ខ្សែការពាររបស់បឹងកេត ទូច បញ្ចរ៉ុង បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករនៅវ័យ៣៣ឆ្នាំ។ បុរសមានដើមកំណើតមកពីខេត្តកោះកុងរូបនេះ ត្រូវបានក្លិបបឹងកេត តែងតាំងឲ្យធ្វើជាគ្រូជំនួយក្រុម U18។ លោក ហៅ សុជាតិ ចាត់ទុកការសម្រេចចិត្តរបស់ បញ្ចរ៉ុង ជាជំហានមួយសម្រាប់រូបគេ ដើម្បីសម្រេចគោលបំណងចង់ក្លាយជាគ្រូបង្វឹកទៅថ្ងៃអនាគត។
ក្រោយប្រឡូកក្នុងអាជីពជាកីឡាករបាល់ទាត់អស់រយៈពេលជាង១០ឆ្នាំ ខ្សែការពារ ទូច បញ្ចរ៉ុង នៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០២០ បានប្រកាសបញ្ចប់អាជីពជាកីឡាករក្នុងវ័យ៣៣ឆ្នាំ។ ការប្រកាសចូលនិវត្តន៍នេះ ព្រោះរូបគេចង់ផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយ ជាពិសេសដើម្បីមានពេលគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ខ្លួន ដើម្បីសម្រេចគោលបំណងចង់ក្លាយជាគ្រូបង្វឹក។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ អតីតកីឡាករមកពីខេត្តកោះកុងរូបនេះបានរៀបរាប់ដូច្នេះថា៖«និយាយរួមទៅខ្ញុំចង់ទុកកន្លែងឲ្យក្មេងៗជំនាន់ក្រោយ ណាមួយយើងចង់អភិវឌ្ឍន៍ខ្លួនឯងថែមទៀតលើគោលបំណងចង់ក្លាយជាគ្រូ ហើយមួយវិញទៀតវ័យយើងក៏កាន់តែជ្រេដែរ យើងក៏សម្រេចចិត្តចាប់អាជីពជាគ្រូវិញម្តងទៅ»។
លោក ហៅ សុជាតិ នាយកបច្ចេកទេសគ្រប់គ្រង និងអភិវឌ្ឍន៍យុវជនរបស់ក្លិបបឹងកេតបានបង្ហាញការគាំទ្រចំពោះការសម្រេចចិត្តរបស់លោក ទូច បញ្ចរ៉ុង ដែលប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករ។ ដ្បិតអតីតគ្រូបង្វឹកក្លិបបឹងកេតរូបនេះយល់ឃើញថា ការសម្រេចចិត្តនេះ ជាជំហានមួយដ៏ល្អសម្រាប់រូបគេក្នុងការអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាគ្រូបង្វឹក។
«ខ្ញុំគិតថា វាជាចំណុចចាប់ផ្តើមមួយដ៏ល្អសម្រាប់គាត់ក្នុងការអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាគ្រូបង្វឹក បើយើងមើលពីទម្រង់លេងរបស់គាត់មួយរយៈចុងក្រោយមានការធ្លាក់ចុះខ្លាំង។ ដូច្នេះខ្ញុំយល់ថា ជម្រើសចង់ក្លាយជាគ្រូ គឺវាល្អសម្រាប់គាត់ក្នុងការអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាគ្រូបង្វឹកផង និងដើម្បីអភិវឌ្ឍន៍ដល់យុវជនផង»។ នេះជាការលើកឡើងរបស់លោក ហៅ សុជាតិ។
ទោះបីបច្ចុប្បន្នលោក ទូច បញ្ចរ៉ុង ពុំទាន់បានបំពេញការសិក្សាវគ្គគ្រូបង្វឹកក្នុងកម្រិតណាមួយក៏ដោយ លោក ហៅ សុជាតិ មានជំនឿថា តាមរយៈបទពិសោធធ្លាប់ឆ្លងកាត់អាជីពជាកីឡាករ អតីតខ្សែការពារបស់ក្លិបបឹងកេតរូបនេះ នឹងអាចអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាគ្រូបង្វឹក និងអាចបណ្តុះបណ្តាលយុវជនថ្នាលប្រកបដោយប្រសិទ្ធភាព។ តែយ៉ាងណាលោកអះអាងថា ទម្រាំឈានដល់ដំណាក់កាលនោះ បញ្ចរ៉ុង អាចត្រូវចំណាយពេលជាច្រើនឆ្នាំទៀត។
ក្រោយប្រកាសចូលនិវត្តន៍លោក ទូច បញ្ចរ៉ុង ត្រូវបានក្លិបបឹងកេត តែងតាំងឲ្យធ្វើជាគ្រូជំនួយក្រុមយុវជនអាយុក្រោម១៨ឆ្នាំ ដែលមានលោក ឈុន សេរីរ័ត្ន អតីតកីឡាកររបស់បឹងកេតជាគ្រូបង្គោល។ «ដំណាក់កាលដំបូងខ្ញុំត្រឹមជាគ្រូជំនួយ តែពេលទៅមុខទៀតចង់ឡើងខ្ពស់ជាងនេះ អាចជាគ្រូធំ»។ នេះជាការបង្ហាញក្តីរំពឹងរបស់លោក ទូច បញ្ចរ៉ុង។
បញ្ចរ៉ុង បានចូលប្រឡូកក្នុងវិស័យកីឡាករបាល់ទាត់ដំបូងក្នុងអំឡុងឆ្នាំ២០០៧ ជាមួយក្លិបដូហ្វីននៅខេត្តកោះកុង។ បន្ទាប់មកនៅក្នុងអំឡុងឆ្នាំ២០០៩ រូបគេបានផ្លាស់មកចូលរួមជាមួយក្លិបភ្នំពេញក្រោន មុនផ្ទេរទៅក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិនៅឆ្នាំ២០១១។ នៅចុងឆ្នាំ២០១១ រូបគេបានផ្លាស់ទៅចូលរួមជាមួយក្លិបកេតរហូតដល់ប្រកាសចូលនិវត្តន៍នាពេលបច្ចុប្បន្ន។
កូនទី៣ក្នុងគ្រួសារមានបងប្អូន៥នាក់រូបនេះ បានជាប់ជម្រើសជាតិកម្រិតយុវជន U19, U23 និងជម្រើសជាតិឈុតធំចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០១៥។ ចាប់ពីឆ្នាំ២០១៦មក បញ្ចរ៉ុង ពុំទទួលបានឱកាសជាប់ជម្រើសជាតិនោះឡើយ៕