ជាតិ
សុខភាព
អ្នកជំនាញ​៖ អំឡុងពេល​ពត់​តម្រង់​ធ្មេញ ពុំគួរ​បរិភោគ​ប្រភេទ​អាហារ​ផ្អែម និង​រឹង ព្រោះ​…!
26, Jun 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ជាទូទៅ​ការពត់​តម្រង់​ធ្មេញ​ត្រូវ​ប្រើ​រយៈពេល​ជាង​១៨​ខែ ឫ​អាច​ប្រើ​រយៈពេល​យូរ​ជាង​នេះ ដោយ​អាស្រ័យ​លើ​បញ្ហា​ធ្មេញ​របស់​អ្នកជំងឺ​។ បើតាម​លោក​ទន្ត​បណ្ឌិត យឹម សេដ្ឋា​វុ​ឌ្ឍ អំឡុងពេល​ពត់​តម្រង់​ធ្មេញ អ្នកជំងឺ​ត្រូវ​ថែទាំ​អនាម័យ​មាត់​ធ្មេញ​ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​នោះ​គួរ​ជៀសវាង​ប្រភេទ​អាហារ​ផ្អែម និង​រឹង​។​


​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកទស្សនា​បទ​សម្ភាស រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង ទន្ត​បណ្ឌិត យឹម សេដ្ឋា​វុ​ឌ្ឍ ឯកទេស​ពត់​តម្រង់​ធ្មេញ និង​ជា​ប្រធាន​ក្រុមគ្រូពេទ្យ​នៃ​គ្លីនិក​ធ្មេញ​អេ​វើ​ប្រាយ ដូច​ទៅ​៖ 
 
 
​ទន្ត​បណ្ឌិត​ឯកទេស​ពត់​តម្រង់​ធ្មេញ យឹម សេដ្ឋា​វុ​ឌ្ឍ បាន​ពន្យល់ថា ការបរិភោគ​ប្រភេទ​អាហារ​ផ្អែម ឬ​ស្អិត​ដូចជា សូកូឡា ធ្វើឱ្យ​ពិបាក​សម្អាត​ធ្មេញ និង បណ្ដាលឱ្យ​សឹក​ធ្មេញ​ផងដែរ​។ លោក​វេជ្ជបណ្ឌិត បាន​បន្ថែម​ដូច្នេះ​ថា​៖ «​នៅពេល​ទទួលទាន​អាហារ​ផ្អែម វា​នឹង​ប្រែប្រួល​ជាតិ​ផ្អែម ទៅជា​ជាតិ​អាស៊ីត ដូចនេះ​យើង​មិនគួរ​ដុសធ្មេញ​ភ្លាមៗ​នោះទេ ដោយ​គួរ​រង់ចាំ​រយៈពេល​៣០ ទៅ​៦០​នាទី ដើម្បី​ជៀសវាង​សឹក​ធ្មេញ​»​។ 
 
​បន្ថែម​លើ​នេះ នៅពេល​អ្នក​ពត់​ធ្មេញ​បរិភោគ​ប្រភេទ​អាហារ​រឹង វា​អាច​ប៉ះ​ឧបករណ៍​ពត់​ធ្មេញ ដែល​វា​ធ្វើឱ្យ​ឧបករណ៍​ដែល​ភ្ជាប់​នោះ​របក​ចេញពី​ធ្មេញ ។ លោក​ទន្ត​បណ្ឌិត យឹម សេដ្ឋា​វុ​ឌ្ឍ បាន​ពន្យល់​ពី​ដូច្នេះ​ថា​៖« នៅពេល​របក​ឧបករណ៍​ពត់ គឺ​គាត់​ខាត​ពេលវេលា ដោយ​ត្រូវ​មកជួប​គ្រូពេទ្យ​ដើម្បី​ភ្ជាប់​ឡើងវិញ អ្វីដែល​សំខាន់ គឺ​ខាត​ពេលវេលា​លើ​ការពត់​ធ្មេញ​របស់គាត់ ដូចជា​អ្នកជំងឺ​ខ្លះ​ធ្មេញ​គាត់​ចាប់ផ្ដើម​ត្រង់​ស្អាត​ហើយ ដល់ពេល​ត្រូវ​បិទ​ប្រឡោះ​ធ្មេញ តែ​ចៃដន្យ​គាត់​រវល់​មិនបាន​ជួប​គ្រូពេទ្យ អីចឹង​ធ្មេញ​ដែល​ត្រង់​បែរជា​វៀច ដោយ​គាត់​ត្រូវ​តម្រង់​ឡើងវិញ »​។​
 
​ប្រធាន​ក្រុមគ្រូពេទ្យ​នៃ​គ្លីនិក​ធ្មេញ​អេ​វើ​ប្រាយ​រូបនេះ បាន​បន្ថែមថា អំឡុង​ពត់​ធ្មេញ អ្នកជំងឺ ត្រូវតែ​សម្អាត​ធ្មេញ​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​។ ក្នុងករណី​អ្នកជំងឺ​មិនបាន​ថែទាំ​ធ្មេញ​ឱ្យបាន​ស្អាត​នោះទេ នឹង​អាច​បណ្ដាលឱ្យ​កើត​ជំងឺ​រលាក​អញ្ចាញ និង​ពុក​ធ្មេញ​ជាដើម​៕ 

Tag:
 ពត់​តម្រង់​ធ្មេញ​
  អនាម័យ​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com