អន្តរជាតិ
ខួប​ទី​៧០​ការផ្ទុះ​សង្គ្រាម​កូរ៉េ អាមេរិក និង​កូរ៉េខាងត្បូង​បញ្ជាក់​ពី​មិត្តភាព​រឹងមាំ​
25, Jun 2020 , 8:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ាក អេស្ពើ និងសមភាគីកូរ៉េខាងត្បូង Jeong Kyeong-doo ។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ាក អេស្ពើ និងសមភាគីកូរ៉េខាងត្បូង Jeong Kyeong-doo ។ រូបភាព AFP
​កូរ៉េខាងត្បូង និង​អាមេរិក នៅ​ថ្ងៃទី​២៥ ខែកក្កដា បានបញ្ជាក់​ពី​មិត្តភាព​រឹងមាំ​ទ្វេភាគី នៅ​ចំ​ខួប​ទី​៧០​ថ្ងៃ​ការផ្ទុះ​សង្គ្រាម​កូរ៉េ ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​១៩៥០ ។ សង្គ្រាម​បី​ឆ្នាំនេះ បញ្ចប់​ទៅដោយ​ការបែងចែក​ឧបទ្វីប​កូរ៉េខាងជើង ជាមួយនឹង​ប្រព័ន្ធ​ដឹកនាំ​ផ្ទុយគ្នា​ស្រឡះ​។ ទាំង​អាមេរិក ទាំង​កូរ៉េខាងត្បូង បាន​ប្ដេជ្ញាចិត្ត​ការពារ​សន្តិសុខ​ដែល​បានមក​ទាំង​លំបាក​នេះ ហើយ​ស្នើ​ឲ្យ​កូរ៉េខាងជើង​គោរព​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​កូរ៉េខាងត្បូង​។​

 
​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​១៩៥០ កងទ័ព​កុម្មុយនីស្ត​កូរ៉េខាងជើង​ដឹកនាំ​ដោយ​លោក គីម អ៊ី​ល​ស៊ុ​ង បាន​បើក​ការ​វាយ​ចូល​កូរ៉េខាងត្បូង​ដែល​គាំទ្រ​ដោយ​អាមេរិក សំដៅ​បង្រួបបង្រួម​កូរ៉េ​ទាំងពីរ​។ សង្គ្រាម​ដ៏​បង្ហូរឈាម​នេះ បាន​ស្លាប់​មនុស្ស​រាប់លាន​នាក់​ឯណោះ​។ សង្គ្រាម​បានបញ្ចប់​ទៅ​នៅ​ឆ្នាំ​១៩៥៣ ដោយ​ការចុះ​យុទ្ធសន្តិភាព មិនមែន​សន្ធិសញ្ញា​បញ្ច​ប់​សង្គ្រាម​ឡើយ​។ ជា​លក្ខណៈ​បច្ចេកទេស កូរ៉េ​ទាំងពីរ ស្ថិតក្រោម​លក្ខខណ្ឌ​ធ្វើសង្គ្រាម​នៅឡើយ​មកទល់​សព្វថ្ងៃ​។​
 
«​នៅថ្ងៃនេះ​ក្នុង​ឆ្នាំ​១៩៥០ សម្ព័ន្ធភាព​យោធា​អាមេរិក និង​កូរ៉េខាងត្បូង បានកើត​ឡើង​ពី​ភាពចាំបាច់ ហើយ​ច្របាច់​បញ្ចូល​ដោយ​ឈាម​។​» នេះ​ជា​អត្ថន័យ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង Jeong Kyeong-doo និង​សម​ភាគី​អាមេរិក ម៉ាក អេ​ស្ពើ ។ ប្រមុខ​ការពារជាតិ​ទាំងពីរ បានបង្ហាញ​ការដឹងគុណ​ចំពោះ​ការ​ភាពក្លាហាន​លះបង់​របស់​យុទ្ធជន​ក្នុងការ​ការពារ​ប្រជាធិបតេយ្យ វិបុលភាព​នៅ​ភាគខាងត្បូង​។​
 
​បើតាម​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង យោធា​កូរ៉េខាងជើង​បាត់បង់​ជីវិត​ចំនួន​៥២​ម៉ឺន​នាក់ កូរ៉េខាងត្បូង​ខ្លួនឯង​មាន​១៣៧០០០​នាក់ និង​កងទ័ព​អាមេរិក​៣៧០០០​នាក់​។​
 
​ខួប​ទី​៧០​នៃ​ការផ្ទុះ​សង្គ្រាម​កូរ៉េ​លើក កើត​ចំពេល​ដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​តានតឹង​ខ្លាំង បន្ទាប់ពី​កូរ៉េខាងជើង​ចាប់ផ្ដើមរ​ករឿង​កូរ៉េខាងត្បូង​ជាថ្មី​។ ទីក្រុង​ព្យុងយ៉ាង បាន​កម្ទេច​អាគារ​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ គំរាម​មិន​អនុវត្តតាម​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ​២០១៨ ជាមួយ​កូរ៉េខាងត្បូង និង​បញ្ជូន​ទ័ព​ចូល​តំបន់​ព្រំដែន​ផងដែរ​។ ប៉ុន្តែ​លោក គីម ជុង​អ៊ុន ចៅប្រុស​លោក គីម អ៊ី​ល​ស៊ុ​ង ដែល​ឈ្លានពាន​កូរ៉េខាងត្បូង​កាលពី​៧០​ឆ្នាំមុន ស្រាប់តែ​ផ្អាក​ផែនការ​យោធា​ដែល​ត្រៀម​អនុវត្ត​លើ​កូរ៉េខាងត្បូង​ទៅវិញ​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​រួមគ្នា លោក អេ​ស្ពើ និង​លោក Jeong បានស្នើ​ឲ្យ​កូរ៉េខាងជើង​គោរព​តាម​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៨ ក៏ដូចជា​កិច្ចព្រមព្រៀង​នៅ​សិង្ហ​បុរី​ផងដែរ​។ នៅ​សិង្ហ​បុរី លោក គីម បាន​ឯកភាព​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​ការ​បន្ធូរ​ទណ្ឌកម្ម​ដោយ​អាមេរិក​។ ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ ហាក់​មិនមាន​លទ្ធផល​ផ្លែផ្កា​អ្វី​ឡើយ​៕
 
 

Tag:
 កូរ៉េខាងត្បូង​
  អាមេរិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com