កីឡាជាតិ
ជាតិ
បូរ៉ា​វី ធ្វើ​សញ្ញា​បេះដូង​អបអរ​គ្រាប់​បាល់ ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​ទៅ​ភរិយា និង​អ្នកគាំទ្រ
25, Jun 2020 , 10:29 pm        
រូបភាព
ឃួន ឡាបូរ៉ាវី អបអរគ្រាប់បាល់ស៊ុតបញ្ចូលទី សម្រាប់ក្រុមបិងកេតកាលពីឆ្នាំ២០១៧
ឃួន ឡាបូរ៉ាវី អបអរគ្រាប់បាល់ស៊ុតបញ្ចូលទី សម្រាប់ក្រុមបិងកេតកាលពីឆ្នាំ២០១៧
​កីឡាករ​បាល់ទាត់​នីមួយៗ​តែងតែមាន​ស្តាយ ឬ​របៀប​នៃ​ការអបអរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​ពួកគេ​រៀងៗ​ខ្លួន​។ ស្តាយ​នៃ​ការអបអរ​គ្រាប់​បាល់​ទាំងនោះ​គឺ​សុទ្ធ​តែមាន​អត្ថន័យ​ផងដែរ​។ លោក ឃួន ឡា​បូ​រ៉ាវី កាល​នៅ​ជា​កីឡាករ​បាល់ទាត់ តែង​ប្រើ​របៀប​អបអរ​គ្រាប់​បាល់​ក្រោយ​សម្រេច​ទី ដោយ​លើកដៃ​ទាំ​ពី​ដាក់​លើ​ក្បាល​ធ្វើជា​សញ្ញា​បេះដូង​។ ស​ញ្ជា​បេះដូង​នេះ បូ​រ៉ាវី​អះអាងថា​ដំបូង​ឡើយ​លោក​ធ្វើ​ដើម្បី​បញ្ជាក់​ពី​ក្តី​ស្រឡាញ់​ទៅកាន់​អតីត​សង្សារ ដែល​សព្វ​ថ្ងៃជា​ភរិយា​របស់លោក និង​អ្នកគាំទ្រ​។​


​ជាការ​បញ្ជាក់​ពី​ក្តី​ស្រឡាញ់​ទៅកាន់​មិត្តស្រី​ខ្លួន លោក ឃួន ឡា​បូ​រ៉ាវី ដែល​សព្វ​ថ្ងៃជា​មន្ត្រី​បច្ចេកទេស​ទទួលបន្ទុក​ផ្នែក​អភិវឌ្ឍន៍​យុវជន របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) និង​ជា​គ្រូ​កីឡាករ​ថ្នាល់​ចាប់ពី​ក្រោម​អាយុ​១៤​ឆ្នាំ (Academy) របស់​ក្លិប​កីឡាបាល់ទាត់​បឹងកេត បាន​ប្រើ​សញ្ញា​បេះដូង ក្រោយពេល​ស៊ុត​បញ្ចូល​ទី អំឡុងពេល​លោក​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​ដំបូងៗ​ម្លេះ​។​


 
​អ្នកស្រី ពេជ្រ សង្វា ជា​ភរិយា​របស់ បូរ៉ា​វី ហើយ​អ្នក​ទាំងពីរ​សព្វថ្ងៃ​ទទួលបាន​ចំណងដៃ​កូនប្រុស​ដ៏​ស្រស់ស្អាត​ពីរ​នាក់​ផង​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្លិប​បឹងកេត​រូបនេះ​រៀបរាប់ថា​និមិត្តសញ្ញា​បេះដូង​នេះ គឺ​លោក​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១០​ម្លេះ ពោលគឺ​នៅពេល​លោក​មិនទាន់​រៀបការ និង​នៅ​ជា​សមាជិក​ក្រុមព្រះ​ខ័​ណ្ឌ​រាជ (​បច្ចុប្បន្ន ព្រះខ័នរាជ្យ​ស្វាយរៀង​)​។​
 
«​ដំបូង​ឡើយ​សញ្ញា​បេះដូង គឺ​បង្ហាញ​ទៅ​គ្រួសារ​របស់ខ្ញុំ តាំងពី​មិនទាន់មាន​ហ្វេ​ន និង​អ្នកគាំទ្រ​ច្រើន​។ ខ្ញុំ​បាន​បង្កើត​ស្តាយ​នេះ​ឡើង​ប្រហែលជា​ឆ្នាំ​២០១០​ម្លេះ ហើយ​ខ្ញុំ​បាន​ប្រាប់​ភរិយា​ខ្ញុំ​ដែល​កាលនោះ​មិនទាន់​រៀបការ និង​នៅ​ជាស​ង្សា​នៅឡើយ​ថា ខ្ញុំ​នឹងធ្វើ​សញ្ញា​នេះ​ដើម្បី​បញ្ជាក់​ទៅ​គាត់​នៅពេល​ស៊ុត​បញ្ចូល​ទី​បានសម្រេច​»​។ នេះ​ជាការ​បញ្ជាក់​របស់ បូរ៉ា​វី​។ 


 
​អតីត​កីឡាករ​ដែលមាន​ដើមកំណើត​នៅ​ខេត្តកំពង់ចាម វ័យ​៣១​ឆ្នាំ​រូបនេះ បន្ថែមថា ក្រោយមក​សញ្ញា​បេះដូង​នេះ​កាន់​តែមាន​អត្ថន័យ​ធំ​ឡើង និង​ទូលំទូលាយ​ជាង​មុន ដ្បិតថា​កីឡាបាល់ទាត់​កាន់​តែមាន​អ្នកគាំទ្រ​ច្រើនឡើង​។ បូរ៉ា​វី​ចង់​មានន័យថា លោក​តែងតែ​អបអរ​គ្រាប់​បាល់​ដោយ​ប្រើ​ស្តាយ​នេះ មិន​ត្រឹមតែ​សម្រាប់​ភរិយា​លោក​ទេ តែ​ជាការ​បង្ហាញ​ក្តី​ស្រឡាញ់​ទៅកាន់​អ្នកគាំទ្រ ដែល​តែងតែ​មក​គាំទ្រ ជាពិសេស​នៅពេល​ក្លិប ឬ​ក្រុម​ជម្រើសជាតិ​ប្រកួត​ម្តងៗ​៕
     
 

Tag:
 ឃួន ឡា​បូ​រ៉ាវី​
  ជម្រើសជាតិ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com