COVID-19
ជាតិ
ខ្មែរ១៥៨នាក់ទៀត នឹងចេញពីម៉ាឡេស៊ី មកដល់កម្ពុជា នៅថ្ងៃ២៦មិថុនា ពលករខ្មែរ នៅក្នុងយន្តហោះ ចាកចេញពីម៉ាឡេស៊ី មកកម្ពុជា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ (រូបពីស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី)
× និស្សិតនិងពលករខ្មែរ១៥៨នាក់ទៀត រួមទាំងជនជាតិម៉ាឡេស៊ី២នាក់ផង នឹងចាកចេញពីទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា នៅថ្ងៃស្អែក (២៦មិថុនា ២០២០)។ នេះបើតាមព័ត៌មានដែលលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស ផ្ញើឲ្យក្រុមអ្នកកាសែត ក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី២៥ ខែមិថុនា។
លោក កុយ គួង អះអាងថា អ្នកដំណើរទាំង១៦០នាក់នោះ នឹងធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បន្ទាប់ពីមានការសម្របសម្រួលពីស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី។ លោក បញ្ជាក់ថា ជើងហោះហើរនោះ នឹងចាកចេញពីទីក្រុងគូឡាឡាំពួរ នៅម៉ោង៩ព្រឹក ហើយនឹងមកដល់រាជធានីភ្នំពេញ នៅម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា។
ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី ក៏បានផ្សាយដំណឹងពីការវិលត្រឡប់របស់និស្សិតនិងពលករខ្មែរទាំងនោះដែរ នៅលើទំព័រហ្វេសប៊ុក។ ស្ថានទូតកម្ពុជា ប្រាប់ឲ្យនិស្សិតនិងពលករខ្មែរ ទាក់ទងទៅក្រុមហ៊ុនអាកាសចរណ៍ តាមរយៈ WhatsApp ដែលមានលេខ +០612 26០ 5359 ដើម្បីទិញសំបុត្រ។
កាលពីថ្ងៃទី១៦ ខែមិថុនានេះ ពលរដ្ឋខ្មែរជាង២០០នាក់នៅម៉ាឡេស៊ី ដែលភាគច្រើនជាពលករ បានមកដល់កម្ពុជាវិញ។ ក្នុងចំណោមជាង២០០នាក់នោះ មានម្នាក់ជាបុរសអាយុ២១ឆ្នាំ ផ្ទុកមេរោគកូវីដ-១៩ តែឥឡូវ បានជាសះស្បើយវិញហើយ។
កាលពីថ្ងៃទី១២ ខែមិថុនា ស្ថានទូតកម្ពុជាប្រចាំនៅឥណ្ឌូណេស៊ី បានសហការជាមួយក្រុមហ៊ុនហោះហើររបស់កម្ពុជា (Cambodia Airways) ជួយរៀបចំឲ្យនិស្សិតខ្មែរ៤៤នាក់ និងជនជាតិឥណ្ឌូណេស៊ី២នាក់ បានមកដល់កម្ពុជា។ ក្នុងនោះ មាន២នាក់ជាបុរសជនជាតិខ្មែរ ដោយម្នាក់អាយុ២២ឆ្នាំ និង ម្នាក់ទៀត អាយុ២៩ឆ្នាំ មានជំងឺកូវីដ-១៩។ ម្នាក់អាយុ២២ឆ្នាំ បានជាសះស្បើយហើយ ឯម្នាក់អាយុ២៩ កំពុងសម្រាកព្យាបាល។
កាលពីថ្ងៃទី១២ ខែមិថុនាដូចគ្នា ពលរដ្ឋខ្មែរ៦០នាក់ នៅឥណ្ឌា ក៏បានវិលត្រឡប់មកវិញដែរ ក្រោមការសម្របសម្រួលរបស់រដ្ឋាភិបាលប្រទេសទាំងពីរ។
លោក កុយ គួង ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗកន្លងមកថា ស្ថានទូតកម្ពុជានៅក្រៅប្រទេស ជួយសម្របសម្រួលនិងរកជើងហោះហើយឲ្យពលរដ្ឋខ្មែរ តែពួកគាត់ ត្រូវចំណាយខ្លួនឯង លើថ្លៃធ្វើដំណើរ។
បច្ចុប្បន្ន កម្ពុជា នៅសល់អ្នកជំងឺកូវីដ-១៩ ២នាក់ទៀត ដែលកំពុងសម្រាកព្យាបាល ដោយម្នាក់ ជាបុរសជនជាតិខ្មែរ អាយុ២៩ឆ្នាំ មកពីឥណ្ឌូណេស៊ី និងម្នាក់ ជាបុរសខ្មែរ មានសញ្ញាតិអាមេរិក មកពីអាមេរិក។ កម្ពុជា បានព្យាបាលអ្នកជំងឺកូវីដ-១៩ ១២៨នាក់ ឲ្យជាសះស្បើយវិញ៕
Tag:
COVID-19
ពលករខ្មែរនៅម៉ាឡេស៊ី
មាតុភូមិនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com