កីឡាករ ទូច បញ្ច​រ៉ុង ប្រកាស​ចូលនិវត្តន៍ ព្រោះ​ចង់​អភិវឌ្ឍន៍​ខ្លួន លើ​វិថី​គ្រូបង្វឹក​
កីឡាជាតិ
ជាតិ
កីឡាករ ទូច បញ្ច​រ៉ុង ប្រកាស​ចូលនិវត្តន៍ ព្រោះ​ចង់​អភិវឌ្ឍន៍​ខ្លួន លើ​វិថី​គ្រូបង្វឹក​
25, Jun 2020 , 2:24 pm        
រូបភាព
កីឡាករ ទូច បញ្ចរ៉ុង (កណ្តាល)ពេលហ្វឹកហាត់ជាមួយមិត្តរួមក្រុមបឹងកេតកាលពីពេលកន្លងទៅ, រូបពីក្លិបបឹងកេត
កីឡាករ ទូច បញ្ចរ៉ុង (កណ្តាល)ពេលហ្វឹកហាត់ជាមួយមិត្តរួមក្រុមបឹងកេតកាលពីពេលកន្លងទៅ, រូបពីក្លិបបឹងកេត
ខ្សែការពារ​របស់​បឹងកេត ទូច បញ្ច​រ៉ុង បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ​នៅ​វ័យ​៣៣​ឆ្នាំ​។ បុរស​មាន​ដើមកំណើត​មកពី​ខេត្តកោះកុង​រូបនេះ ត្រូវបាន​ក្លិប​បឹងកេត តែងតាំង​ឲ្យ​ធ្វើជា​គ្រូ​ជំនួយ​ក្រុម U18​។ លោក ហៅ សុជាតិ ចាត់ទុក​ការសម្រេចចិត្ត​របស់ បញ្ច​រ៉ុង ជា​ជំ​ហាន​មួយ​សម្រាប់​រូបគេ ដើម្បី​សម្រេច​គោលបំណង​ចង់​ក្លាយជា​គ្រូបង្វឹក​ទៅ​ថ្ងៃ​អនាគត​។

 
​ក្រោយ​ប្រឡូក​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​អស់​រយៈពេល​ជាង​១០​ឆ្នាំ ខ្សែការពារ ទូច បញ្ច​រ៉ុង នៅ​ថ្ងៃទី​២៤ មិថុនា ឆ្នាំ​២០២០ បានប្រកាស​បញ្ចប់​អាជីព​ជា​កីឡាករ​ក្នុង​វ័យ​៣៣​ឆ្នាំ​។ ការប្រកាស​ចូលនិវត្តន៍​​នេះ ព្រោះ​រូបគេ​ចង់​ផ្តល់ឱកាស​ឲ្យ​យុវជន​ជំនាន់​ក្រោយ ជាពិសេស​ដើម្បី​មាន​ពេល​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍន៍​ខ្លួន ដើម្បី​សម្រេច​គោលបំណង​ចង់​ក្លាយជា​គ្រូបង្វឹក​។  
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អតីត​កីឡាករ​មកពី​ខេត្តកោះកុង​រូបនេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​និយាយ​រួម​ទៅ​ខ្ញុំ​ចង់ទុក​កន្លែង​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ ណាមួយ​យើង​ចង់​អភិវឌ្ឍន៍​ខ្លួនឯង​ថែមទៀត​លើ​គោលបំណង​ចង់​ក្លាយជា​គ្រូ ហើយ​មួយវិញទៀត​វ័យ​យើង​ក៏​កាន់តែ​ជ្រេ​ដែរ យើង​ក៏​សម្រេចចិត្ត​ចាប់​អាជីព​ជា​គ្រូ​វិញ​ម្តង​ទៅ​»​។ 
 
​លោក ហៅ សុជាតិ នាយក​បច្ចេកទេស​គ្រប់គ្រង និង​អភិវឌ្ឍន៍​យុវជន​របស់​ក្លិប​បឹងកេត​បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការសម្រេចចិត្ត​របស់លោក ទូច បញ្ច​រ៉ុង ដែល​ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ​។ ដ្បិត​អតីត​គ្រូបង្វឹក​ក្លិប​បឹងកេត​រូបនេះ​យល់ឃើញថា ការសម្រេចចិត្ត​នេះ ជា​ជំហាន​មួយ​ដ៏​ល្អ​សម្រាប់​រូបគេ​ក្នុងការ​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយជា​គ្រូបង្វឹក​។ 
 
«​ខ្ញុំ​គិតថា វា​ជា​ចំណុច​ចាប់ផ្តើម​មួយ​ដ៏​ល្អ​សម្រាប់​គាត់​ក្នុងការ​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយជា​គ្រូបង្វឹក បើ​យើង​មើល​ពី​ទម្រង់​លេង​របស់គាត់​មួយរយៈ​ចុងក្រោយ​មានការ​ធ្លាក់ចុះ​ខ្លាំង​។ ដូច្នេះ​ខ្ញុំ​យល់ថា ជម្រើស​ចង់​ក្លាយជា​គ្រូ គឺ​វា​ល្អ​សម្រាប់​គាត់​ក្នុងការ​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយជា​គ្រូបង្វឹក​ផង និង​ដើម្បី​អភិវឌ្ឍន៍​ដល់​យុវជន​ផង​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហៅ សុជាតិ​។ 
 
​ទោះបី​បច្ចុប្បន្ន​លោក ទូច បញ្ច​រ៉ុង ពុំទាន់​បាន​បំពេញ​ការសិក្សា​វគ្គ​គ្រូបង្វឹក​ក្នុង​កម្រិត​ណាមួយ​ក៏ដោយ លោក ហៅ សុជាតិ មានជំនឿថា តាមរយៈ​បទពិសោធ​ធ្លាប់​ឆ្លងកាត់​អាជីព​ជា​កីឡាករ អតីត​ខ្សែការពារ​បស់​ក្លិប​បឹងកេត​រូបនេះ នឹង​អាច​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយជា​គ្រូបង្វឹក និង​អាច​បណ្តុះបណ្តាល​យុវជន​ថ្នាល​ប្រកបដោយ​ប្រសិទ្ធភាព​។ តែ​យ៉ាងណា​លោក​អះអាងថា ទម្រាំ​ឈានដល់​ដំណាក់​កាលនោះ បញ្ច​រ៉ុង អាច​ត្រូវ​ចំណាយពេល​ជាច្រើន​ឆ្នាំ​ទៀត​។ 
 
​ក្រោយ​ប្រកាស​ចូលនិវត្តន៍​លោក ទូច បញ្ច​រ៉ុង ត្រូវបាន​ក្លិប​បឹងកេត តែងតាំង​ឲ្យ​ធ្វើជា​គ្រូ​ជំនួយ​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ ដែលមាន​លោក ឈុន សេរី​រ័ត្ន អតីត​កីឡាករ​របស់​បឹងកេត​ជា​គ្រូ​បង្គោល​។ «​ដំណាក់កាល​ដំបូង​ខ្ញុំ​ត្រឹម​ជា​គ្រូ​ជំនួយ តែ​ពេល​ទៅមុខទៀត​ចង់​ឡើង​ខ្ពស់ជាង​នេះ អាចជា​គ្រូធំ​»​។ នេះ​ជាការ​បង្ហាញ​ក្តី​រំពឹង​របស់លោក ទូច បញ្ច​រ៉ុង​។ 
 
​បញ្ច​រ៉ុង បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាករ​បាល់ទាត់​ដំបូង​ក្នុងអំឡុង​ឆ្នាំ​២០០៧ ជាមួយ​ក្លិប​ដូ​ហ្វី​ន​នៅ​ខេត្តកោះកុង​។ បន្ទាប់មក​នៅក្នុង​អំឡុង​ឆ្នាំ​២០០៩ រូបគេ​បាន​ផ្លាស់​មក​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន មុន​ផ្ទេរ​ទៅ​ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ឆ្នាំ​២០១១​។ នៅ​ចុងឆ្នាំ​២០១១ រូបគេ​បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​កេ​ត​រហូតដល់​ប្រកាស​ចូលនិវត្តន៍​នាពេល​បច្ចុប្បន្ន​។ 
 
​កូន​ទី​៣​ក្នុង​គ្រួសារ​មាន​បងប្អូន​៥​នាក់​រូបនេះ បាន​ជាប់​ជម្រើសជាតិ​កម្រិត​យុវជន U19, U23 និង​ជម្រើសជាតិ​ឈុត​ធំ​ចន្លោះ​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០១៥​។ ចាប់ពី​ឆ្នាំ​២០១៦​មក បញ្ច​រ៉ុង ពុំ​ទទួលបាន​ឱកាស​ជាប់​ជម្រើសជាតិ​នោះឡើយ​៕   
 
 

Tag:
 បាល់ទាត់​
  ទូច បញ្ច​រ៉ុង​
  ហៅ សុជាតិ​
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com