COVID-19
ជាតិ
​កូ​វីដ​-១៩ បង្ខំ​ឲ្យ​អ្នករកស៊ី​ទេសចរណ៍​នៅ​សៀមរាប ងាក​ទៅ​ប្រកប​របរ​បន្ទាប់បន្សំ​ដើម្បី​ក្រពះ​
25, Jun 2020 , 7:29 pm        
រូបភាព
ទិដ្ឋភាពស្ងប់ស្ងាត់នៅប្រាសាទអង្គរវត្ត ក្នុងអំឡុងវិបត្តិកូវីដ-១៩
ទិដ្ឋភាពស្ងប់ស្ងាត់នៅប្រាសាទអង្គរវត្ត ក្នុងអំឡុងវិបត្តិកូវីដ-១៩
​មិន​ថា​រដូវ​ភ្ញៀវ​តិច ឬ​រដូវ​ភ្ញៀវ​ច្រើន​នោះឡើយ លោក ឆែម សា​វុង តែងតែមាន​ភ្ញៀវ​ជិះ​រ៉ឺម៉ក​កង់​បី​របស់ខ្លួន​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ ប៉ុន្តែ​រយៈពេល​ជាង​៣​ខែ​ចុងក្រោយ លោក​គ្មាន​ចំណូល​ទាល់តែសោះ​ពី​របរ​ប្រចាំថ្ងៃ​របស់ខ្លួន​។ លោក សា​វុង ក៏ដូចជា​អ្នក​របរ​អាជីវកម្ម​ផ្នែក​ទេសចរណ៍​ផ្សេងទៀត​នៅ​ខេត្តសៀមរាប បន់ស្រន់​ជា​រៀងរាល់ថ្ងៃ​ឲ្យ​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (​កូ​វីដ​-១៩) រលាយ​សាបសូន្យ ដើម្បី​ឲ្យ​ស្ថានភាព​ទេសចរណ៍​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ​។​

 
​មាន​វ័យ ៣៥​ឆ្នាំ លោក ឆែម សា​វុង បាន​ប្រកប​របរ​ដឹក​ភ្ញៀវទេសចរ​តាំងពី​ឆ្នាំ​២០០១​មក​។ លោក​បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖ «​ចាប់ពី​ខែមីនា ដល់​ខែមិថុនា នេះ បាត់​ភ្ញៀវ​ឈឹង​តែម្តង​។ និយាយ​ឲ្យ​ចំ​ទៅ មិន​ដែលមាន​អីចឹង​ទេ​។ ជាទូទៅ បើ​ខែ​សម្បូរ​ភ្ញៀវ [High Season]  ជា​មធ្យម​ក៏​ខ្ញុំ​រកបាន​៨០០​ដុល្លារ​ដែរ​ក្នុង​មួយខែ ហើយ​បើ​ខែ​ភ្ញៀវ​តិច [Low Season] យ៉ាងហោចណាស់​ក៏បាន​ពី​៣០០ ទៅ​៤០០​ដុល្លារ​ដែរ​»​។​
 
​បច្ចុប្បន្ន​បុរស​ដែលមាន​កូន​២​នាក់​ក្នុងបន្ទុក​រូបនេះ ងាក​ទៅ​ចុះឈ្មោះ​ធ្វើជា​ភ្នាក់ងារ​ដឹកជញ្ជូន​ម្ហូបអាហារ​វិញ​។ របរ​បណ្តោះអាសន្ន​នេះ មិន​កាក់កប​ដូចជា​របរ​ដឹក​ភ្ញៀវទេសចរ​នោះឡើយ​។ តាំងពី​ចុះឈ្មោះ​ជា​ភ្នាក់ងារ​ដឹកជញ្ជូន​មក លោក​ទើប​ដឹក​បាន​ប្រមាណ​៧​លើក​ប៉ុណ្ណោះ​។ ទទួលបាន​ចំណូល​ស្តួចស្តើង​ពីរ​បរ​ថ្មី មិនអាច​ឲ្យ​គ្រួសារ​លោក ទប់​នឹង​ការចំណាយ​ជា​មធ្យម​៣​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​បាន​នោះទេ ហេតុនេះ​លោក អះអាងថា លោក​ត្រូវ​បង្ខំចិត្ត​ខ្ចីលុយ​គេ ដើម្បី​មក​ដោះស្រាយ​ស្ថានភាព​គ្រួសារ​មួយគ្រា​សិន​។ 
 
​លោក សា​វុង រៀបរាប់​ដូច្នេះ​៖ «​យើង​ពិបាក​ដែរ​។ យើង​ខ្ចីលុយ​ពី​គេ មក​ដោះស្រាយ​ចំណាយ​ប្រចាំថ្ងៃ​។ កាលពីមុន​ប្រពន្ធ​គេ​កាត់ដេរ គេ​បាន​ចំណូល​គ្រាន់​ដែរ តែ​ឥឡូវនេះ​ពិបាក​។ លុយ​ខ្ចី​គេ គរ គឺ​គរ​ហើយ ប៉ុន្តែ​គ្រាន់តែ​ពេល​យើង​រកលុយ​បាន យើង​បណ្តោះ​សង​គេ​វិញ​លឿន​។ យើង​មិនដឹងថា​ពេល​ស្ថានភាព​កូ​វីដ​-១៩ ធូរស្រាល​ឡើយ ហើយ​បើតាម​មើល​ក៏​៦​ខែ​អី​ទៀត​ដែរ​។ តែបើ​យូរ​ទៀត ជីវភាព​រឹតតែ​ពិបាក​»​។​
 
​រឿងរ៉ាវ​របស់លោក សា​វុង មិនមែនជា​ករណី​ដាច់ដោយឡែក​នោះឡើយ​។ អ្នក​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​ជាច្រើន​នាក់​ទៀត ក៏​សុទ្ធ​ប្រឈម​នឹង​បញ្ហា​ជីវភាព ដោយសារតែ​វិបត្តិ​កូ​វីដ​-១៩ ដូចគ្នា​ផងដែរ​។​
 
​លោក វ៉ាត អ៊ិះ ពីរ​ត្ន័ ដែលជា​អ្នកគ្រប់គ្រង​សណ្ឋាគារ​ផ្កាយ​ប្រាំមួយ​នៅ​ខេត្តសៀមរាប​ដែរនោះ ក៏​បាត់បង់​ប្រាក់ចំណូល​ប្រមាណ​២​ខែ​មកហើយ ដែរ​ពី​ការងារ​ចម្បង​របស់ខ្លួន​។  លោក ថា​សណ្ឋាគារ​លោក បាន​ផ្អាក​ដំណើរការ​ទាំងស្រុង​នៅក្នុង​ខែឧសភា ហើយ​បុគ្គលិក​ខ្លះ​បាន​ត្រឡប់​ទៅ​ស្រុកកំណើត ខ្លះ​ងាក​ទៅ​លក់​អចលនទ្រព្យ និង​ដាំ​បន្លែបង្ការ​នៅផ្ទះ​វិញ​។ ដោយឡែក លោក ពីរ​ត្ន័ ក៏បាន​ងាក​មក​លក់ដូរ​ម្ហូបអាហា​រ ដែលជា​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​វិញ ដើម្បី​ទប់ទល់​នឹង​ស្ថានភាព​បច្ចុប្បន្ន​ដែរ​។ «​រាល់ថ្ងៃ​ខ្ញុំ និង​គ្រួសារ​ងាក​មក​លក់ដូរ​ម្ហូបអាហារ នំ​បញ្ចុក​។ ចំណូល​អាច​ល្អ​គ្រាន់ ព្រោះ​យើង​គិតថា មនុស្ស​ត្រូវការ​ញ៉ាំ​រាល់ថ្ងៃ​។ អីចឹង​មានតែ​ម្អូ​ប​អាហារ​ហ្នឹង ដែល​អាច​គ្រាន់បើ​»​។ 
 
​ទោះជា​ពេលនេះ លោក​អាច​ទប់​ទល់នឹង​ការចំណាយ ក្នុង​គ្រួសារ​ដែលមាន​កូន​៣​នាក់ និង​ក្មួយ​២​នាក់​ក្នុងបន្ទុក​មែន ប៉ុន្តែ​ប្រសិនបើ​ស្ថានភាព​ស្ងាត់​ភ្ញៀវ នៅតែ​អូសបន្លាយ​យូរ​ទៀត  លោក​ក៏​ពិបាក​ដែរ​។ លោក ពីរ​ត្ន័ អះអាងថា អាច​ទប់ទល់​បាន​ត្រឹម​ខែកញ្ញា ឬ​ខែតុលា ប្រសិនបើ​នៅ​ខែ​គ្មាន​ភ្ញៀវ ទេសចរ​ដូច​បច្ចុប្បន្ន​។​
 
 
​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដំបូង​បំផុត​នៅ​ថ្ងៃទី​២៧​មករា ឆ្នាំ​២០១០ លើ​បុរស​ជនជាតិ​ចិន​វ័យ​៦០​ឆ្នាំ នៅ​ខេត្ត​ព្រះសីហនុ​។ ចំណែក​ករណី​ទី​២ គឺ​ត្រូវបាន​រកឃើញ​នៅ​ខេត្តសៀមរាប​តែម្តង គឺ​នៅ​ថ្ងៃទី​៧ ខែមីនា បុរស​ខ្មែរ​ម្នាក់ ដែល​បាន​ឆ្លង​ពី​ថៅកែ​ជា​ជនជាតិ​ជប៉ុន​។ 
 
 
​កូ​វីដ​-១៩ បាន​រីក​រាលដាល​កាន់តែ​ច្រើនឡើងៗ​នៅ​ពាសពេញ​ពិភពលោក និង​ធ្វើ​ឲ្យ​ប្រទេស​ជាច្រើន រួមទាំង​ប្រទេស​នៅ​តំបន់​អាស៊ាន​ផង ចេញ​វិធាន​រៀងខ្លួន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​ក៏​កាច​សាហាវ​នេះ​។ ចំណែក កម្ពុជា​ក៏បាន​ហាម​ជនបរទេស មកពី​ប្រទេស​អឺរ៉ុប​មួយចំនួន រយៈពេល​ជាង​១​ខែ​ចូលមក​កម្ពុជា ដើម្បី​ចៀសវាង​ការ​រា​ត​ដ្បា​ត​នៅក្នុង​ប្រទេស បន្ទាប់ពី​បាន​អ្នក​ឆ្លង​ជា​បន្តបន្ទាប់ ហើយ​ភាគច្រើន​ជា​ករណី​នាំចូល​។ ទោះជា​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​មិន​ធ្ងន់ធ្ងរ ប៉ុន្តែ​ប្រទេសជិតខាង ក៏ដូចជា​ប្រទេស​ដទៃ​ហាក់​មិន​ធូរស្រាល​។ ដូច្នេះ​ស្ថានភាព​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ក៏​នៅតែ​ស្ងប់ស្ងាត់​ដដែល​។​
 
​បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពី​អំឡុង​ខែមេសា​ថា វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​អាជីវកម្ម​ទេសចរណ៍​ទាំងឡាយ នៅ​ទូទាំងប្រទេស​ត្រូវបាន​ផ្អាក​ដំណើរការ និង​បិទ​បញ្ចប់​អាជីវកម្ម​ចំនួន​សរុប ២,៨៦៥​ទីតាំង​។ នៅ​ខេត្តសៀមរាប​វិញ ចាប់តាំងពី​ដើមឆ្នាំ​២០២០​មក មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​ចំនួន​៨ បាន​ផ្អាក​ដំណើរការ និង​បិទទ្វារ​ជា​បណ្ដោះអាសន្ន​។ 
 
​បើតាម​របាយការណ៍រ​បស់​គ្រឹះស្ថាន​អង្គរ ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០២០ ចំនួន​ភ្ញៀវទេសចរ​ចំនួន ៣៨៦,០៩៣​នាក់ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​។ ចំនួន​នេះ គឺ​ធ្លាក់ចុះ​ជាង​៦៥​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​។ ចំណែក​ចំណូល​ពី​ការលក់​សំបុត្រ​ក្នុង​រយៈពេល​៥​ខែ ឆ្នាំ​២០២០​នេះ គឺ​បានតែ​ចំនួន​១៨,០២១,៣៣៦​ដុល្លារ ពោល​ធ្លាក់ចុះ​ជាង​៦៤​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៩​។ 
 
​តាមពិតទៅ​ភ្ញៀវទេសចរ​នៅ​ខេត្តសៀមរាប បាន​ធ្លាក់ចុះ​បន្តិច​ម្តងៗ តាំងតែ​ពី​ពាក់កណ្តាល​ឆ្នាំ​២០១៩​មកម្ល៉េះ​។ របាយការណ៍ របស់​គ្រឹះស្ថាន​អង្គរ​បាន​ឲ្យ​ដឹងថា ពេញ​មួយឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរ​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ចំនួន ២,២០៥,៦៩៧​នាក់ ធ្លាក់ចុះ ១៤,៨៥​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨​។ ចំណែក​ចំណូល​ដែល​បាន​ពី​ការលក់​សំបុត្រ មាន​ចំនួន ៩៩,០៨៨,៨៩៤ ដុល្លារ​សហរដ្ឋអាមេរិក គឺ​ថយចុះ ១៥.០៥​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨​។ 
 


 
​បញ្ហា​ធ្លាក់ចុះ​ភ្ញៀវ​ជាង​កន្លះ​ឆ្នាំ មិនទាន់​ភាពប្រសើរ​ផង ស្រាប់តែ​កម្ពុជា រួមទាំង​ពិភពលោក​ទាំងមូល​ពើបប្រទះ​នឹង​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។ វិបត្តិ បាន​ថែម​បន្ទុក​រឹតតែ​ធ្ងន់​សម្រាប់​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ពលរដ្ឋ​ដែល​ពឹង​ផ្នែក​លើ​វិស័យ​ទេសចរណ៍ នៅ​ខេត្តសៀមរាប​នេះ​។ 
 
​ដ្បិតតែ​គេ​មិនដឹងថា តើ​វិបត្តិ​នេះ​នឹង​អូសបន្លាយ​ដល់ពេល​ណា ប៉ុន្តែ​ពលរដ្ឋ​ដែល​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍ ចង់​ឲ្យ​ភ្ញៀវទេសចរ​ច្រើន​ដូច​មុន​វិញ​។ 
 
​លោក ពីរ​ត្ន័ បញ្ជាក់​ដូច្នេះ​៖«​ចង់បាន​ណាស់ ចង់​ឲ្យ​ស្ថានភាព​កូ​វីដ​-១៩ ធូរស្រាល ក៏​ប៉​ន្តែ​បើ​យើង​បើកទូលាយ​ឲ្យ​ទេសចរណ៍​ចូលមក​ទូលាយ​ពេក ក៏​យើង​ភ័យខ្លាច​ដែរ ពីព្រោះថា​ជំងឺ​ហ្នឹង​ទាល់តែ​១៤​ថ្ងៃ​ទើប​អាច​ថា​មិនមាន​មេរោគ ហើយ​ករណី​មាន​ឆ្លង​ឡើ​វិញ វា​ធ្វើ​ឲ្យ​ស្ថានភាព​រឹតតែ​ពិបាក​លើស​ដើម​។ អីចឹង​បាន​យើង​ថា ក្រៗ​ចុះ កុំ​ឲ្យ​តែ​ឈឺ​។ យើង​ទទួលបាន Flight មកវិញ​ល្អ តែ​ត្រូវតែ​វិធានការ​ត្រួតពិនិត្យ និង​ការពារ​ឲ្យ​ល្អ​ដែរ​»​។  
 
​ចំណែក​លោក ឆែម សា​វុង ក្នុងនាម​ជា​អ្នក​ពឹង​ផ្នែក​ចម្បង​លើ​ចំណូល​ពី​វិស័យ​ទេសចរណ៍​នេះ ក៏​ចង់​ឲ្យ​មាន​ភ្ញៀវទេសចរ​ច្រើន​ឡើងវិញ​ដែរ​។ លោក សា​វុង បន្ត​៖«​មាន​ទេសចរ​ច្រើន មិនមែន​តែ​បាន​ប្រយោជន៍​ខ្ញុំ​ម្នាក់​ទេ ប៉ុន្តែ​ជួយ​អ្នក​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់​។ សង្ឃឹមថា​យើង​អាច​ទាក់ទាញ​ភ្ញៀវ​មក​សៀមរាប​វិញ​ក្រោយ​ចប់​កូ​វីដ​»​។ 
 
​ទោះ​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​នៃ​វិបត្តិ​-១៩ នេះ ប៉ុន្តែ​ក្រសួងទេសចរណ៍ បានស្នើ​ឲ្យ​ប្រតិ​ប​ត្ត​ករ​ទេសចរណ៍ យក​ឱកាស​នេះ​រៀបចំ​ស្តារ​គុណភាព​សេវាកម្ម​របស់ខ្លួន ដើម្បី​ត្រៀម​ជាស្រេច​ស្វាគមន៍​ទេសចរ នៅពេល​វិបត្តិ​កូ​វីដ​-១៩​បិទ​បញ្ចប់​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com