិយោគ ធ្វើយ៉ាងណាឱ្យគម្រោងនេះ ដំណើរការរលូន និងទទួលបានជោគជ័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com